ស្តេច​អុក​ឆ្នាំនេះ នឹង​បាន​រង្វាន់​លើស​ពី​១២​លាន ប៉ុន្តែ​ការ​ប្រកួត​អាច​តាន​តឹងជាងមុន

អ្នក​ទទួល​តំណែង​ជា​ស្តេច​អុក​ចត្រង្គ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​អង្គរ​សង្រ្កាន្ត ខេត្តសៀម​រាប នា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ខាង​មុខ​នេះ ​អាចនឹង​​ទទួល​បាន​ប្រាក់​រង្វាន់​លើស​ពី​១២​លាន ប៉ុន្តែ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​មាន​ភាពតាន​តឹង​ជាង​ឆ្នាំ​មុនៗ ខណៈ​ជើង​ខ្លាំង​ប្រចាំ​ព្រឹត្តិការណ៍​ធំៗ​កន្លង​មក បាន​មក​ដាក់​ពាក្យ​​ត្រៀម​ការ​ប្រកួត​ជម្រុះ​រួច​រាល់​អស់​ហើយ​នោះ។

oak-3លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC) បាន​ប្រកាស​ក្នុង​សន្និសីទ​​កាសែត នៅ​ទី​ស្នាក់​​ការ NOCC កាល​ពី​ម្សិល​មិញ​ថា៖​«សម្រាប់​ការ​​ប្រកួត​អុក​ចត្រង្គ​នៅ​ឆ្នាំ​២០១៦​នេះ ស្តេច​អុក(អ្នក​បាន​លេខ​១) នឹង​​ទទួល​បាន​​ប្រាក់​រង្វាន់​១២លាន​រៀល អ្នក​លេខ​២​បាន​៨​លាន​រៀល និង​អ្នក​លេខ​៣ បាន​៤​លាន​រៀល ប៉ុន្តែ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេងៗ​ទៀត យើង​នៅ​មិនទាន់​កំណត់​នោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ ​អ្នក​ចូល​រួមប្រកួត​អុក​​ទាំង​អស់​ រួម​ទាំង​ស្តេច​អុក​​នៅ​អង្គរ​សង្គ្រាន​​ឆ្នាំ​២០១៤ ​និង​២០១១៥​ ​​ស្តេចអុក​​ប្រចាំ​ទិស​ទាំង​បី ​មាន​ស្តេច​អុក​បុណ្យ​សមុទ្រ ​លើក​ទី​៣ ​នៅ​កោះ​កុង ​ឆ្នាំ​២០១៤​ ស្តេច​អុក​បុណ្យ​សមុទ្រ​នៅខេត្ត​​កំពត​ លើក​ទី​៤ ​ឆ្នាំ​២០១៥​ និង​ស្តេច​អុក​បុណ្យ​ទន្លេ​ នៅ​ខេត្តកំពង់​ចាម ឆ្នាំ​២០១៦ តម្រូវ​ឲ្យ​មក​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ជម្រុះ​នៅ​ទី​ស្នាក់​ការ NOCC ដូច​គ្នា​ទាំង​អស់ ដើម្បី​ធ្វើការ​ប្រកួតជម្រុះ​រក​ជើង​ខ្លាំង​៨​នាក់​ចុង​ក្រោយ ដែល​ត្រូវ​បន្ត​ដំណើរ​ទៅ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ស្តេច​អុក ក្នុង​ថ្ងៃ​អង្គរសង្រ្គាន្ត នា​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​ទី​១៥ ខែមេសា។

oak-4

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖​«​គិត​មក​ដល់​ពេល​នេះ​ ស្តេច​អុក​ដែល​ធ្លាប់​ឈ្នះ​​ពាន​រង្វាន់​​ផ្សេងៗ​កន្លង​មក​នោះ បាន​​មក​ដាក់​ពាក្យ ដើម្បី​ចូល​រួម​ប្រកួត​ហើយ ព្រោះ​ពួក​គេ​​ចង់​ការពារ​តំណែង​ជើងឯក ​ហើយ​ខ្លះ​ទៀត​ចង់​បាន​តំណែង​ស្តេច​អុក​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦​នេះ។ ជាមួយ​គ្នា​នោះ ​ជើង​ខ្លាំង​ថ្មីៗ​ជា​ច្រើន​រូប​ក៏​បាន​​មក​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​​ដែរ ពិសេស​គឺ​​ស្តេច​អុក​បុណ្យ​សមុទ្រ​ ឆ្នាំ​២០១៦ និង ស្តេច​អុក​បុណ្យ​ទន្លេ ​ឆ្នាំ​២០១៦ ​ដើម្បី​មក​ប្រកួត​ប្រជែង​យក​តំណែង​ស្តេច​អុក​ចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​​នេះ​ដែរ។ វត្ត​មាន​របស់​ពួក​គេ នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​កាន់​តែ​មាន​លក្ខណៈ​ពិសេស»៕

oak-2

oak-1