អង្គការ PSE រៃអង្គាស​ថវិកា​សម្រាប់​កុមារ​ក្រីក្រ​តាម​រយៈ​ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន

អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ ហៅ​កាត់​ថា ប៉េ.អេស.អឺ (PSE) នឹង​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន នៅ​ថ្ងៃ​ទី​១ និង​ទី​២ ខែ​មេសា ឆ្នាំ​២០១៦ នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ផ្តល់​ការ​សិក្សា​អប់រំ​ជំនាញ​វិជ្ជាជីវៈ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។

ថ្លែង​នៅ​ថ្ងៃ​ទី​២២ មីនា ក្នុង​សន្និសីទ​សារព័ត៌មាន នាយក​កម្មវិធី​នៃ​អង្គការ ប៉េ.អេស.អឺ (PSE) លោក ពិន សារពេជ្ញ ឲ្យ​ដឹង​ថា ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន​លើក​ទី​មួយ​នេះ នឹង​តាំង​បង្ហាញ​អាហារ​អាស៊ាន​ជាង ៧០​មុខ​ផ្សេង​គ្នា។ លោក​បន្ត​ថា ក្រៅ​ពី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី ការ​រាំ​កម្សាន្ត និង​ការ​សម្ដែង​សិល្បៈ​នៃ​ប្រទេស​អាស៊ាន​នីមួយៗ។

លោក សារពេជ្ញ បញ្ជាក់​ថា ការ​តាំង​បង្ហាញ​ម្ហូប​អាហារ​អាស៊ាន​នៅ​កម្ពុជា ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ទំនាក់ទំនង​វប្បធម៌​របស់​អាស៊ាន ដែល​មិន​ត្រឹម​តែ​មាន​ភូមិសាស្ត្រ​រួម​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​អត្តសញ្ញាណ​នៃ​ការ​បរិភោគ​រួម​គ្នា ពិសេស​នោះ​គឺ​បាយ ជា​អាហារ​គោល៖ «ខ្ញុំ​គិត​ថា ចំណុច​ដែល​អស្ចារ្យ​នៅ​ថ្ងៃ​នោះ គឺ​ការ​ដែល​យើង​មាន​ការ​លាយ​ឡំ​គ្នា​រវាង​ជាតិ​សាសន៍​នីមួយៗ។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​នោះ​យើង​មាន​អារម្មណ៍​មួយ​ថា យើង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​យើង​មាន​ជាតិ​សាសន៍​ផ្សេងៗ​គ្នា។ តែ​ដល់​ចុង​ក្រោយ​បំផុត យើង​ជា​អាស៊ាន​តែ​មួយ។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ចង់​បង្ហាញ​ទៅ​សាធារណជន ហើយ​វប្បធម៌​របស់​គាត់​នឹង​ត្រូវ​បាន​បង្ហាញ»

អង្គការ ប៉េ.អេស.អឺ (PSE) ធ្លាប់​រៀបចំ​ការ​តាំង​ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ​រយៈពេល ១០​ឆ្នាំ​មក​ហើយ តែ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ការ​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន​របស់​អង្គការ ប៉េ.អេស.អឺ (PSE)។ ក្នុង​មួយ​ឆ្នាំៗ​មាន​អ្នក​ចូលរួម​ប្រមាណ ១​ម៉ឺន​នាក់។

លោក សារពេជ្ញ រំពឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​គាំទ្រ​ការ​ពិព័រណ៍​ម្ហូប​អាហារ​នេះ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​គាំទ្រ​កម្មវិធី​អប់រំ​របស់​កុមារ​កំព្រា​នៅ​កម្ពុជា។

សំបុត្រ​ចូលរួម​មួយ​សន្លឹក​មាន​តម្លៃ ១​ម៉ឺន ២​ពាន់​រៀល ឬ ៣​ដុល្លារ ដែល​អ្នក​ចូលរួម​អាច​យក​សំបុត្រ​ប្ដូរ​យក​ភេសជ្ជៈ។ សំបុត្រ​អាច​រក​ទិញ​បាន​នៅ​ភោជនីយដ្ឋាន លូទូស​ប្លង់ (Lotus Blanc) ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់ (Total) និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។