ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​និង​សៀមរាប​អាច​ប្រឈម​នឹង​ការ​ប្ដឹង​ពី​ក្រុមហ៊ុន​ហ្គ្រីន​រ៉ាប់ប៊ឺ

អាជ្ញាធរ​ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លះ ថា​អាច​នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ឯកជន។

ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ ៣០០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ (Green Rubber) ថា​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ហើយ​ក៏​នាំ​គ្នា​ដុត​បំផ្លាញ​រោង​យាម និង​សម្ភារៈ​ខ្លះ​ទៀត​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចុះ​ស៊ើប​អង្កេត​ករណី​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ នៅ​ក្នុង​សប្ដាហ៍​នេះ។

គម្រោង​ស៊ើប​អង្កេត​ដែល​នឹង​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​រួម​គ្នា​នេះ បាន​ផ្ដួចផ្ដើម​ឡើង​បន្ទាប់​ពី​គេ​ទទួល​បាន​ព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ភូមិ​ជិត ២០​នាក់ ត្រូវ​បាន​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ក្នុង​ពេល​ដែល​អ្នក​ភូមិ​លើក​គ្នា​ទៅ​តវ៉ា។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រយង់ ស្រុក​គូលែន គឺ​លោក ចាន់ កិត្យា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មក​ពី​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប បាន​លើក​គ្នា​ទៅ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ ហើយ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នោះ​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ដែល​កាន់​កាប់​ជា​យូរ​មក​ហើយ។ ការ​តវ៉ា​នោះ បាន​កើត​ជា​អំពើ​ហិង្សា ដោយ​អ្នក​ភូមិ​នាំ​គ្នា​ដុត​បំផ្លាញ​រោង​យាម​របស់​ក្រុមហ៊ុន និង​សម្ភារៈ​ខ្លះ​ទៀត។

នាយ​ប៉ុស្តិ៍​នគរបាល​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​អ្នក​ភូមិ​ទាំង​នោះ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ថា តើ​គេ​ប្ដឹង​អ្នក​ភូមិ​ប៉ុន្មាន​នាក់​ទេ?«វា​ឆេះ​អស់​រោង​យាម​ទំហំ ៥ គុណ ៦​ម៉ែត្រ និង​ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន ១-២​ផ្ទាំង​ដែរ ហើយ​អង្ករ​ឆ្នាំង​ចាន​របស់អ្នក​យាមក្រុមហ៊ុន​ខ្លះ​ទៀត​ក៏​ឆេះ»

ចំណែក​មេ​ឃុំ​ស្រយង់ លោក ប៉ែន ឡាម មាន​ប្រសាសន៍​ថា តាម​លោក​ទទួល​ព័ត៌មាន​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា នោះ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់​មក​ពី​ភូមិ​រំចេក ភូមិ​កក់តាថង និង​ភូមិ​តាពើ ប៉ុន្តែ​ពលរដ្ឋ​ភាគ​ច្រើន​មក​ពី​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប៖ «បាទ! មាន​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​សៀមរាប និង​ព្រះវិហារ។ នៅ​ខាង​ព្រះវិហារ ឃុំ​ស្រយង់ មាន​ភូមិ​កក់តាថង ភូមិ​រំចេក»

អាជ្ញាធរ​ឃុំ​ស្រយង់ ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដំណាំ​កៅស៊ូ​ច្រើន​ពាន់​ហិកតារ ក្នុង​នោះ​ផ្ទៃដី​របស់​ក្រុមហ៊ុន​ទំហំ​ជាង ៤​ពាន់​ហិកតារ​នៅ​ក្នុង​ទឹក​ដី​ឃុំ​ស្រយង់។

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់​លើក​គ្នា​ប្រឆាំង​នឹង​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ នេះ​ម្ដង​មក​ហើយ។

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​សៀមរាប លោក នូ ពុទ្ធិ សម្ដែង​ការ​ព្រួយ​បារម្ភ​ថា អំពើ​ហិង្សា​អាច​នៅ​តែ​កើត​មាន​បន្ត​ទៀត​នៅ​តំបន់​នោះ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត​ការ​ដោះស្រាយ​លើ​បញ្ហា​ប៉ះពាល់ ឬ​ក៏​ឆ្វៀល​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។