ចិន​សន្យា​តម្កល់​មូលនិធិ​មួយ​ចំនួន​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ

ប្រទេស​ចិន​សន្យា​តម្កល់​មូលនិធិ​មួយ​ចំនួន​ធំ ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៥ ដែល​មាន​សន្ទុះ​អភិវឌ្ឍ​យឺត ឲ្យ​ដំណើរ​ការ​លឿន​ទៅ​មុខ​ព្រម​គ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពេលនេះកំពុងចូលរួមកិច្ចប្រជុំកំពូលឡានឆាង-មេគង្គ (Lancang-Mekong) ក្នុងប្រទេសចិន។ លោកសរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២៣ មីនា ឲ្យ​ដឹង​ថា ការ​សម្រេច​តម្កល់​មូលនិធិ​មួយ​ចំនួន​ធំ​របស់​ចិន ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ទាំង​៦ រួម​មានកម្ពុជា ចិន វៀតណាម ថៃ មីយ៉ានម៉ា និង​ឡាវ ប្ដេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ ដែល​មាន​ឥទ្ធិពល​លើក​កម្ពស់​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ។

លោកថា ក្នុងកិច្ច​ប្រជុំ​នេះ មេ​ដឹកនាំ​ទាំង​៦ បាន​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​គោលការណ៍​៤​ចំណុច​សំខាន់ គឺ​ការ​ថែរក្សា​សន្តិភាព ការបើក​ចំហ​ឲ្យ​មាន​ការ​ចូលរួម​ទូលំទូលាយ ការអភិវឌ្ឍ​ជាក់ស្ដែង​សម្រាប់​ផល​ប្រយោជន៍​ប្រជាជន និងការ​លើក​កម្ពស់​ភាព​បើក​ចំហ និង​ស្វាគមន៍​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ លោក ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​ប្រទេស​ចិន​ដែល​យក​ចិត្ត​ទុក ដាក់​គាំទ្រ​រហូត​មាន​កិច្ច​ប្រជុំ​កំពូល​នេះ​ឡើង ព្រមទាំង​​សន្យា​ផ្ដល់​មូលនិធិ​អភិវឌ្ឍន៍ រាប់​រយ​លាន​ដុល្លារ​ទៀត និង​បានបើក​ទំនប់ទឹក​ចូល​ទៅ​ទន្លេ​មេគង្គ​ក្រោម។ ​លោក ហ៊ុន សែន ក៏បានអំពាវនាវ​ដល់​ប្រទេស​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ​មេគង្គ គឺ​ប្រទេស​ថៃ មីយ៉ានម៉ា និង​ឡាវ កុំ​បិទ​បង្ខាំង​ទឹក ព្រោះ​លោកថាការ​បើក​បង្ហូរ​ទឹក​ពីរ​លើក​កន្លង​មក​របស់​ចិន កម្ពុជា និង​វៀតណាម ពុំ​បាន​ទទួល​ទឹក​ប្រើប្រាស់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។