គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​សមាជិក​សភា

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ។ ក្រុម​នេះ បាន​រៀបចំ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ មីនា។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​ត្រូវ​បាន​គេ​តែង​តាំង​ជា​អភិបាល​នៃ​ក្រុម​នេះ បញ្ជាក់​ថា ការ​ប្រជុំ​ជា​ផ្លូវ​ការ​លើក​ដំបូង​នេះ ក៏​បង្កើត​ជា​វិធានការ​ផ្ទៃ​ក្នុង​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុន ឆ័យ ឲ្យ​ដឹង​ថា វិធានការ​ផ្ទៃ​ក្នុង​នេះ​នឹង​ពង្រឹង​សិទ្ធិ​អំណាច​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត ហើយ​ក៏​នឹង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ពង្រឹង​ការ​រួបរួម​ឯកភាព​ក្នុង​ចំណោម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុន ឆ័យ អះអាង​ថា ក្រុម​ការងារ​នេះ​នឹង​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា៖ «ទាំងអស់​នេះ គឺ​ជា​ការងារ​មួយ​ដែល​យើង​នឹង​បង្ហាញ​សមាសភាព នៅ​ក្នុង​ការងារ​ដែល​បង្កើត​ឲ្យ​មាន​ការងារ​ជា​ក្រុម​គណៈកម្មការ​ជំនាញ​ចំនួន​១០។ ក្រុម​នេះ​មាន​សមត្ថភាព​ស្រាវជ្រាវ ក្នុង​ការ​យល់​ដឹង​ពី​បញ្ហា​នៅ​ក្នុង​ក្រសួង​សាមី​ដែល​មាន​សព្វថ្ងៃគាត់​មាន​សមត្ថភាព​ស្រាវជ្រាវ​គោល​នយោបាយ​ផង ហើយ​ក៏​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ផង​លើ​វិស័យ​ទាំង​នោះ»

លោក សុន ឆ័យ ដែល​ត្រូវ​បាន​គេ​តែង​តាំង​ជា​អភិបាល​នៃ​ក្រុម​នេះ អះអាង​ថា ក្រុម​របស់​លោក​នឹង​បំពេញ​ការងារ​ទៅ​តាម​ជំនាញ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ខណៈ​ក្រុម​នេះ​បង្កើត​ជា​គណៈកម្មការ​ចំនួន​១០ ស្រដៀង​ទៅ​នឹង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។