តើ​មហាសេដ្ឋី​លេខ ១៨៨ ពិភពលោក Garrett Camp មាន​ប្រវត្តិ និង បទ​ពិសោធន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​ក្នុង​ជីវិត​របស់​លោក?

លោក Garrett Camp គឺ​ជា​មហាសេដ្ឋី​សហគ្រិន​សញ្ជាតិ​កាណាដា ដោយ​លោក​ចាប់​ផ្តើម​ក្លាយ​ជា​មហាសេដ្ឋី​ និង ជា​បុគ្គល​ល្បី​ល្បាញ​តាម​រយៈ​ស្នាដៃ​ ជា​សហ​ស្ថាបនិក ក្រុមហ៊ុន StumbleUpon ដែល​ផ្គត់ផ្គង់​សេវាកម្ម​ ស្រាវជ្រាវ និង វាយ​តម្លៃ​ពិន្ទុ​ទៅ​លើ​ គេហទំព័រ រូបភាព និង វីដេអូ ជា​ដើម។ ហើយ​លោក​ក៏​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Uber ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ជួល​រថយន្ត​ ដែល​អតិថិជន​អាច​ទាក់ទង​ តាម​រយៈ​ទូរស័ព្ទ​ដៃ។ លោក​ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ផង​ដែរ។ មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​លោក​ ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ លោក​គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​លើ​ពិភពលោក ក្នុង​ចំណាត់​ថ្នាក់​លេខ ១៨៨ ពិភពលោក ជា​មួយ​ទ្រព្យ​សម្បត្តិ ៦,២ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ១៨៨ ពិភពលោក​រូប​នេះ​ មាន​ប្រវត្តិ និង បទ​ពិសោធន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​ក្នុង​ជីវិត​របស់​លោក?

 

លោក Garrett Camp កើត​នៅ​ថ្ងៃ​ទី ០៤ តុលា ឆ្នាំ ១៩៧៨ ក្នុង​ទីក្រុង Alberta ប្រទេស​ កាណាដា។ម្តាយ​របស់​លោក​គឺ​ជា​សិល្បករ​ និង ឪពុក គឺ​ជា​សេដ្ឋកិច្ចវិទូ ដោយ​ឪពុក​ម្តាយ​របស់​លោក ឈប់​ពី​ការ​ងារ​ហើយ​បើក​ការ​រក​ស៊ី​មួយ​ ការ​ការ​តុបតែង​ផ្ទះ ដែល​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក Garrett Camp ទទួល​នូវ​គំនិត​ជា​សហគ្រិន​តាំង​ពី​វ័យ​កុមារ។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ លោក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ University of Calgary ក្នុង​ជំនាញ វិស្វករ​អេឡិចត្រូនិក នៅ​ក្នុង​ឆ្នាំ ១៩៩៦។ បន្ទាប់​ពី​រៀន​បាន ពីរ ឆ្នាំ​លោក​បាន​ផ្តូរ​ទៅ​កាន់​ទីក្រុង Montreal ដើម្បី​ហាត់​ការងារ​ជាមួយ​ក្រុមហ៊ុន Nortel Network។ នៅ​ឆ្នាំ ២០០០ លោក​បាន​វិល​មក​កាន់​ក្រុង​កំណើត​វិញ​ដើម្បី​បញ្ចប់​ការ​សិក្សា​របស់​លោក ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ជំនាញ វិស្វករ កម្មវិធី។

 

នៅ​ពេល​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ លោក​បាន​ពិចារណា​ចង់​បើក​អាជីវកម្ម​រក​ស៊ី​ខ្លួន​ឯង​ ដោយ​លោក​បាន​បង្កើត​ក្រុម​មួយ​មាន​សមាជិក ៣ រូប​ជា​មិត្ត​រួម​ថ្នាក់​ស្តី​ពី​អាជីវកម្ម។ នៅ​ឆ្នាំ ២០០២ ពួក​គេ​ក៏​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា StumbleUpon ដែល​ជា​កម្មវិធី​ស្វែង​រក និង ចាត់​ចំណាត់​ថ្នាក់​គេហទំព័រ រូបភាព និង វីដេអូ ជា​លើក​ដំបូង។ ដោយ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​រង្វង់​ពេល ២ ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​វិនិយោគិន​ ក្នុង​តំបន់ Silicon Valley។

 

នៅ​ក្នុង​ឆ្នាំ ២០០៦ ក្រុមហ៊ុន StumbleUpon បាន​ប្តូរ​ទីតាំង​ទៅ​កាន់​ Silicon Valley ក្រោយ​ពី​មាន​មូលនិធិ​ឧបត្ថម្ភ​។ ស្ថាបនិក និង សហ​ស្ថាបនិក​ទាំង​អស់​បាន​លក់ StumbleUpon ទៅ​ឲ្យ​ក្រុមហ៊ុន eBay ក្នុង​ទំហំ​ទឹកប្រាក់ ៧៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៧ ហើយ​ពួក​គេ​បាន​ទិញ​ក្រុមហ៊ុន​នេះ​ត្រលប់​មក​វិញ​នៅ​ឆ្នាំ ២០០៩ ដោយ​ពេល​នេះ StumbleUpon បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​។

 

នៅ​ក្នុង​ឆ្នាំ ២០០៩ ដដែល​ លោក Garrett Camp បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ ជាមួយ​លោក Travis Kalanick មាន​ឈ្មោះ​ថា Uber ដែល​ជា​កម្មវិធី ស្វែង​រក​ជួល​ឡាន​នឹង​សេវា​ដឹកជញ្ជូន​ដែល​អ្នក​ប្រើប្រាស់​អាច​រក​បាន​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ។ Uber បាន​ទទួល​ជោគជ័យ​ខ្លាំង​បំផុត​នៅ​ក្នុង​ឆ្នាំ ២០០២ ដោយ​បាន​ពង្រីក​ខ្លួន​ទៅ​ស្ទើរ​ជុំវិញ​ពិភពលោក។ ដោយ​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​លោក Garrett Camp បាន​ប្រើប្រាស់​បទពិសោធន៍​ដែល​ខ្លួន​មាន​ ទៅ​បង្កើន​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ ឈ្មោះ​ថា Expa ក្នុង​ឆ្នាំ ២០១៣ ផ្គត់ផ្គង់​សេវាកម្ម​រៀប​ចំ​ប្រព័ន្ធ​តាម​ក្រុមហ៊ុន ដោយ​ត្រឹម​តែ​ពាក់​កណ្តាល​ឆ្នាំ ២០១៤ ប៉ុណ្ណោះ​ក្រុមហ៊ុន​ទទួល​បាន​ការ​វិនិយោគ ៥០ លាន​ដុល្លារ​ពី​វិនិយោគិន។

http://www.forbes.com/profile/garrett-camp/

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,thefamouspeople.com