ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​មុខ​ក្រសួង​យុត្តិធម៌​ឲ្យ​ពន្លឿន​ដំណោះស្រាយ

ប្រជាពលរដ្ឋ​ជាង ៥០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ២០០​គ្រួសារ​មក​ពី ៣​ស្រុក​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​លើក​បដា និង​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​ផ្អាក​សកម្មភាព​បុគ្គល​មាន​អំណាច​ម្នាក់​រំលោភ​យក​ដី ហើយ​ងាក​មក​ដោះស្រាយ​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ឲ្យ​ចប់​ជា​មុន​សិន។

ពលរដ្ឋ​ទាំង ៣​ស្រុក គឺ​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពួក​គាត់​ធ្លាប់​បាន​តវ៉ា​សុំ​អន្តរាគមន៍​ជាច្រើន​លើក​មក​ហើយ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​នេះ តែ​នៅ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ។ ចំណែក​ឯ​សង្គម​ស៊ីវិល​រិះគន់​ជា​ថ្មី​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​ឲ្យ​បាន​ចប់​នោះ​ទេ។

តំណាង​ពលរដ្ឋ​ដែល​តវ៉ា និង​ជា​អនុ​ភូមិ​អូរស្វាយ ស្រុក​ម៉ាឡៃ លោក វ៉ាន់ សឿន ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ២០០​គ្រួសារ​ដែល​តវ៉ា​នេះ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ដី​ស្រែ និង​ដី​លំនៅឋាន​តាំង​ពី​ឆ្នាំ​២០០៦ ពី​សំណាក់​អ្នក​មាន​អំណាច និង​មាន​លុយ​ម្នាក់ ដែល​គេ​ដឹង​ថា​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ គាត់​ថា ការ​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ នៅ​ពេល​នេះ ព្រោះ​ពលរដ្ឋ​ជឿជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​ស្ថាប័ន​កំពូល នឹង​មាន​សមត្ថភាព​បើក​ការ​ស៊ើប​អង្កេត និង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ៖ «សូម​ឲ្យ​ក្រសួង​យុត្តិធម៌ ជួយ​រក​យុត្តិធម៌ ហើយ​បញ្ជូន​កម្លាំង​ចុះ​មក​ស៊ើប​ពី​ការ​រស់នៅ​របស់​ពលរដ្ឋ ដើម្បី​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​រស់នៅ​ពិត​ប្រាកដ ឬ​មិន​ពិត ហើយ​រស់​ទុក្ខ​ដោយសារ​អ្នក​ណា សូម​មក​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ពលរដ្ឋ»

ខ្លឹមសារ​សរសេរ​នៅ​លើ​បដា និង​ញត្តិ​របស់​ពលរដ្ឋ​ទាំង ៣​ស្រុក ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បង្ហាញ​ថា ទំហំ​ដី​ដែល​ត្រូវ​បាន​អ្នក​មាន​អំណាច​រំលោភ​យក ក្នុង​នោះ​ក្នុង​ស្រុក​អូរជ្រៅ ប៉ះពាល់​ដី ២៦០​ហិកតារ ស្រុក​ម៉ាឡៃ ២៦៩​ហិកតារ និង​ក្នុង​ក្រុង​ប៉ោយប៉ែត ៤៣​ឡូ។

តំណាង​ពលរដ្ឋ​ដែល​តវ៉ា​ម្នាក់​ទៀត លោកស្រី ប៊ុន គឹមយាង បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​មាន​ការ​ឈូស​ឆាយ​ផល​ដំណាំ និង​ស្រែ​ចម្ការ​នៅ​លើ​ដី​នោះ​មក អ្នក​ភូមិ​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ។ ក្រៅ​ពី​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ ចុះ​ស៊ើប​អង្កេត លោកស្រី​ក៏​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​ជម្លោះ​ដី​នេះ​ផង​ដែរ៖ «ដី​ខ្ញុំ​មាន​តែ ៥​ហិកតាលោក ហេង ការីម មក​ឈូស​ឆាយ​យក​អស់​ហើយ ពួក​ខ្ញុំ​គ្មាន​សល់​អ្វី​ទៀត​ទេ ហើយ​រាល់​ថ្ងៃ​កូនៗ​ដើរ​ខ្ចាត់ខ្ចាយ​ដើស៊ី​ឈ្នួល​គេ​នៅ​ថៃ អស់ ចោល​កូន​ប្រពន្ធ​ទៅ​ថៃ គេ​បោក​មក​រក​នៅ​ខ្មែរ​មិន​មានអ្វី​រក​ទៀត។ ពួក​ខ្ញុំ​រស់នៅ​វេទនា​ណាស់ ចឹង​សុំ​សម្ដេច​ជួយ​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​ការ​ដាក់​ញត្តិ​ទាមទារ​របស់​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា។

ចំណែក​ឯ លោក ហេង ការីម ដែល​ពលរដ្ឋ​តវ៉ា​អះអាង​ថា ជា​បុគ្គល​មាន​អំណាច​ម្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​បាន​រំលោភ​យក​ដី​ពលរដ្ឋ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បាន​នៅ​ឡើយ​ដែរ។

ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​ទាំង​នេះ​នៅ​ក្រសួង​យុត្តិធម៌ មិន​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​សមត្ថកិច្ច ឬ​ត្រូវ​រារាំង​ឡើយ។ ជាង​នេះ​ទៀត តំណាង​ស្ថាប័ន​នេះ​បាន​ឲ្យ​តំណាង​អ្នក​តវ៉ា​ចូល​ជួប​ពិភាក្សា ហើយ​សន្យា​បញ្ជូន​សំណើ​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​អន្តរាគមន៍។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បាន​សម្ដែង​ការ​សោកស្ដាយ ដែល​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នេះ ហើយ​បណ្តោយ​ឲ្យ​ពលរដ្ឋ​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តែ​មាន​ឆន្ទៈ​ដោះស្រាយ កុំ​បន្ត​បណ្តោយ​ឲ្យ​ឈ្មួញ​ដែល​រំលោភ​ដីធ្លី​ពលរដ្ឋ ប្រើប្រាស់​អំណាច​មក​គ្រប​លើ​ខ្លួន៖ «ជា​ដំណោះស្រាយ​ដែល​ល្អ គឺ​យើង​ត្រូវ​ដោះស្រាយ​លើ​បញ្ហា​ដែល​មាន​ស្រាប់​នៅ​ថ្នាក់​មូលដ្ឋាន​ជា​មុន​សិន ឲ្យ​ដឹង​ថា តើ​បញ្ហា​ដីធ្លី​វា​ប៉ះពាល់​គ្រួសារ​ពលរដ្ឋ​យ៉ាង​ម៉េច​ខ្លះ? ហើយ​ដោះស្រាយ​ជូន​ពួក​គាត់ ចឹង​បាន​អាច​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​បាន»

ទោះ​បី​ជា​មាន​ការ​សន្យា​ពី​មន្ត្រី​ក្រសួង​យុត្តិធម៌ ក៏ដោយ ក៏​ក្រុម​អ្នក​តវ៉ា​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត ហើយ​ព្រួយ​បារម្ភ​ថា ការ​សន្យា​នេះ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព។ ពលរដ្ឋ​ដែល​តវ៉ា ពួក​គាត់​ក៏​គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា រួច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ហេតុ​ថា នៅ​ភ្នំពេញ​ពួក​គាត់​ពុំ​មាន​ទីកន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។