​​ប្រកាស​ដក​តំណែង​លោកនា​យក​វិទ្យា​ល័យ ហ៊ុន សែន ពាមរ​ក៍

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៣ មីនា មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​កោះ​ប្រជុំ​លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​១០០​រូប នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ដើម្បី​ប្រកាសសេចក្តី​សម្រេច​របស់​មន្ទីរ​អប់រំ​ខេត្ត ។

ពិធី​ប្រកាស​ខាងលើ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ឈុ​ន សុផល អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត បាន​ប្រកាស​ដក​លោក ហាក់ នី​ន ចេញពី​តួនាទី​ជានា​យក​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរ​អប់រំ​ខេត្ត​វិញ ។ ការ​ដក​លោកនាយក ហាក់ នី​ន ចេញពី​តួនាទី​នេះ ធ្វើ​ទៅ​តាម​សំណូមពរ​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​ក្នុង​វិទ្យាល័យ​នេះ ដែល​ប្តឹង​ចោទ​លោក ហាក់ នី​ន ថា ធ្វើការ​គ្មាន​តម្លាភាព និង​បាន​ធ្វើ​ឱ្យ​បាត់​លុយ​សាលា​អស់​រាប់​ម៉ឺន​ដុល្លារ ជា​ពិសេស​ការ​គ្រប់គ្រង​មាន​លក្ខណៈ​តឹង​រឹង​មិន​អាច​ទទួលយក​បាន ។

លោក ឈុ​ន សុផល បាន​បញ្ជាក់​ថា ដោយសារ​តែ​សាលា​មិន​អាច​គ្មាន​អ្នកដឹកនាំ និង​គ្រប់គ្រង​បាន ទើប​មន្ទីរ​សម្រេច​បង្កើត​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន​មួយ​សម្រាប់​គ្រប់គ្រង​កិច្ច​ការងារ​នៅ​ក្នុង​វិទ្យាល័យ​ពាម​រក៍​នេះ ទម្រាំ​តែ​ជ្រើសរើស​នាយក​ថ្មី​បាន ។ គណៈ​គ្រប់គ្រង​ថ្មី​នេះ​មាន លោក ឈិ​ត វ​ណ្ណី អនុប្រធាន​ការិយាល័យ​អធិការកិច្ច​មន្ទីរ​អប់រំ​ខេត្ត​ជា​ប្រធាន អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពាមរ​ក៌ ជា​អនុប្រធាន និង​លោកគ្រូ​-​អ្នកគ្រូ នៅ​វិទ្យាល័យ​ពាម​រក៍​៥​រូប​ទៀត ជា​អនុប្រធាន និង​សមាជិក ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព