ការ​អភិវឌ្ឍន៍​តំបន់​ក្រោយ​ទីប្រជុំជន​ក្រុង មិន​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះ​ទេ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ជុំវិញ​គម្រោងការ​អភិវឌ្ឍ ក្នុង​តំបន់​ជាយក្រុង​ក្រចេះ ក្នុង​សង្កាត់​អូរ​ឬ​ស្សី បាន​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​រួម​គ្នា​មួយ​ថា គម្រោងការ​អភិវឌ្ឍ​តំបន់​ខាងក្រោយ​ទីប្រជុំជន​ខេត្ត គឺ​មិន​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដូច​តាម​ការ​លើក​ឡើង​នោះ​ទេ​។ ថ្លែង​នៅ​ក្នុង​សិ​ន្និ​សិ​ទ​កាសែត​ដែល​បាន​ធ្វើ​រួម​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ក្រោម​វត្តមាន​ពី​ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​រួម​មាន លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី លោក​ប្រធាន​មន្ទីរ​សាធារណការ លោក​ប្រធាន​មន្ទីរ​ឧត្តុនិយម និង​លោក​អភិបាលក្រុង​ក្រចេះ ដោយ​លោក​ប្រធាន​អង្គភាព​ជំនាញ​ទាំងនោះ​បាន​អះអាង​ថា គំរោងការ​អភិវឌ្ឍន៍​ដែល​បាន​ចាប់ ត្រូវធ្វើ​មាន​រយៈពេល​ជាង​១​ខែ​មកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ប្លង់​គោល​ដែល​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ គឺ​មិន​មានការ​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ក្តាប់​តូច​ដូច​បាន​លើក​ឡើង​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ គឺ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​លើ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ការ​បង្កើន​ភាព​ងាយស្រួល​ដល់​ពួក​គាត់ និង​ការ​បង្កបង្កើន​ផលដំណាំ​គ្រប់​រដូវ​។ ការ​អះអាង​របស់​ប្រធាន​អង្គភាព​មន្ទីរ​ជំនាញ​នៅ​ក្នុង​ការ​ធ្វើ​ស​ន្និ​សិ​ទ​កាសែត គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពលរដ្ឋ​ចំនួន​២០​គ្រួសារ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ បាន​ធ្វើ​ពាក្យបណ្តឹង​មក​កាន់​គណៈ​អភិបាលខេត្ត​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើ​ឈ្មោះ ឈឹ​ម សំណាង ដែល បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លុប​ប្រឡាយ​ចាស់ បើក​ប្រឡាយ​ថ្មី​ដី​នៅ​តំបន់​ដី​លិច​ទឹក បាន​រង​នូវ​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ការ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​នៅ​តំបន់​នោះ គឺ​បាន បង្វែង​ផ្លូវទឹក និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​ពួក​គាត់ ព្រមទាំង​អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ជិតខាង ហើយ​ដី​ដែល​កំពុង​តែ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ជា​ដី​របស់​បុគ្គល​ដែល​មាន​អំណាច​។

តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ទាំងនេះ លោក​បណ្ឌិត កៅ ម៉ា​ឌី​ឡែ​ន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត បាន​បញ្ជាក់​ថា អ្វី​ដែល​ពល​ដ្ឋ​បាន​លើក​ឡើង​គ្រាន់តែ​ជា​ក្តី​បារម្ភ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ ព្រោះ​ផែនការអភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្ត លើ​គម្រោង​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៩ នឹង​បាន​សម្រេច​អនុវត្ត​នៅ​ឆ្នាំ​២០១៥​នេះ គឺ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​តាំងពី​ថ្នាក់​ខេត្ត​ដល់​ក្រសួង និង​បាន​សិក្សា​យ៉ាង​ច្បាស់​អំពី​ផល​ប៉ះពាល់​មុន​នឹង​ចាប់ផ្ដើម​អនុវត្ត​ចុះ​ដំណើរការ​មក​ម្ល៉េះ​។

ការ​លើក​ឡើង​ឲ្យ​ដឹង​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត នៅ​រសៀល​នេះ​ដែរ លោក យិ​ន វ​ណ្ណះ អភិបាលក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​ថា ផែនការ​របស់​អាជ្ញាធរ​បាន​រៀបចំ​អភិវឌ្ឍ​វិស័យ​ឯកជន​នៅ​តំបន់​ក្រោយ​ទីប្រជុំជន​ខេត្ត ក្នុង​សង្កាត់​អូរ​ឬ​ស្សី លើ​ផ្ទៃដី​ជាង​២០​ហិ​កតា ដោយ​មាន​រៀបចំ​ជា​ផ្សារ ផ្ទះល្វែង ចំណតរថយន្ត និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​។ លោក​អភិបាលក្រុង​នៅ​តែ​មាន​ជំហរ​ថា ការ​អភិវឌ្ឍន៍ គឺ​មិន​បាន​ប៉ះពាល​ដល់​ដី​របស់​ពលរដ្ឋ​នោះ​ទេ ពោល​គឺ​ធ្វើ​ឡើង​តែ​នៅ​លើ​ដី​កម្មសិទ្ធិឯកជន និង​ដី​កម្មសិទ្ធិ​រដ្ឋ​ចំណែកឯ​ការ​រស់នៅ​ប្រកប​របរ​កសិកម្ម​របស់​អ្នក​ភូមិ​តិចតួច​ដែល​បាន​អះអាង​ថា រង​ការ​ប៉ះពាល់ គឺ​ពួក​គាត់​នៅ​តែ​ធ្វើ​បាន​ដដែល​ដូច​តាម​ទម្លាប់​។

ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ការ​ធ្វើ​ផ្លូវ​ទំនប់​នេះ​រួច ពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម គឺ​រឹតតែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន មិន​ពិបាក​ក្នុង​រដូវ​ស្សា​ទឹក​ជន់​នោះ​ទេ​។ លោក យិ​ន វណ្ណៈ បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង និង​ចុះ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ឲ្យ​យល់​កាន់តែ​ច្បាស់ មិន​ឲ្យ​មានការ​ព្រួយបារម្ភ​ដូច​តាម​ការ​លើក​នោះ​ទេ​។ មានការ​លើក​ឡើង​ដែល​ដឹង​ស្រ​ដៀង​គ្នា​នេះ​ដែរ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត លោក ស្រេង ស្រស់ ក៏​បាន​បញ្ជាក់​ថា ក្រោយ​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ជា​ទំនប់​រួចរាល់​នៅ​លើ​ទីតាំង​អភិវឌ្ឍ គឺ​អាជ្ញាធរ​សម្រេច​ដាក់​សម្បត្តិ​នេះ​ជា​សម្បត្តិ​សាធារណៈ ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​សម្បត្តិ​រួម មិន​ប្រកាន់​ថា​ជា​ប្រយោជន៍​ឯកជន​នោះ​ទេ​។ មិនតែប៉ុណ្ណោះ ការ​ធ្វើ​ផ្លូវ​នៅ​តំបន់​នៅ​នោះ វា​ជា​ប្រយោជន៍​ដ៏​សំខាន់ គឺជា​ការ​ទប់ស្កាត់ ព្រមទាំង​ការ​បង្ការ​ទឹកជំនន់​ជន់​លិច​ចូល​ខេត្ត និង​ជន​លិច​ចូល​ក្នុងភូមិ​ទៀត​ផង​៕