ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់ ពាក់​ព​ន្ធ័​ប្រើប្រាស់​ថ្នាំ​ញៀន

រាជធានី​ភ្នំពេញ​៖ កម្លាំង​ប៉ូ​លី​ស​ខណ្ឌទួលគោក​សហ​ការណ៍​ជាមួយ​ប៉ូ​លី​ស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២​ដឹកនាំ​ផ្ទាល់​ដោយ​លោក ស៊ឹ​ម ពិសិដ្ឋ អធិការរង​ខណ្ឌទួលគោក និង​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង ខាំ សុ​ផា​រី បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​លេខ​០០២,​បន្ទប់​លេខ​១០៤,​បន្ទប់​លេខ​២០៤,​បន្ទប់​លេខ​៣០២ និង​បន្ទប់​លេខ​៣០៣ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់ ក្នុងផ្ទះ​សំណាក់ ហេង ហួរ ស្ថិត​នៅផ្ទះ​លេខ ៩​អា​ផ្លូវ​លេខ​២២១ ក្រុម​ទី​២​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លោក​ស៊ឹ​ម ពិសិដ្ឋ អធិការរង​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា​ក្រុម​យុវជន​ប្រុស​ស្រី​ទាំង​៦​នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ​សុខា វណ្ណ​ដា ហៅ ដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ  មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ទី​២-​ឈ្មោះ ស្រេង សុវណ្ណ​ដា​រ៉ា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បាក់​ខែង​លើ ផ្លូវជាតិ​លេខ​៦​អា​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ទី​៣-​ឈ្មោះ ចាន់ រ៉ូ​ហ្សា ហៅ​ហ្សា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១២​ផ្លូវ​លេខ​២១៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ទី​៤-​ឈ្មោះ រស់ វាសនា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវ​រថភ្លើង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ទី​៥-​ឈ្មោះ សឿង ភួង ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ បុគ្គលិក​ខារ៉ាអូខេ ហេង ហេង ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ៦-​ឈ្មោះ ភឿន ណា​លិ ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។

ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ឧបករណ៍​ប្រើប្រាស់ និង​ថ្នាំ​ញៀន មួយ​ចំនួន​ផង​ដែរ​។ លោក ស៊ឹ​ម ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា កាលដែល​សមត្ថកិច្ច​លោក​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ​បាន​គឺ ដោយ​មានការ​សហ​ការណ៍​ពី​បណ្តាញសម្ងាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ផ្ទះសំណាក់ ហេង ហួរ ខាងលើ​នេះ​សម្បូរ​ក្រុម​យុវវ័យ​ប្រុស​ស្រី​ចូល​មក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ទី​នេះ​ណាស់ ទើប​នៅ​ថ្ងៃនេះ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ប៉ូ​លី​ស​ខណ្ឌទួលគោក ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​ផង​នោះ ក៏​បាន​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​តែ​ម្តង​ដោយ​រក​ឃើញ​ក្រុម​យុវជន​ប្រុស​ស្រី​៦​នាក់​កំពុង​តែង​អង្គុយ​ជក់​ថ្នាំ​ញៀន​យ៉ាង​សប្បាយ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕