បង់លុយ​៣.៥០០​ដុល្លារថ្លៃរុះរើ​​អគារ តែ​ខាង​មណ្ឌល​មិន​ប្រគល់​ដី​ឱ្យ​វិញ

ខេត្តសៀមរាប​៖ ពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​មានឈ្មោះ តាំង អៀង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ  និង​ឈ្មោះ ជា មួយ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ដែល​មាន​លិខិត​កាន់កាប់​ដីធ្លី​ទំហំ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ចេញ​ដោយ​អាជ្ញាធរ​លោក ហ៊ុយ ហួ​ន ចៅសង្កាត់​គោក​ចក ចុះ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ជា​ភស្តុ​តាង​បញ្ជាក់​ពី​ប្លង់​កាំ​សិទ្ធិ​របស់​គាត់​។

ដី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ត្រូវ​បាន​អង្គភាព​មណ្ឌល​៤ រឹបអូស​យក​បន្ទាប់​ពី​ពួក​គាត់​បាន​អនុញ្ញាតិ​ឱ្យ​អង្គភាព​មួយ​នេះ កសាង​ស្នាក់​ការ​ប្រើប្រាស់​លើ​ដី​របស់​គាត់​ជា​បណ្តោះអាសន្ន​។ លិខិត​ដែល​ជាប់​នឹង​ខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ភស្តុ​តាង​នោះ ត្រូវ​បាន​បញ្ជាក់ និង​ចេញ​ដោយ​លោក ហ៊ុយ ហួ​ន ចៅសង្កាត់​គោក​ចក ចុះ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែល​អះអាង​ថា  ដី​នោះ​ជា​ដី​របស់​លោក សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ត្រូវ​បាន​ប្រគល់​ឱ្យ​លោក ដុម ហាក់ នៅ​ឆ្នាំ​២០០៧  ហើយ​លោក​បាន​ប្រគល់​ដី​មួយ​ចំណែក​នេះ​ឱ្យទៅ​ឈ្មោះ តាំង អៀង ដែល​មាន​ទំហំ​២០​ម៉ែត្រ​គុ​៣០​ម៉ែត្រ ស្មើនឹង​៦០០​ម៉ែត្រក្រឡា លើ​ទំហំ​ផ្ទៃដី​រួម​៦១២៨​ម៉ែត្រក្រឡា​។

ចំណែក​លិខិត​មួយ​ច្បាប់​ទៀត គឺជា​លិខិត​សំណើរ ចុះ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​សុំ​ទីតាំង​ដី​នោះ​មក​វិញ​។ ក្នុង​លិខិត​នោះ ភាគី​ម្ចាស់​ដី​ព្រម​ប្រគល់​លុយ​ចំនួន​៣.៥០០​ដុល្លារ ជា​តម្លៃ​សំណង​អគារ​ស្នាក់​ការ​ដែល​បាន​សាងសង់​លើ​ដី​នោះ​។ ហើយ​លុយ​ចំនួន​៣.៥០០​ដុល្លា​នោះ គឺ​លោក​វរសេនីយត្រី តាន់ ហ៊ុយ​ហួត ជា​អ្នក​ទទួល​ដោយ​មាន​ចុះហត្ថលេខា​ដោយ​លោក​វរសេនីយឯក ប្រាក់ ហឿ​ន អតីត​នាយ​មណ្ឌល​៤​។ជុំវិញ​ករណី​នេះ​ដែរ​លោក តាំង អៀង និង​ប្រពន្ធ ឈ្មោះ ជា មួយ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​ភាគី (​អង្គភាព​មណ្ឌល​) បាន​ព្រមព្រៀង​ទទួលយក​លុយ​ថ្លៃ​សំណង​រុះរើ​អគារ​ស្នាក់​ការ​ខាងលើ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ខាង​មណ្ឌល​៤ មិន​ទាន់​បាន​ប្រគល់​ដី​ឱ្យ​ពួក​គាត់​វិញ​ឡើយ រីឯ​លុយ​ថ្លៃ​សំណង​រុះរើ​អគារ​ក៏​ពួក​គេ​យក​អស់​ដែរ មិន​មាន​មន្ត្រី​យោធា​មួយ​ណា​ចេញ​មុខ​ដោះស្រាយ​ឱ្យ​ពួក​គាត់​នោះ​ឡើយ​។

ពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​បាន​រៀបរាប់​បន្ត​ថា កន្លង​មក​ពួក​គាត់​បានឮ​ដំណឹង​ថា មាន​នាយ​ឧត្តមសេនីយ៍ មាស សុភា ចេញ​មុខ​ដោះស្រាយ ប៉ុន្តែ​ដំណឹង​នេះ​ក៏​បាន​បាត់​ទៅ​វិញ​ដែរ រហូត​មក​ដល់​ពេល​នេះ​តែ​ម្ដង​។ ជុំវិញ​បញ្ហា​ខាងលើ​នេះ ឧត្តមសេនីយ៍ទោ កែវ មាស នាយ​រង​សេនាធិការ​កងទ័ពជើងគោក និង​ជា​នាយការិយាល័យ​ទី​២ បាន​ប្រាប់​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា បើសិនជា​លោក តាំង អៀង និង​ប្រពន្ធ​ឈ្មោះ គាត់ ចង់បាន​ដី​ស្នាក់​ការ​អង្គភាព​មណ្ឌល​៤ ខាងលើ សូម​ធ្វើ​លិខិតបញ្ជាក់​ពី​លោក ដុម ហាក់ ទើប​អង្គភាព​ប្រគល់​ឱ្យ​វិញ​។

ជុំវិញ​ករណី​ខាងលើ​នេះ​លោក តាន់ ហ៊ុយ ហួត មេ​ស្នាក់​ការ​សៀមរាប (​ចំណុះ​មណ្ឌល​៤) បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ករណី​នេះ​លោក​បានដឹង​ដែរ តែបើ​ចង់​ដឹង​ច្បាស់​សូម​សួរ​ទៅ​លោក​ប្រធាន​មណ្ឌល​៤​ចាស់​ទៅ ទើប​ដឹង​រឿង​ទាំងនោះ​ច្បាស់​ជាង​។ ចំណែក​លោក ប្រាក់ ហឿ​ន ប្រធាន​មណ្ឌល​៤​ចាស់ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​រង​ការិយាល័យ​ទី​២​ប្រចាំ​ទិស​ភូមិភាគ​២ បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ដី​នេះ​ពី​មុន​គឺជា​ដី​របស់​លោក ដុម ហាក់ ដែល​បានឱ្យ​ខាង​មណ្ឌល​៤​ខ្ចី យក​មក​ធ្វើ​ស្នាក់​ការ​រាល់ថ្ងៃ ហើយ​ដី​នេះ​មាន​បងប្អូន​រស់នៅ​រាល់ថ្ងៃ ពី​ខាងត្បូង​៣​គ្រួសារ និង​ពី​ខាងជើង​៣​គ្រួសារ​។

លោក​បន្ត​ថា លោក​បាន​មក​ធ្វើ​ជា​ប្រធាន​មណ្ឌល​៤​តាំងពី​អំឡុង​ឆ្នាំ​២០០៥​មក​ដល់​២០១៥ ទើប​មាន​បញ្ហា​ដោយសារ​លោក ដុម ហាក់ បាន​ប្រគល់​ដី​ទាំងនេះ​ឱ្យមក​ប្រជាពលរដ្ឋ រួច​ពួក​គាត់​ក៏​បាន​មក​បោះ​របង​តាំងពី​ជាង​១០​ឆ្នាំ​មុន​មក​ម្ល៉េះ​។ លោក​បាន​បញ្ជាក់​ទៀត​ថា លុយ​ចំនួន​៣.៥០០​ដុល្លា​នេះ លោក​មិន​បានដឹង​រឿង​ទេ ព្រោះ​លោក តាន់ ហ៊ុយ ហួត មេ​ស្នាក់​ការ​ជា​អ្នក​យក​លុយ​នោះ ហើយ​ថែម​ទាំង​បាន​យក​ឯកសារ​មក​ឱ្យ​លោក​ចុះហត្ថលេខា ប៉ុន្តែ​ករណី​ក្នុង​រឿង​នេះ​លោក​ក៏​បាន​ចូលរួម​ខុស​នឹង​គេ​ដែរ ព្រោះ​លោក​ជឿ​ទៅ​តាម​ឯកសារ​ទាំងអស់ លោក​បាន​រាយការណ៍ និង​ធ្វើ​ឯកសារ​ប្រគល់​ឱ្យ​ថ្នាក់លើ​ចាត់ចែង​អស់ហើយ ដូច្នេះ​លោក​មិន​បានដឹង​ពី​រឿង​នេះ​ទៀត​ទេ​។ លោក គុយ សុ​វ៉ា​ត ប្រធាន​មណ្ឌល​៤​ថ្មី ដែល​បាន​តែងតាំង​កាលពី​ពេល​កន្លង​ទៅ បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​៤​រសៀល​នេះ​ថា ចំពោះ​ករណី​ខាងលើ​នោះ​លោក​ក៏​បានដឹង​ដែរ ប៉ុន្តែ​រឿង​លុយ និង​ការ​ដោះ​ដូរ​ដី​ទាំង​អស់នេះ លោក​មិន​បានដឹង​អស់​ទេ ព្រោះ​នេះ​ជា​រឿង​អ្នក​មុន លោក​ត្រឹមតែ​បាន​ទទួល​ឯកសារ​ទុក​តែ​ប៉ុណ្ណោះ​៕