ដីព្រៃ​រាប់រយ​ហិកតា​នៅក្នុង​ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស​ត្រូវ​មេ​ឈ្មួញ​ឈ្មោះ ម៉ៅ វឿន អនុប្រធាន​សហគមន៍​ទេសចរណ៍ ឈូសឆាយ​រំលោភ​យកតាម​អំពើ​ចិត្ត​មិនបាន​ព្រឺរោម​ជាមួយ​អ្នកណា​ទាំងអស់

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ និង​មន្ត្រី​ល្អ​នៅក្នុង​ឃុំ​គ្រាំង​ស្គារ បានអោយដឹងថា​៖ ដីព្រៃ​ឈើ​របស់​រដ្ឋ រាប់រយ​ហិកតា​នៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​នឹង​កំពុងធ្វើការ​ឈូសឆាយ​រំលោភ​យក ពី​ឈ្មោះ ម៉ៅ វឿន ជា​អនុប្រធាន​សហគមន៍​ទេសចរណ៍ ទឹកធ្លាក់​ស្រែអំពិល​ឃុំ​គ្រាំង​ស្គារ និង​ជា​ម្ចាស់​គ្រឿងចក្រ​ដ៏​ធំ​នៅក្នុង​តំបន់​នោះ រួមទាំង​លោក សោម សុទ្ធ ជា​មេភូមិ​ក្តុល​ឃុំ​គ្រាំង​ស្គារ និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​នៅ​ពី​ក្រោយខ្នង​។​

ប្រភព​បានអោយដឹងថា​៖ ដីព្រៃ​ដែល​ត្រូវ​ពួកគេ និង​ក្រុមមន្ត្រី​ទាំងនោះ​សហការគ្នា​រំលោភ​យក មាននៅ​ចំណុច ដក់​ត្រី ភូមិ​ក្តុល ឈូសឆាយ​រួច​ប្រមាណ​ជា​៤០០​ហិកតា ដែល​ក្នុង​គម្រោង​មាន​ជាង​១០០០​ហិកតា និង​ដី​នៅ​ចំណុច​ភូមិ​ដំណាក់​អំពិល ឃុំ​គ្រាំង​ស្គារ គេ​បាន​ឈូសឆាយ​រួច ប្រមាណ​ជាង​៤០០​ហិកតា​ទៀត នៅ​ចំណុច​ភ្នំ​ថ្ម​បៀត និង​ខាងកើត​ភ្នំ​ក្បាល​ខ្លា​។​

​ក្រុមមន្ត្រី​មានអំណាច និង​ឈ្មួញ​ដី​ទាំង​នោះបាន​ប្រើ​រូបភាព​រំលោភ​យក ដោយបាន​លបលួច​ធ្វើ​របង​ព័ទ្ធជុំវិញ​រួច​ទើប​បញ្ជូន​គ្រឿងចក្រ​ចូលធ្វើការ​ឈូសឆាយ​ដីព្រៃ​តែម្តង បើ​មើលទៅ​ហាក់ដូចជា​ដី​នោះ​មានកម្ម​សិទ្ធ​ស្របច្បាប់​ត្រឹមត្រូវ​។ ក្នុងនោះ​ក៏មាន​ការរៀបចំ​ឯកសា​រ​រំលោភ​យក​ពី​អាជ្ញាធរ​ភូមិ ដោយបាន​ប្រើប្រាស់​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដើម្បី​ក្លែង​ឯកសារ​ទិញ​លក់ ទៅជា​ឯកសារ​ស្របច្បាប់​។​

​ករណី​ខាងលើនេះ លោក សោ ភា ប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល​បាន​អះអាង អោយដឹងថា ករណី​ឈ្មោះ ម៉ៅ វឿន អនុប្រធាន​សហគមន៍ ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ដែល​បាន​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ​នៅ​ចំណុច​ដក់​ត្រី ក្នុងភូមិ​ក្តុល នឹង​ចំណុច​មួយចំនួនទៀត​នោះ វា​ជា​រឿង​បុគ្គល មិនមាន​ពាក់ព័ន្ធ​នឹង​សហគមន៍​នោះឡើយ​។​

​ចំណែក លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ មីនា​នេះ​ថា​៖​ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​អភិបាលខេត្ត​កំពង់ឆ្នាំង លោក​បាន​ចាត់តាំង​ក្រុមការងារ​ចម្រុះ​របស់ ស្រុក​ទៅ​ប​ញ្ឃ​ប់​សកម្មភាព​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ខាងលើ​ជាបន្ទាន់ និង​ត្រូវ​រង់ចាំ​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ត្រឹមត្រូវ​សិន ពីព្រោះ​ដី​ខ្លះ​មិនមាន​បែងចែក​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ដល់​ប្រជាពលរដ្ឋ​ទេ ចំណែក​ដី​ដែល​បាន​វាស់វែង​រួចរាល់ គឺ​ត្រូវ​ចេញ​ប័ណ្ណ​សម្រាប់​ប្រជាពលរដ្ឋ មិនមែន​សម្រាប់​ក្រុម​ឈ្មួញ​ដី​ឡើយ​។​

​លោក​បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ឈូសឆាយ​នោះ ព្រមទាំង​បាន​ពិនិត្យ​ឯកសារ​ឃើញថា ដីព្រៃ​មួយចំនួន​មាន​ប័ណ្ណ​ត្រឹមត្រូវ តែ​ការដាក់​គ្រឿងចក្រ​ឈូសឆាយ​វិញ គឺ​ពុំបាន​សុំ​ការអនុញ្ញាត​នោះឡើយ ហើយ​គេ​បាន​ឈូសឆាយ​រំលោភ​ចូល​ដែន​ព្រៃ​រដ្ឋ​មួយចំនួន​ដែរ ដែល​ខាង​ជំនាញ​សុរិយោដី​កំពុង​ធ្វើ​របាយការណ៍​រឿងនេះ​ជូន​លោក​អភិបាលខេត្ត​ពិនិត្យ​សម្រេច​។​

​ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​បញ្ជាក់ថា​៖ បង្កើត​ក្រុមការងារ​ចម្រុះ រួម​នឹង​ជំនាញ​សុរិយោដី ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប្រសិនជា​ពិនិត្យ​ទៅ​ឃើញថា​មាន​ករណី​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ​មែន​នោះ​លោក​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​។​

ករណី​ការរំលោភ​យក​ដីព្រៃ​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ចំណុច ភ្នំ​ត្រងោល ភូមិ​ក្តុល ឃុំ​គ្រាំង​ស្គារ ចំនួន​៣០ គ្រួ​សារបាន​និយាយថា​៖ មេភូមិ​ក្តុល​ឈ្មោះ សោម សុទ្ធ បាន​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​នៅលើ​លិខិត​មួយ ដែល​ត្រូវ​បានរៀបចំ​រួចជាស្រេច ហើយ​សន្យា​ឲ្យ​លុយ​ប្រជាពលរដ្ឋ​ទាំងនោះ ២០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដោយ​គាត់​បាន​អះអាង​មុខ​ប្រជាពលរដ្ឋ​ថា នេះ​ជា​អំណោយ​របស់​ឧបត្ថម​ដល់​ជនក្រីក្រ​ពី​ថ្នាក់លើ ហើយ​គាត់​បាន​យក​ស្នាម​មេដៃ​ទាំងនោះ​យកទៅ​រៀបចំ​ធ្វើលិខិត​ទិញ​លក់​ឲ្យ​ឈ្មួញ​ម្នាក់​។​

ទាក់ទង​នឹង​រឿងនេះ នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ លោក សោម សុទ្ធ មេភូមិ​ក្តុល បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា​៖ រឿង​ខាងលើនេះ លោក​មិនបាន​ពាក់ព័ន្ធ​ក្នុងការ​ក្លែង​ឯកសារ​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ​នោះឡើយ តែ​រឿង​លុយ​អោយ​ប្រជាពលរដ្ឋ​១០០​ដុល្លា​ក្នុង​១​គ្រួសារ​គឺមាន​មែន តែ​លោក​មិនបាន​យកឈ្មោះ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មក​ប្រើ​នោះទេ ព្រោះថា​លុយ​នេះ​ជា​លុយ​ឈ្មួញ​ទិញ​ដី​ម្នាក់​អោយ​គាត់​រៀប​ដី​អោយ តែ​ត្រូវ​បរាជ័យ​ទៅវិញ​។

​ដោយឡែក លោក ម៉ៅ វឿន អនុប្រធាន​សហគមន៍ ដែល​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​បានទេ ដោយ​ទូរស័ព្ទ​លោក​បាន​តេ​ចូល​តែ​មិនមាន​អ្នក​លើក​៕ ( សហការី )

KA-23-03-2016-20 KA-23-03-2016-21 KA-23-03-2016-23 KA-23-03-2016-24 KA-23-03-2016-25