ចិន ចោទ អាមេរិក​និង​ហ្វីលីពីន ថា​កំពុង​បង្ក​ភាពស្មុគស្មាញ​លើ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​តាន​ក្នុង​ការផ្តល់​មូលដ្ឋាន​យោធា​ឲ្យ​ទ័ព​អាមេរិក​ឈរជើង​នៅ​ទឹកដី​ហ្វីលីពីន​ខណៈ​កំពុងតែ​មានការ​ប្រឈមមុខ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ស្រាប់​។ ចិន ចាត់ទុក​សកម្មភាព​នោះ​ថា​កំពុងតែ​បំផ្លាញ​សន្តិភាព​នៅក្នុង​តំបន់​។​

« អាមេរិក​-​ហ្វីលីពីន មិន​ត្រូវយក​ភាគី​ទី​បី​ណាមួយ​ជា​គោលដៅ​របស់ខ្លួន​, គំរាមកំហែង​អធិបតេយ្យ និង សន្តិសុខ​នៃ​ប្រទេស​ដទៃ ឬ បង្ក​ភាពស្មុគស្មាញ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ឡើយ​»​។ នេះ​គឺជា​ប្រតិកម្ម​របស់​ចិន​ដែល​ត្រូវ​បានលើកឡើង​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Hua Chunying ក្នុងឱកាស​សង្ខេប​ព័ត៌មាន​នៅ​ថ្ងៃទី​២២​ខែមីនា ម្សិលមិញ​។​

​ក្នុងឱកាស​ដដែល​នោះ លោកស្រី  Hua Chunying ក៏បាន​ចោទ​ជា​សំណួរ​ដែលថា អាមេរិក បាន​និង កំពុង​ជជែក​ពី​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏ប៉ុន្តែ​តើ​ការបង្កើន​ការពង្រាយ​យោធា​នៅក្នុង​តំបន់​របស់ខ្លួន​(​សមុទ្រ​ចិន​ខាងត្បូង​) អាច​សមមូល​នឹង​ការធ្វើ​យោ​ធូប​នីយកម្ម​ឬទេ​?

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១៨ ខែមីនា មន្ត្រី​អាមេរិក និង​ហ្វីលីពីន បានប្រកាស​ពី​កិច្ចព្រមព្រៀង​មួយ​រវាង​ភាគី​ទាំងពីរ​ស្តីពី​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ការដាក់​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្រោម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA)​។ វត្តមាន​កងទ័ព​អាមេរិក នឹង​ឈរជើង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្នុង​មូលដ្ឋាន​ទ័ពអាកាស Antonio Bautista, Fort Magsaysay, Basa , Lumbia, និង មូលដ្ឋាន​ទ័ពអាកាស Mactan-Benito Ebuen​។​

​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្តរាយ​ផ្សេងៗ​ទៀតផង​។​

​អ្វី​គួរកត់សម្គាល់​នៅក្នុង​មូលដ្ឋាន​យោធា​អាកា​សទាំង​ប្រាំ​នោះ Antonio Bautista គឺជា​មូលដ្ឋាន​មួយ​ដែល​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កន្លងមក​តំបន់​នោះ ក៏​ធ្លាប់មាន​ការប្រឈមមុខ​គ្នា​រវាង​ហ្វីលីពីន និង​ចិន​ផងដែរ​។ សកម្មភាព​នេះ ត្រូវបាន​គេ​មើលឃើញថា អាមេរិក​នឹង​ឆ្លៀតឱកាស​ទាំង​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ហ្វីលីពីន​ផង និង​ដើម្បី​ប្រឆាំង​សកម្មភាព​របស់​ចិន​ដែល​កំពុងតែ​ព្យាយាម​បង្កើន​អំណាច​នៅក្នុង​តំបន់​ជា​ពិ​សេ​សេ​នោះ គឺ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ប្រសិនបើ​មានការ​ប្រឈម​រវាង​ហ្វ​លី​ពី​ន​ជាមួយនឹង​ចិន អាមេរិក នឹង​អាចជួយ​ហ្វីលីពីន បាន​គ្រប់ពេលវេលា​។

​សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បាន​អូស បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ជាច្រើន​ទសវត្ស​រ៍ហើយ ដ្បិត​ភាគី​នីមួយៗ មាន​អំណះអំណាង​ផ្សេង ៗ​គ្នា​ទៅលើ​តំបន់​ទាមទារ​ដែល​ត្រួតស៊ីគ្នា ជាពិសេស​នោះ គឺ​ជាមួយនឹង​ចិន​ដែល​បានទាមទារ​ស្ទើរតែ ទាំងស្រុង​នៃ​តំបន់​ជម្លោះ​។​

​រយៈពេល​ចុងក្រោយ​នេះ អាមេរិក បាន​ចោទ​ចិន​ថា​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល និង​សព្វាវុធ​ផ្សេងៗ ខណៈ ចិន ថា​ជា​សកម្មភាព ការពារ​អធិបតេយ្យ​ខ្លួនឯង​។ បន្ថែម​ពីនេះ​ចិន ក៏បាន​ចោទ​អាមេរិក​វិញ​ថា​ជា​អ្នក​ដែល​កំពុង​បង្ក​ឲ្យ​មាន ភាព​តានតឹង​ក្នុង​តំបន់​ជម្លោះ​តាមរយៈ​ការបញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​មកកាន់​តំបន់​ជម្លោះ​ម្តង​ហើយ​ម្តងទៀត​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​