ភេរវកម្ម​នៅ​ព្រុ​ច​សែ​ល​៖ អឺរ៉ុប​មិនគួរ​មើលរំលង​រុស្ស៊ី

​ព្រឹត្តិការណ៍​វាយប្រហារ​នៅ​ទីក្រុង​ព្រុយ​សែ​ល​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣០​នាក់ កាលពី​ថ្ងៃ​អង្គារ​ទី ២២ មីនា​ម្សិលមិញ​នេះ​។ ក្រុម ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហបាន​ប្រកាស​ទទួលខុស​ត្រូវការ​វាយប្រហារ​នេះ ដោយ​ចាត់ទុក​ជាការ​សងសឹក​ការចូលរួម​របស់​បែលហ្ស៊ិក​ក្នុងការ​ប្រឆាំង​ក្រុម​ខ្លួន​។ ការវាយប្រហារ​បានធ្វើ​ឲ្យ​ប្រជាជន អឺរ៉ុប​តក់ស្លុត​ជាខ្លាំង តែ​មេដឹកនាំ​អឺរ៉ុប និង​ពិភពលោក ឯទៀត​ដូចជា អាមេរិក ប្តេជ្ញា​ថា​នឹង​ស្វែងរក​យុត្តិធម៌​និង​ដ​ង្ហើ​យ​ឲ្យ​មានការ​សាមគ្គី​គ្នា​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន ។ ប៉ុន្តែ​អឺរ៉ុប​ប្រហែលជា​មិនអាច​មើលរំលង​ការសហការ​ជាមួយ​ក្រុង​មួ​ស្គូ ដែល​កំពុង​ឆ្ការដៃឆ្ការជើង​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​និង​បញ្ចប់​វិបត្តិ​នៅ​ស៊ី​រី​ដែរ​។ 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរលើក​ម្សិលមិញ​នៅ​ព្រុ​ច​សែ​ល បានក្លាយ​ជា​ជួង​ដាស់​ស្មារតី​មេដឹកនាំ​អឺរ៉ុប ឲ្យ​ពង្រឹង​សន្តិសុខ​និង​សហការគ្នា​ដើម្បី​ប្រឆាំង​ភេរវកម្ម​។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រជាជន​អឺរ៉ុប​ភ័យខ្លាច តក់ស្លុត និង​រន្ធត់​ខ្លាំង​បំផុត​ដែរ ដ្បិតថា​មនុស្ស​ច្រើនជាង​៣០​នាក់​បាន​ស្លាប់​ខណៈដែល​ប្រជាជន​រាប់រយ​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​ការវាយប្រហារ​។ បច្ចុប្បន្ននេះ​អាជ្ញាធរ​កំពុង​ដុតដៃដុតជើង​តាម​ប្រមាញ់​ជន​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការវាយប្រហារ ក្រុម​ភេរវជន ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម​បានចេញ​មុខ​ទទួលខុសត្រូវ​និង​បញ្ជាក់ថា វា​ជាការ​សងសឹក​បែលហ្ស៊ិក​ដែល​ចូលរួម​វាយប្រហារ​កងកម្លាំង​ខ្លួន​នៅ​អ៊ីរ៉ាក់​ជាមួយ​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ផ្សេងទៀត​។​តាមពិតទៅ ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​កើតឡើង​៤​ថ្ងៃក្រោយ​អាជ្ញាធរ​បែ​ល​ហ្សិ​ក ចាប់ខ្លួន​មេខ្លោង​ក្រុម​ភេរវជន​Salah Abdeslam ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។ 

១.​គួរ​ដកខ្លួន ឬ​បន្ត​ពង្រឹង​ការសហការ​គ្នា​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​?
​ភ្លាមៗ​ក្រោយ​ការវាយប្រហារ មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​បាន​ចេញមុខ​ថ្កោលទោស​និង​ចូលរួម​រម្លែក​ទុក្ខ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​គុយបា ក៏បាន​ចេញមុខ​ភ្លាម​ថ្កោលទោស​ក្រុម​ភេរវជន ចូលរួម​សោកស្តាយ​ចំពោះ​ប្រជាជន​បែលហ្ស៊ិក និង​អំពាវនាវ​ឲ្យ​អឺរ៉ុប​និង​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​កម្ចាត់​ភេរវជន​។

​បារាំង​ដែល​ទើប​ឆ្លងកាត់​រឿង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​និង​សោកសង្រេង​នេះ ក៏បាន​បង្ហាញ​ការគាំទ្រ​និង​សាមគ្គី​ជាមួយ​ប្រជាជន​បែលហ្ស៊ិក ហើយ​បារាំង​ក៏​យល់ថា​វា​ដល់​ពេលដែល​អឺរ៉ុប​ពួតដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​រួម​ផង​។​លោក Munuel Valls នាយករដ្ឋមន្ត្រី​បារាំង​បាន​សង្កត់ធ្ងន់ថា អឺរ៉ុប​ស្ថិតក្នុង​ដំណាក់កាល​សង្គ្រាម និង​ក្លាយជា​គោលដៅ​របស់​ក្រុម​ភេ​វជន​ផង​។​

​តាមពិតទៅ គោលដៅ​របស់​ក្រុម​នេះ​ចម្បង គឺ បន្លាច​ប្រជាជន​បែលហ្ស៊ិក និង​អឺរ៉ុប​ទាំងមូល ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​ដកខ្លួន​ចេញពី​សម្ព័ន្ធ​អន្តរជាតិ ដែល​កំពុង​វាយប្រហារ​កម្ទេច​ក្រុម​ខ្លួន​ដឹកនាំ​ដោយ​អាមេរិក​។ បើសិន​ប្រទេស​ទាំងនោះ​សុខចិត្ត​ឈប់​គាំទ្រ​អាមេរិក  ពួកគេ​នឹង​បាន​សុខសន្តិភាព​។ អាច​និយាយ​ឲ្យ​ខ្លី​ថា វា​ជា​ពេល​ពេល​ពិបាក​បំផុត​សម្រាប់​បែលហ្ស៊ិក ថា​តើ​គួរ​បន្ត ឬ​គួរ​ដកខ្លួន ? ។

​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក  Charles Michel បាន​ថ្លែងប្រាប់​ប្រជាជន​ក្រោយ​ការវាយប្រហារ​ថា​៖«​យើង​បានដឹងហើយថា យើង​កំពុង​ប្រឈម​រឿង​ខ្លោចផ្សា​បំផុត​។ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ប្រឹងប្រែង​រួបរួមគ្នា និង រក្សា​ការអត់ធ្មត់​តាម​ដែល​អាច​ធ្វើបាន​»​។​

 តែបើ​តាម​សម្តី​នេះ ជំហរ​បែលហ្ស៊ិក​បច្ចុប្បន្ន​មិន​ផ្លាស់ប្តូរ​ឡើយ​។ បែលហ្ស៊ិក​ត្រូវ​បន្ត​រឹតបន្តឹង​សន្តិសុខ​ក្នុងប្រទេស​និង​ចាប់ផ្តើម​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​នៅ​អឺរ៉ុប​និង​ក្រៅ​អឺរ៉ុប​ដើម្បី​ប្រឆាំង​ភេរវកម្ម​។​

២.​អឺរ៉ុប មិនអាច​មើលរំលង​ការសហការ​ជាមួយ​រុស្ស៊ី​ដើម្បី​កម្ចាត់​ភេរវកម្ម​
​ក្រៅពី​អឺរ៉ុប និង​អាមេរិក ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ចេញ​សារ​រម្លែក​ទុក្ខ​ផ្ញើ​ទៅកាន់​ក្សត្រ​បែលហ្ស៊ិក ហ្វី​លី​ព (Philippe)  និង​ថ្កោលទោស​ការវាយប្រហារ​នៅ​បែលហ្ស៊ិក​។ ស្របពេល​ជាមួយគ្នា​នោះ មេដឹកនាំ​រុស្ស៊ី​បាន​លើកឡើងថា មានតែ​ការរួម​កម្លាំង​គ្នា​ប៉ុណ្ណោះ​ទើប​អាច​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​។ លោក ពូ​ទីន ចង់​ប្រាប់​ទៅកាន់​ប្រទេស​អឺរ៉ុប​ថា បើ​ពួកគេ​មើលរំលង​ការសហការ​ជាមួយ​រុស្ស៊ី ការដោះស្រាយ​បញ្ហា​សន្តិសុខ​នេះ​មិន​ងាយ​ធ្វើទៅ​រួច​ឡើយ​។

​កន្លងមក គេ​មិនសូវ​អើពើ​ចង់​សហការ​ជាមួយ រុស្ស៊ី​ទេ​។  ប៉ុន្តែ​ក្រោយមក ពេល​រុស្ស៊ី​ចូល​អន្តរាគមន៍​វាយប្រហារ​កម្ចាត់​ក្រុម​ភេរវជន​នៅ​ស៊ី​រី គេ​មើលឃើញថា ការសហការ​ជាមួយ​រុស្ស៊ី​ជា​រឿង​មិនគួរ​មើលរំលង​សោះ​។

​កន្លងមក​អ្នកនយោបាយ​រុស្ស៊ី​បាន​រិះគន់​អឺរ៉ុប​ដែល​ស្ទាក់ស្ទើរ​ក្នុងការ​ចាប់ដៃ​រុស្ស៊ី​ប្រឆាំង​ភេរវកម្ម ព្រោះតែ​បញ្ហា​អ៊ុយ​ក្រែ​ន និង​ដោយសារតែ​ពួកគេ​រង​សម្ពាធ​ពី​អាមេរិក​ផង​។  ហើយ​រុស្ស៊ី​ក៏​រិះគន់​សម្ព័ន្ធ​យោធា​ណា​តូ ដែល​ប្រឹង​ដំឡើង​សាច់ដុំ​គំរាម​រុស្ស៊ី តែ​បែរជា​អសមត្ថភាព​ក្នុង​ការរក្សាសន្តិសុខ​សមាជិក​ខ្លួនឯង​នៅ​អឺរ៉ុប​ទៅវិញ​។
 
​ទាក់ទិន​ការវាយប្រហារ​នៅ​បែលហ្ស៊ិក​នេះដែរ វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​នឹង​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​ជាថ្មីទៀត ព្រោះ​អ្នកប្រឆាំង​ការទទួលយក​ជនភៀសខ្លួន​មាន​លេស​ថា អសន្តិសុខ​នៅ​អឺរ៉ុប​ក៏​ដោយសារតែ​ការទទួល​ជនភៀសខ្លួន​នេះ​។ ប៉ុន្តែ​ដើម្បី​បញ្ចប់​បញ្ហា​លំហូរ​ជនភៀសខ្លួន និង​បញ្ហា​អសន្តិសុខ​បច្ចុប្បន្ន​នៅ​អឺរ៉ុប វា​ចាំបាច់​ត្រូវ​សហការ​ជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី ហើយក៏​ដូចជា​បញ្ហា​អសន្តិសុខ​នៅ​លី​ប៊ី យេ​មែន ទុយ​ណេ​ស៊ី​ជាដើម​ផង​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​