ហួសចិត្ត​នឹង​អំពើ​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ ដែល​ចេញ​លិខិត​ស៊ី​ញ៉េ​បោះត្រា​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធីហែជំនូន​ការកូន​អ្នកធំ​នៅ​វាំង​ម្នាក់​

​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​នាំ​គ្នា​សម្តែង​នូវ​ការ​ហួសចិត្ត​ផង​ និង​រិះគន់​ផង​ ចំពោះ​អំពើ​របស់​ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ដែល​បាន​ចេញ​លិខិត​ស៊ី​ញ៉េ​បោះត្រា​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​ក្នុង​ពិធីហែជំនូន​រៀប​អាពាហ៍ពិពាហ៍​កូន​អ្នកធំ​ម្នាក់​ ដែល​មាន​ឋានៈ​ជា​ទេស​រដ្ឋមន្ត្រី​នៃ​ក្រសួងព្រះបរមរាជវាំង​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដ្បិត​យក​ករណី​ឯកជន​មក​លាយឡំ​ច្របូកច្របល់​ជាមួយនឹង​ការងារ​ផ្លូវការ​របស់​រដ្ឋ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​ចេញ​លិខិត​លេខ​១២០/១៦​ អ​.​ជ​ ចុះហត្ថលេខា​បោះត្រា​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ គោរព​អញ្ជើញលោក​ យូ​ ទិ​ត្យ​វឌ្ឍនៈ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ និង​ត្រូវជា​កូនប្រុស​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ ប្រធាន​សាលាឧទ្ធរណ៍​ ចូលរួម​ក្នុង​ពិធីហែជំនូន​ការកូន​ឯកឧត្តម​ គុយ​ សុផល​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​ ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ ឋិត​នៅ​សង្កាត់​បឹង​កេងកង​ ខាងក្រោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ រាជធានី​ភ្នំពេញ​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រឿង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​កូនប្រុស​-​ស្រី​របស់​អ្នកធំ​មាន​អំណាច​ ឬ​អ្នករាជការ​ក្តី​ ប្រជាពលរដ្ឋ​តូចតាច​សាមញ្ញ​ក្តី​ អ្នកមាន​ទ្រព្យសម្បត្តិ​ អ្នក​ក្រីក្រ​ក្តី​ គឺជា​ករណី​ឯកជន​ មិនមែន​ជា​ពិធី​ផ្លូវការ​របស់​រដ្ឋ​ទេ​ ប៉ុន្តែ​បែរជា​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ចុះហត្ថលេខា​បោះត្រា​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ចេញ​លិខិត​អញ្ជើញ​ភ្ញៀវ​(​លោក​ យូ​ ទិ​ត្យ​វឌ្ឍនៈ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​)​ ឲ្យ​ចូលរួម​ពិធីហែជំនូន​ការកូន​ឯកឧត្តម​ គុយ​ សុផល​ ចាត់ទុកជា​ពិធី​ផ្លូវការ​របស់​រដ្ឋ​ទៅ​វិញ​ ដែល​មាន​ន័យ​ស្មើនឹង​ការ​ដាក់​សម្ពាធ​ ឬ​កំហិត​ទៅ​លើ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំងនោះ​ត្រូវ​តែ​មានមុខ​ចូលរួម​ ខណៈ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ក៏​បាន​បោះត្រា​រដ្ឋបាល​ចូល​ផង​ដែរ​ (Resic!)​ ។​ មិនតែប៉ុណ្ណោះ​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ភ័ន្ត​ច្រឡំ​ថា​ "​មន្ទីរ​រៀបចំ​ដែន​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ រាជធានី​ភ្នំពេញ​"​ ទៅ​ជា​ "​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ រាជធានី​ភ្នំពេញ​"​ ថែម​ទៀត​ ៕​

ហួសចិត្ត​នឹង​អំពើ​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ ដែល​ចេញ​លិខិត​ស៊ី​ញ៉េ​បោះត្រា​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធីហែជំនូន​ការកូន​អ្នកធំ​នៅ​វាំង​ម្នាក់​

Related