មេធាវី​ដែល​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ម្នាក់​ ទទួល​បាន​សិទ្ធិ​បើក​មន្ទីរ​សារការី​

​មេធាវី​ដែល​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ម្នាក់​ គឺ​លោក​ ទួត​ លុ​ច​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៣៩​ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មេធាវី​ លុ​ច​ ស៊ី​អេ​ច​ឌី​ "LUX​ CHD​ Law​ Firm"​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំងជា​សារការី​ ដើម្បី​ដឹកនាំ​មន្ទីរ​សារការី​មួយ​មានឈ្មោះ​ថា​ មន្ទីរ​សារការី​ លុ​ច​ ស៊ី​អេ​ច​ឌី​ "LUX​ CHD​ Notary​ Public"​ ដោយ​អនុក្រឹត្យ​លេខ​១៨​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ខណៈ​ក្នុង​ករណី​ចាំបាច់​ មន្ទីរ​សារការី​នេះ​អាច​ធ្វើការ​ជ្រើសរើស​សារការី​ដែល​ទទួល​បានការ​តែងតាំង​ពី​រាជរដ្ឋាភិបាល​ ឬ​បុគ្គលិក​ផ្សេង​ទៀត​សម្រាប់​ជួយ​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​បាន​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា​ នៅ​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន​ មន្ទីរ​សារការី​ លុ​ច​ ស៊ី​អេ​ច​ឌី​ ត្រូវ​តម្កល់​ប្រាក់​ចំនួន​៦០០​លាន​រៀល​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ធានា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ ។​

​មន្ទីរ​សារការី​ លុ​ច​ ស៊ី​អេ​ច​ឌី​ មាន​តួនាទី​ និង​ភារកិច្ច​ ដូច​តទៅ​ ៖

-​ទទួល​ធ្វើ​កិច្ចសន្យា​ ឬ​លិខិតគតិយុត្ត​ទាំងឡាយ​ដែល​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​ត្រូវការ​
-​ផ្តល់​ប្រឹក្សា​យោបល់​ចំពោះ​កិច្ចការ​ពាណិជ្ជកម្ម​ វិនិយោគ​ កិច្ចការ​គ្រួសារ​ និង​ការ​គ្រប់គ្រង​ចាត់ចែង​ទ្រព្យសម្បត្តិ​
-​ផ្តល់​ការ​បញ្ជាក់​សុពលភាព​ចំពោះ​ការ​បង្កើត​ ឬ​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ និង​នីតិបុគ្គល​គ្រប់​ប្រភេទ​
-​ផ្តល់​យថាភូត​ភាព​ដល់​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​ ឬ​ឯកសារ​បកប្រែ​ទាំងឡាយ​តាម​ច្បាប់​តម្រូវ​ ឬ​តាម​ការ​ស្នើ​សុំ​របស់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​
-​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ធ្វើការ​អនុវត្ត​ដោយ​បង្ខំ​នូវ​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​ដែល​ទទួល​បាន​យថាភូត​ភាព​ពី​សារការី​
-​ទទួល​បាន​បញ្ជាក់​ការ​ចម្លង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម​ នូវ​រាល់​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​នានា​តាម​ច្បាប់​តម្រូវ​ ឬ​តាម​ការ​ស្នើ​សុំ​របស់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​
-​បញ្ជាក់​ធានា​ហត្ថលេខា​ និង​កាលបរិច្ឆេទ​នៃ​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​នានា​
-​ធ្វើ​សំណើ​ចុះបញ្ជី​ ឬ​ចុះ​លេខា​ចារឹក​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​
-​ទទួល​តម្កល់​ និង​រក្សា​ទុក​ច្បាប់​ដើម​នៃ​កិច្ចសន្យា​ លិខិត​ឯកតោភាគី​ផ្សេងៗ​ មតកសាសន៍​ និង​លិខិត​ស្នាម​គ្រប់​ប្រភេទ​
-​ចេញ​ច្បាប់​ចម្លង​នៃ​លិខិតយថាភូត​
-​និង​ទទួល​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​អនុញ្ញាត​ដោយ​ច្បាប់​ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ យោង​តាម​មាត្រា​១០,​ មាត្រា​១២​ នៃ​សេចក្តីសម្រេច​លេខ​០៣៩/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ និង​មាត្រា​១២​ថ្មី​នៃ​សេចក្តីសម្រេច​លេខ​១៤១/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កែសម្រួល​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ គឺ​ក្រុមហ៊ុន​មេធាវី​ លុ​ច​ ស៊ី​អេ​ច​ឌី​ "LUX​ CHD​ Law​ Firm"​ បច្ចុប្បន្ន​ ត្រូវ​បង់ប្រាក់​កម្រៃ​ចំនួន​៤០​ម៉ឺន​រៀល​លើ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​ ដែល​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ​ គិត​ចាប់ពី​ថ្ងៃ​ចេញ​វិញ្ញាបនបត្រ​ ៕​

មេធាវី​ដែល​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ម្នាក់​ ទទួល​បាន​សិទ្ធិ​បើក​មន្ទីរ​សារការី​

Related