FBI នឹង​យក​ករណី​ភេរវកម្ម​នៅ​ប្រ៊ុយសែល​មក​អង្កេត បន្ទាប់​ពី​មាន​ជន​អាមេរិក​រង​របួស

គណៈប្រតិភូមួយក្រុម នៃការិយាល័យសហព័ន្ធ ដើម្បីការស៊ើបអង្កេត របស់អាមេរិក ដែល​ហៅ​កាត់​ថា «FBI» រួម​ជា​មួយ​នឹង​នគរបាល​ក្រុងញ៉ូយក នឹងធ្វើដំណើរមកកាន់រាជធានី ប្រ៊ុយសែល ប្រទេស​ប៊ែលហ្សិក ដើម្បី​យក​សំនុំរឿង​​ភេរវកម្ម​ពីរ​កន្លែង កាលពីព្រឹកថ្ងៃអង្គារ មក​ធ្វើការ ស៊ើបអង្កេត បន្ទាប់ពីប្រទេស​មហាអំណាច​បាន​ដឹង​ថា មាន​ជនជាតិ​អាមេរិក បាន​រងគ្រោះ ក្នុង​ការបំផ្ទុះ​គ្រាប់​បែក​ទាំងនេះដែរ។ នេះបើតាម​ការ​បញ្ជាក់ របស់អ្នកទទួលខុសត្រូវ របស់​នគរបាល​ក្រុង​ញ៉ូយក ដែលទទួលបន្ទុក​ខាងប្រឆាំង​ភេរវកម្ម លោក ចន មីល័រ (John Miller)។
FBI នឹង​យក​ករណី​ភេរវកម្ម​នៅ​ប្រ៊ុយសែល​មក​អង្កេត បន្ទាប់​ពី​មាន​ជន​អាមេរិក​រង​របួស

ទិដ្ឋភាពក្រោយការវាយប្រហារភេរវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិ នៃរាជធានីប្រ៊ុយសែល។ (រូបថតទ្វីសធើរ)

«ដោយសារមានជនរងគ្រោះ ជាជនជាតិអាមេរិក និងជាមនុស្សរបស់សហរដ្ឋអាមេរិក នៅក្នុងភេរវកម្មពីរ​កន្លែង (កាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា) នៅក្នុងប្រទេសប៊ែលហ្សិក ទើបករណីនេះ នឹងត្រូវស៊ើបអង្កេត ដោយ "FBI" ដែលមកពីកងកម្លាំង​ប្រឆាំងភេរវកម្ម របស់ក្រុងញ៉ូយក» នេះជាការថ្លែងឲ្យដឹង របស់លោក ចន មីល័រ (John Miller) នៅក្នុងសន្និសីទការសែត ក្នុងរសៀលថ្ងៃអង្គារដដែលនេះ។

លោក មីល័រ បានបន្ថែមថា គណៈប្រតិភូមួយក្រុម នឹងអាចចេញដំណើរ ទៅកាន់ប្រទេសប៊ែលហ្សិក ក្នុងយប់​ថ្ងៃ​អង្គារ​នេះ ឬនៅថ្ងៃ​ស្អែក​យ៉ាងយូរ។

អ្នកផ្សព្វផ្សាយសាសនា របស់ព្រះវិហារ ម័រមូន (Mormon - សាសនានៅអាមេរិក ដែលប្រហាក់ប្រហែល នឹង​គ្រឹស្ទ៍សាសនាដែរ) ចំនួន៤នាក់ បានរងរបួស ក្នុងនោះ៣នាក់របួសធ្ងន់ នៅក្នុងភេរវកម្មពីរកន្លែង នៅរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ដែលប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​​កាត់​​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។ បន្ថែមពីលើនេះ ទាហានមួយរូប នៃកងទ័ពអាកាស​អាមេរិក ក៏បានរងរបួសដែរ នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់ខាងលើ។

រីឯក្រសួងការបរទេសអាមេរិកវិញ បានបដិសេធ មិនធ្វើអាត្ថាធិប្បាយ ទៅលើចំនួនជនរងគ្រោះអាមេរិក នោះ​ឡើយ។ នៅតាមរដ្ឋធានី និងបណ្ដាទីក្រុងធំៗ ជាពិសេសទីក្រុង ញ៉ូយក របស់អាមេរិក ការចាត់វិធានការ ក្នុង​ការ​រឹតបន្តឹងសន្តិសុខ បានកើនឡើងយ៉ាងខ្លាំង ជាពិសេស នៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ និង​តាម​ព្រលាន​យន្ដហោះ។ លោក ចន មីល័រ បានបន្តពន្យល់ថា៖ «ចាប់ពីអំពើភេរវកម្ម បានកើតឡើង យើងបាន​ទាក់ទង​ជាប្រចាំ ជាមួយនឹងដៃគូរបស់យើង នៅត្រើយម្ខាងទៀត នៃមហាសមុទ្រអាត្លង់ទិក»។

ភេរវកម្មពីរកន្លែង ដែលបានវាយប្រហារទីមួយ ទៅលើច្រកចូលនៃព្រលានយន្ដហោះ និងការវាយប្រហារទីពីរ ទៅលើស្ថានីយ៍រថភ្លើងក្រោមដី របស់រាជធានីប្រ៊ុយសែល បានបណ្ដាលឲ្យមានជនរងគ្រោះ ច្រើនរយនាក់ ក្នុង​នោះយ់ាងហោច ៣៤នាក់បានស្លាប់ និង២៣០នាក់បានរងរបួស។

វាយប្រហារប៊ែលហ្សិក តែឈឺដល់អ៊ឺរ៉ុបទាំងមូល...

ការវាយប្រហារ ដែលប្រកាសទទួលស្គាល់ ដោយក្រុមភេរវនិយម «រដ្ឋអ៊ីស្លាម» ត្រូវបានថ្កោលទោស ពីគ្រប់​ទិសទី នៅក្នុងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។ រដ្ឋមន្ត្រី​ដែល​ទទួលបន្ទុក​ការងារអ៊ឺរ៉ុប នៃប្រទេសជាសមាជិកទាំងនេះ អាចនឹងធ្វើការជួបប្រជុំគ្នា នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍​ខាង​មុខ ដើម្បីជជែក​ពីការវាយប្រហារខាងលើ និងផ្ដល់ការគាំទ្រ ទៅឲ្យប្រទេសប៊ែលហ្សិក។ នេះបើតាម​ការ​អះអាង របស់រដ្ឋមន្ត្រីសន្តិសុខជាតិ របស់ប្រទេសហូឡង់ ដែលបានថ្លែងឡើង ក្នុងនាមប្រទេសហូឡង់ ជា​ប្រធាន​ប្ដូរ​វេន របស់សហគមន៍អ៊ឺរ៉ុប នៅថ្ងៃអង្គារនេះ៕