ជន​សង្ស័យ​ម្នាក់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​នៅ​ប្រ៊ុចសែល​ត្រូវ​បាន​ចាប់​ខ្លួន

ជន​សង្ស័យ​ម្នាក់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​នៅ​ប្រ៊ុចសែល​ត្រូវ​បាន​ចាប់​ខ្លួន

នៅ​ក្នុង​រូប​ថត​ផ្គុំ​ដែល​ផ្តល់​ដោយ​ប៉ូលិស​សហព័ន្ធ​នៅ​ទីក្រុង​ប្រ៊ុចសែល​​ នៅ​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០១៦ បង្ហាញ​ពី​រូប​ជន​សង្ស័យ Najim Laachraoui ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​បាន​រាយការណ៍ថា​ ប៉ូលិស​បាន​ចាប់​ឃុំ​ខ្លួន​ជន​ឈ្មោះ​ Najim Laachraoui វ័យ​២៥​ឆ្នាំ ​ដែល​ជា​ជន​សង្ស័យ​ម្នាក់​ នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៣៤​នាក់។

របាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ Laachraouiត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល។ ជន​នេះ​ត្រូវ​បាន​ប៉ូលិស​តាម​ចាប់​តាំង​តែ​ពី​មុន​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង​នេះ​ម៉្លេះ។​

អ្នក​បំផ្ទុះ​គ្រាប់បែក​ពីរ​នាក់​ទៀត​ ដែល​ប្រព័ន្ទ​ផ្សព្វផ្សាយ​បាន​បង្ហាញ​អត្តសញ្ញាណ​ថា ជា​បងប្អូន​គ្នា​ គឺ​ឈ្មោះ​ Khalid និង​ Brahim el-Bakraoui អាយុ​២៧​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៣០​ឆ្នាំ។​ ប៉ុន្តែ​រដ្ឋាភិបាល​ប៊ែលហ្ស៊ិក​មិន​ទាន់​អះអាង​បញ្ជាក់​ពី​ព័ត៌មាន​នេះ​នៅឡើយ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ RTBF បាន​រាយការណ៍​ថា​ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន​នេះ​ត្រូវ​បាន​ប៉ូលិស​ស្គាល់​ ដោយសារ​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ប៉ុន្តែ​មិន​ធ្លាប់​មាន​ប្រវត្តិ​សកម្មភាព​ភេរវកម្ម​នោះ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៊ែលហ្ស៊ិក​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជន​ឈ្មោះ Khalid el-Bakraoui​ បាន​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ ដើម្បី​ជួល​បន្ទប់​ស្នាក់​នៅ​មួយ​ក្នុង​ទីក្រុង​ប៊្រុចសែល​ ដែល​ប៉ូលិស​បាន​ឆ្មក់​ចូល​កាល​ពី​សប្តាហ៍​មុន​ ហើយ​រក​ឃើញ​អាវុធ​និង​ស្នាម​មេដៃ​របស់​ជន​ឈ្មោះ​ Salah Abdeslam ដែល​ជា​ជន​សង្ស័យ​សំខាន់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ឆ្នាំ​មុន៕