១០ចំណុច ដែលអ្នកគួរធ្វើដើម្បី ទទួលបានសុខភាពល្អ

សុខភាព៖ នៅពេលដែលចង់បានសុខភាពល្អ វាគ្មានអ្វីជាអាថ៌កំបាំងធំដុំនោះទេ។ នេះគឺជារឿងរ៉ាវទាំង១០ ដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ដើម្បីពង្រឹងដល់សុខភាពរបស់អ្នក។

១. ពិនិត្យទៅលើទម្ងន់របស់អ្នក
មានស្ត្រីម្នាក់ក្នុងចំនោម ៣នាក់ ហើយបុរសបួននាក់ក្នុងចំនោម ១០នាក់ នៅប្រទេសអង់គ្លេស មានបញ្ហាធាត់ខ្លាំង។ ការដែលធាត់ជ្រុលធ្វើអោយ មានសេចក្តីស្លាប់មុន អាយុរហូតដល់ ៩០០០នាក់ជារៀងរាល់ឆ្នាំ ហើយជាមធ្យមវាកាត់បន្ថយ អាយុជីវិតរបស់មនុស្សរហូតដល់ ៩ឆ្នាំដែរ។ ចូរប្រើវិធីគិតលេខលើសមាមាត្រ BMI ដើម្បីជាជំនួយប្រសិនបើអ្នកមានទម្ងន់ដែលមានសុខភាព ឬកំពុងតែប្រឈមនឹងបញ្ហា សុខភាពធ្ងន់ធ្ងរដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺមហារីក។

២, កាត់បន្ថយការផឹកស្រា
មនុស្សភាគច្រើនមិនទាន់ដឹងខ្លួនថា ការផឹកស្រាច្រើនអាចធ្វើអោយ អ្នកប្រឈមទៅនឹងបញ្ហា សុខភាពដ៏វែងឆ្ងាយ បានដូចជា ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។ ឧទាហរណ៍ មនុស្សប្រុសដែល ផឹកស្រាបៀរច្រើនជាងបី ទៅបួនកំប៉ុងក្នុងមួយថ្ងៃ ទំនងជាប្រឈមនឹងជំងឺ ដាច់សរសៃឈាមខួរក្បាល រហូតដល់បីដង។

៣, កាត់បន្ថយការទទួលទានប្រៃ និងខ្លាញ់
ការដែលសម្បូរជាតិប្រៃ និងខ្លាញ់ក្នុងរបបអាហារ គឺជាមូលហេតុដ៏សំខាន់ មួយដែលធ្វើអោយមាន ជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ ការដែលទទួលទានអាហារ ដែលមានជាតិប្រៃច្រើនពេក អាចធ្វើអោយសម្ពាធឈាម ឡើងខ្ពស់ និងទំនងជាវិវឌ្ឈន៍ទៅជាជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

៤. ហាត់ប្រាណជាទៀងទាត់
យើងមានការហាត់ប្រាណ ច្រើនជាងការសម្រកទម្ងន់។ ទោះបីជាអ្នកជាមនុស្សដែល មាឌស្អាតហើយក៏ដោយ ក៏អ្នកនឹងនៅតែទទួលបាន អត្ថប្រយោជន៍ដល់សុខភាពពីការហាត់ប្រាណដែរ។ ទោះបីជាការធ្វើសកម្មភាព រាង្គកាយតិចតួចក៏ដោយ ក៏អាចកាត់បន្ថយការ ប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី២ រហូតដល់ ៥០%។ ការដែលហាត់ប្រាណជាទៀងទាត់ អាចកាត់បន្ថយការប្រឈម នឹងស្លាប់មុនអាយុ បានពី ២០ ទៅ៣០%។

៥.ចូរទទួលទានផ្លែឈើ និងបន្លែអោយបានច្រើន
សម្រាប់របបអាហារ ដែលមានតុល្យភាព និងប្រកបដោយសុខភាពបាន ចូរព្យាយាមទទួលទានផ្លែឈើ និងបន្លែអោយបានប្រាំមុខក្នុងមួយថ្ងៃ។ ការស្រាវជ្រាវបង្ហាញអោយដឹងថា ការទទួលទានផ្លែឈើ និងបន្លែយ៉ាងតិចបំផុត ៤០០ក្រាម ក្នុងមួយថ្ងៃអាចកាត់បន្ថយការ ប្រឈមនឹងបញ្ហាសុខភាព ធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងការធាត់ជ្រុល។

៦.ត្រួតពិនិត្យលើភាពស្ត្រេស
ស្ត្រេសដោយសារតែការងារគឺ ស្ថិតនៅក្នុងកម្រិតមួយ ដែធ្វើអោយមានជំងឺ ។ បញ្ហាផ្លូវចិត្តរួមទាំងស្ត្រេសគឺជា មូលហេតុមួយដែលធ្វើអោយមនុស្ស ម្នាក់ក្នុងចំនោម ៥នាក់ទៅពិគ្រោះជាមួយគ្រូពេទ្យ។ ប្រសិនបើពួកគេមិន បានទៅពិគ្រោះជំងឺទេ ស្ត្រេសអាចធ្វើអោយមានបញ្ហា ដល់សុខភាពកាន់តែច្រើនដូចជា សម្ពាធឈាមឡើងខ្ពស់ ថប់អារម្មណ៍ និងបាក់ទឹកចិត្ត។

៧.ពង្រឹងដល់ការដេករបស់អ្នក
មនុស្សសឹងតែគ្រប់គ្នា សុទ្ធតែមានបញ្ហាលើការ ដេកដោយសារតែរឿងហេតុ មួយចំនួនក្នុងជីវិតរបស់ពួកគេ។ វាត្រូវបានគេយល់ថា ជនជាតិអង់គ្លេសបីភាគនឹង មានបញ្ហាដេកមិនលក់នៅថ្ងៃមុខ។ មនុស្សវ័យជំទង់ដែលមាន សុខភាពល្អភាគច្រើន ការដេករបស់ពួកគេជាមធ្យមប្រមាណ ៧ទៅ៩ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកមិនបាន ដេកគ្រប់គ្រាន់ទេ វាអាចប៉ះពាល់ទំនាក់ទំនង ការធ្វើការងារ និអាចពន្យាពេលដល់ការជា សះស្បើយពីជំងឺផងដែរ។

៨. ឈប់ជក់បារី
អត្ថប្រយោជន៍ចំពោះ សុខភាពពីការឈប់ជក់បារី គឺកើតមានភ្លាមៗតែម្តង។ រយៈពេល ២០ម៉ោងក្រោយពីឈប់ជក់បារី សម្ពាធឈាម និងជីពចររបស់អ្នក វិលមករកធម្មតាវិញ។ រយៈពេល ២៤ម៉ោងក្រោយ សួតរបស់អ្នកចាប់ផ្តើម ស្អាតល្អឡើងវិញ។ រយៈពេល ៣ថ្ងៃក្រោយ អ្នកអាចដកដង្ហើម បានកាន់តែស្រួល និងមានអារម្មណ៍ថា មានកម្លាំងជាងមុន។ ចូររក្សាធ្វើវារហូត និងធ្វើអោយបានច្រើនឆ្នាំ ដើម្បីជាប្រយោជន៍ ដល់ជិវិតរបស់អ្នក។ ការស្រាវជ្រាវបង្ហាញអោយឃើញថា បុរសដែលឈប់ជក់បារីនៅអាយុ ៣០ឆ្នាំ អាចកើនអាយុបាន ១០ឆ្នាំទៀត។

៩.ធ្វើតេស្តមើលសុខភាពផ្លូវភេទ
មនុស្សជាច្រើនមិនបាន កត់សម្គាល់ឃើញមាន រោគសញ្ញាអ្វីទេនៅពេលពួកគេ មានជំងឺឆ្លងតាមការរួមភេទដូចជា Chlamydia ឬជំងឺប្រមេះទឹកបាយរួច។ ប្រសិនបើមិនបានព្យាបាលទេ ជំងឺ Chlamydia អាចប៉ះពាល់ដល់លទ្ធភាពនៃ ការមានផ្ទៃពោះរបស់មនុស្សស្រី។ អ្នកមិនអាចប្រាប់ដោយគ្រាន់តែ មើលពីសម្បកក្រៅនោះទេ ដូច្នេះវាគឺជារឿងសំខាន់ណាស់ដែលត្រូវទៅទទួលការពិនិត្យប្រសិនបើ អ្នកធ្លាប់រួមភេទដោយមិនបានការពារ។ ការទទួលបាននូវការធ្វើតេស្ត និងព្យាបាលជំងឺឆ្លងតាមការ រួមភេទគឺវាងាយស្រួល ជាងអ្នកគិតទៅទៀត ហើយភាគច្រើនអាច ព្យាបាលអោយជាសះស្បើយបាន។

១០.ពិនិត្យរកមើលដុំសាច់អ្វីមួយ
មនុស្សម្នាក់ក្នុងចំនោម ៣នាក់ក្នុងប្រទេសអង់គ្លេស ត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាមាន ជំងឺមហារីកនៅពេលវេលា ណាមួយក្នុងជីវិតរបស់ពួកគេ។ ជំងឺមហារីកតែងតែប៉ះពាល់ទៅលើមនុស្សវ័យចាស់ ប៉ុន្តែវាអាចកើតមានលើ មនុស្សគ្រប់វ័យទាំងអស់។ ការស្វែងរកជំងឺឃើញ ជំងឺមហារីកទាន់ពេល មានន័យថា ការព្យាបាលទំនងជាទទួល បាននូវជោគជ័យច្រើន។ ពេលខ្លះ ការសម្គាល់ឃើញនូវ ការប្រែប្រួលតិចតួច ដូចជាមានដុំអ្វីមួយ ការប្រែប្រួលទៅលើប្រជ្រុយ ឬស្រកទម្ងន់ដោយមិនដឹងហេតុផល អាចធ្វើអោយមានភាពខុសគ្នាដ៏ធំមួយទៅលើសុខភាពរបស់អ្នក៕

១០ចំណុច ដែលអ្នកគួរធ្វើដើម្បី ទទួលបានសុខភាពល្អ

ប្រភព៖ គេហទំព័រ www.health.com.kh