បែក​ធ្លាយ​ រឿង​ដាក់​សំណើ​តែងតាំង​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​ក្នុង​ភាព​មិន​ប្រក្រតី

បែក​ធ្លាយ​ រឿង​ដាក់​សំណើ​តែងតាំង​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​ក្នុង​ភាព​មិន​ប្រក្រតី



កំពង់ស្ពឺ ​៖ ​សំណើ​ដាក់​សមាសភាព​ដើម្បី​តែងតាំង​ប្រធាន​ការិយាល័យ​ រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ស្រុក​សំរោង​ទង ត្រូវ​បាន​បែក​ធ្លាយ​ ដោយ​មាន​អ្នក​អ្នកធំ​​​ម្នាក់​ ក្នុង​ជួរ​ក្រុមប្រឹក្សា ​ខេត្ត​កំពង់ស្ពឺ គាបសង្កត់​ឲ្យ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​បោះឆ្នោត​គាំទ្រ​ទាំង​ការ​មិន​ពេញចិត្ត ព្រោះ​មន្ត្រី​ ដែល​ត្រូវ​ស្នើ​នោះ​ ជា​មនុស្ស​មាន​កំហុស​យ៉ាង​ច្រើន​នា​ពេល​កន្លងមក និង​មាន​ការ​សង្ស័យ​ថា​អាច​មាន​អំពើពុករលួយ​ក្នុង​នោះ​ផង​ដែរ។

ប្រភព​ព័ត៌មាន​ច្បាស់​ការ​​បាន​ទម្លាយ​រឿង​មិន​ប្រក្រតី​ខាងលើ​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​១០៦​នេះ​ថា ​លោក​អ៊ី ឆៃ​តេង បច្ចុប្បន្ន ជា​អនុប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ខេត្ត​កំពង់ស្ពឺ  ​និង​ជា​អតីត​ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​ឧដុង្គ ​​ធ្លាប់​មាន​រឿងអាស្រូវ​យ៉ាង​ច្រើន​កាល​កាន់​ដំណែង ​ប្រធាន​ភូមិបាល​ស្រុក ក្នុង​នោះ​មាន​ការ​លួច​ធ្វើ​ប្លង់​ជាន់​លើ​ប្លង់​ចាស់​(​ប្រមូល​ប្លង់​ចាស់​ទុក​)​ចេញ​ប្លង់​ថ្មី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ខេ​ម​បូ​ឌា ប្រូ​ផឹ​ធី ត្រេ​ន​ឌី​ង ក្នុង​ភូមិ​ចំការ​ហ្លូ​ង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ, មិន​គោរព​តាម​បទបញ្ជា​ចៅហ្វាយស្រុក, មិនបាន​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព,​ក្រអឺតក្រទម និង​មាន​កំហុស​ជាច្រើន​ទៀត ​ដែល​ក្រុមការងារ​ចុះ​អង្កេត​រក​ឃើញ។ បញ្ហា​ទាំងនោះ​មិន​ទាន់​ចប់​ស្រួលបួល​ផង​ស្រាប់​តែ​​មាន​ការ​ជ្រើសតាំង​ជា ​ប្រធាន​ភូមិបាល​ស្រុក​សំរោងទង​យ៉ាង​រំភើយ។ ប៉ុន្តែ​ថ្នាក់លើ​មិន​ទាន់​មាន​ការសម្រេច​ទេ ទើបតែ​មាន​ការ​បោះឆ្នោត​សម្ងាត់​នៅ​ថ្នាក់​ស្រុក​ប៉ុណ្ណោះ ត្រៀម​រៀបចំ​បញ្ជូន​ទៅ​ខេត្ត​បន្ត តែ​វា​មិនទាន់​ហួសពេល​សូម​ថ្នាក់លើ​មេត្តា​ពិចារណា​ផង។

តាម​មន្ត្រី​មួយចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ បាន​សម្ដែង​ការ​ហួសចិត្ត និង​​លើក​ឡើង​ថា​​​ មន្ត្រី​ល្អ​មាន​សមត្ថភាព​ធ្វើ​ការងារ និង​បម្រើ​ប្រជាពលរដ្ឋ ក៏​ដូច​សង្គម​ជាច្រើន​ មិន​​ព្រម​ដាក់​ស្នើ​​សុំ​ បែរ​ជា​មាន​ការ​ជួយជ្រោមជ្រែង​មន្ត្រី​ខិលខូច និង​មានរឿង​អាស្រូវ​ច្រើន​រាប់មិនអស់​បែបនេះ​ទៅ​វិញ។ ការ​ស្នើរ​សុំ​ដាក់​សមាសភាព​លោក អ៊ី ឆៃ​តេង ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​ មាន​អ្នកធំ​ម្នាក់ ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ស្ថិតក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​ផង​នោះ ​ជួយ​អន្តរាគមន៍ ដើម្បី​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន ដែល​នេះ​ជា​​​ចម្ងល់​របស់​ប្រជាពលរដ្ឋ​, វប្បធម៌​អន្តរាគមន៍​បែបនេះ​រហូតដល់​ពេលណា​ទើប​លែង​​​មាន​នោះ។

សូម​បញ្ជាក់​ថា លោក​អ៊ី ឆៃ​តេង បន្ទាប់ពី​ការងារ​បម្រើ​ប្រជាពលរដ្ឋ ក្នុងស្រុក​ឧដុង្គ​មិន​បាន​ល្អ​ប្រសើរ ​លោក​ក៏​មិន​ស្ដាប់​តាម​ការណែនាំ​របស់​គណៈ​អភិបាលស្រុក និង​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ​បំផុត​ដូច​ជា ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចិន​ទំហំ​៣៥​ហិកតា​ ក្នុង​ភូមិ​ចំការ​ល្លូង​​ ជាន់​លើ​ប្លន់​ចាស់ ដោយ​មិនបាន​កាត់​ប្លង់​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​គេចវេះ​ពី​ការ​កាតព្វកិច្ច​បង់ពន្ធ​ដីធ្លី​ជូន​រដ្ឋ​ រហូត​មាន​ ​​​ការ​ស្នើ​សុំ​ដក​បញ្ឈរ​ជើង​នៅ​មន្ទីរ​មួយ​រយៈ ​​ទុក​ឱកាស​ឲ្យ​ក្រុមការងារ​អង្កេត​ស្រាវជ្រាវ​លើ​ករណី​ចុះ​បញ្ជី​ដីធ្លី​ទំហំ​ ៣៥​ហិកតា ​ដែល​មាន​ភាព​មិន​ប្រក្រតី​នេះ។ ប៉ុន្តែ​បន្ទាប់​បាន​ទទួល​តំណែង​ជា​អនុប្រធាន​ការិយាល័យ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយា​ដី​ខេត្ត​កំពង់ស្ពឺ​នោះ ​​បច្ចុប្បន្ន​កំពុង​រត់ការ​យក​តំណែង​ជា​ប្រធាន​ការិយាល័យ ស្រុក​សំរោង​ទង​នេះ​តែម្តង។

យោង​តាម​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​រឿងអាស្រូវ​របស់​លោក​អ៊ី ឆៃ​តេង កាល​នៅ​ធ្វើជា​ប្រធាន​ភូមិបាល​ស្រុក​ឧដុង្គ​ ដែល​ក្រុមការងារ​បាន​ចុះ​អង្កេត​ក្នុង​រឿង​មិន​ប្រក្រតី​លើ​ដី​ទំហំ ៣៥​ហិកតា​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា ប្រូ​ផឹ​ធី ត្រេ​ន​ឌី​ង​​នោះ គឺ​ក្រុមការងារ​​បាន​ចុះ​ស្រាវជ្រាវ​អង្កេត​ចំនួន​៤​លើក ក្នុង​ឆ្នាំ​២០១៣ ដោយ​រក​ឃើញ​កំហុស​ជាច្រើន​ដែល​លោក​អ៊ី ឆៃ​តេង​បាន​ប្រព្រឹត្តិ និង​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ។ ក្នុងពេល​លោក​នៅ​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ឧដុង្គ ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​ការិយាល័យ​ផ្សេងៗ​​នោះ មិន​ត្រូវ​ជាមួយ​អ្នកណា​ទាំង​អស់​ ដោយ​អួត​ក្អេងក្អាង ដាក់​ថ្នាក់ដឹកនាំ​ស្រុក, ​មិន​គោរព​ម៉ោង​ការងារ​រដ្ឋបាល និង​បម្រើ​​​ប្រជាពលរដ្ឋ​មិនបាន​ល្អ។

នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥ លោក​អ៊ី ឆៃ​តេង អតីត​ប្រធាន​ភូមិបាល ស្រុក​ឧដុង្គ​បាន​សរសេរ​កិច្ចសន្យា​មួយ​ច្បាប់​ ដោយ​រៀបរាប់​ពី​កំហុស​របស់​ខ្លួន​ ដែល​បាន​កសាង​ឯកសារ​សម្រាប់​ផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​អចលនវត្ថុ​ជូន​ក្រុមហ៊ុន​ខេ​ម​បូ​ឌា ប្រូ​ផឺ​ធី នៅ​ភូមិ​ចំការ​ហ្លួង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ​ចំនួន ២​ប័ណ្ណ​លើ​ផ្ទៃដី​ទំហំ ៣៥​ហិកតា ​​គ្រប​ពី​លើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ចាស់​ចំនួន ១៧​ប័ណ្ណ (​ប័ណ្ណ​ស្លាបមាន់​ចេញ​ក្នុង​ឆ្នាំ​១៩៩៤)។ ក្នុង​ពេល​នោះ​លោក​អ៊ី ឆៃ​តេង​អះអាង​ថា មកពី​លោក​ចុះហត្ថលេខា​ពុំបាន​ពិនិត្យមើល​ត្រឹមត្រូវ​ក្នុង​បញ្ជី​ចាស់ និង​ជាប់​ភារកិច្ច​ចុះ​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ក្នុង​ការ​ចូលរួម​វាស់វែង​ដីធ្លី​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​បទបញ្ជា​រាជរដ្ឋាភិបាល។

ក្នុង​កិច្ចសន្យា​ ដែល​លោក​អ៊ី ឆៃ​តេង​ សរសេរ​ផ្ទាស់​ដៃ​នោះ បាន​បញ្ជាក់​ថា ​លោក​សុំទោស​អាជ្ញាធរ​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម សំណង់ និង​ភូមិបាល ដោយ​សុខ​ចិត​ធានា​ក្នុង​បង់ពន្ធ​ប្រថាប់ត្រា​នូវ​ចំនួន​ប័ណ្ណ និង​ដីធ្លី​ ដែល​បាន​ចេញ​ប័ណ្ណ​នោះ។

លោក​ស៊ីម រតនៈ​ អភិបាល ស្រុក​សំរោង​ទង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា តាម​សំណើ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​គឺ​ដាក់​ឲ្យ​បេក្ខភាព​ចំនួន​០៤​នាក់​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ស្រុក​សំរោងទង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​បេក្ខភាព​ទាំងនោះ ក្នុង​មុខតំណែង​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក ព្រោះ​លោក​ជួប វណ្ណៈ ​ជា​ប្រធាន​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ ហើយក្នុង​ចំណោម ០៤​នាក់​នោះ ក្រុមប្រឹក្សា​បាន​បោះឆ្នោត​គាំទ្រ​លើ​លោក​អ៊ី ឆៃ​តេង​នេះ​មែន។ រឿង​អ្វី​ផ្សេង​ទៀត ​លោក​មិនបាន​ដឹក​ទេ ព្រោះនេះ​ជា​រឿង​របស់​ក្រុមប្រឹក្សា​សម្រេច ហើយ​ការបោះឆ្នោត​ជាសម្ងាត់​នេះ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។​

ជុំវិញ​មតិ​រិះគន់ ​ថ្នាក់ដឹកនាំ​មន្ទីរ​ដែនដី​រៀបចំ​ដាក់​មន្ត្រី​ធ្លាប់​មាន​រឿងអាស្រូវ​ច្រើន​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ និង​ការ​បម្រើ​ប្រជាពលរដ្ឋ​មិនបាន​ល្អ, អ្នកយកព័ត៌មាន​បាន​ទាក់ទង​ទៅ​លោក​តាប់ ម៉ាឡៃ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តកំពង់ស្ពឺ ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នកទទួល។ ចំណែក​លោក​អ៊ី ឆៃ​តេង​ ដែលជា​បេក្ខភាព​នាំ​មុខ​គេ​វិញ​មិន​មាន​លេខ​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពាក់ព័ន្ធ​រឿង​នេះ​ទេ៕