លេច​ធ្លាយ​រឿង​លោក​មេបញ្ជាការ​វរៈ​K89​លក់​ដី​វរៈ​យក​លុយ​ដាក់​ហោប៉ៅ

លេច​ធ្លាយ​រឿង​លោក​មេបញ្ជាការ​វរៈ​K89​លក់​ដី​វរៈ​យក​លុយ​ដាក់​ហោប៉ៅ



ព្រៃវែង ៖​ ​​លោក​មេបញ្ជាការ​វរៈ​K89​ ​​​ បាន​និង​កំពុង​ជីក​អាចម៍ដី​នៅ​ក្នុង​វរៈ​លក់​យក​លុយ​ដាក់​ក្នុង​ហោប៉ៅ​តែ​ម្នាក់​ឯង ​ហើយ​ការ​ជីក​អាចម៍​នោះ​ទៀត​សោត ក៏​​ពុំ​មាន​ការ​​​អនុញ្ញាត​ ពី​ក្រសួងការពារជាតិ​នៅ​ឡើយ​ដែរ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក្នុងស្រុក​បាភ្នំ បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍ឯក ខៀវ សំណាង មេបញ្ជាការ​វរៈ​K89 លើ​ភ្នំ​ឈើកាច់ កំពុង​លួច​លក់​អាចម៍​ដី​នៅ​ក្នុង​បន្ទាយ​ទៅ​ឲ្យ​ក្រុម​អ្នកធ្វើ​ផ្លូវ​ ហើយ​ដឹកជញ្ជូន​ចេញ​ទាំង​ថ្ងៃ​ទាំង​យប់ ក្នុង​១​ថ្ងៃ​ៗ​រាប់​សិប​ឡាន ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់លើ​នោះ​ទេ។

ប្រជាពលរដ្ឋ​​​ ដែល​រស់​នៅ​ក្បែរ​ទីបញ្ជាការ​វរៈ​K89 នេះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​គេ​ជីក​យក​អាចម៍ដី​លក់​នេះ ​​ស្ថិតនៅ​ក្នុង​បន្ទាយ K89 ​​ជាប់​នឹង​អាគារ​សាល​ប្រជុំ​តែ​ម្ដង។ អាចម៍ដី​​​នោះ ​គេ​លក់​ទៅ​ឲ្យ​ក្រុម​កង​វិស្វកម្ម ដែល​កំពុង​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ស្វាយរៀង​ ក្នុង​១​ឡាន​តម្លៃ​ជាង​២០​ដុល្លារ ហើយ​គេ​ចាប់ផ្ដើម​ជីក​លក់​តាំងពី​ថ្ងៃ​ទី​១៩​ ខែ​មីនា ​មក​ម្ល៉េះ។

ប្រភព​ពី​ពលទាហាន​ក្នុង​បន្ទាយ​K89​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​លួច​ជីក​លក់​អាចម៍​ដី​ក្នុង​បន្ទាយ​K89​នេះ​ មិន​មែន​ទើបតែ​លើក​ទី​១​នោះ​ទេ គឺ​កាលពី​ប៉ុន្មាន​ខែ​មុន​នោះ គេ​ធ្លាប់​ជីក​លក់​ម្តង​រួច​មក​ហើយ ​​​បាន​លុយ​ចំនួន​២៣​លាន​រៀល។ តែ​ការ​ជីក​លក់​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ ដោយសារតែ​ជម្លោះផ្ទៃក្នុង​រឿង​ចែក​លុយ​គ្នា​មិន​ស្មើ​ ហើយ​លើក​ក្រោយនេះ ក៏​កំពុង​តែ​មាន​ជម្លោះ​ផ្ទៃក្នុង​ដែរ ដោយសារតែ​លោក​មេបញ្ជាការ និង​មេបញ្ជាការ​រង​៣​នាក់​ បាន​ព្រមព្រៀងគ្នា​ជីក​លក់ តែ​មេបញ្ជាការ​រង​ម្នាក់​ជំទាស់​មិន​ចូលរួម ​ដោយ​ហេតុ​ថា ​ការ​ជីក​នេះ មិន​បាន​រាយ​ការណ៍​ជូន​ថ្នាក់លើ​ឲ្យ​បាន​ដឹង ពោល​គឺ​លួច​ជីក​ឆៅ​ៗ​យក​លុយ​ចែក​គ្នា​តែ​ម្ដង។

ដោយ​ឡែក​ប្រភព​ពី​សមត្ថកិច្ច​នៅ​ក្នុង​ស្រុក​បាភ្នំ​​​ បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​ទោះបី​ជា​មាន​សំឡេង​១​បាន​ជំទាស់​ក៏ដោយ ប៉ុន្តែ​គេ​នៅតែ​ជីក​យក​អាចម៍ដី​លក់​ដដែល ហើយ​លោក​មេបញ្ជាការ ខៀវ សំណាង បាន​នាំ​កូនចៅ​ទាំងអស់​ធ្វើ​ពាក្យ​ផ្ដិតមេដៃ ប្ដឹង​ដក​មេបញ្ជាការ​រង ដែល​ជំទាស់​នោះ​ចេញ ព្រោះ​មិន​ចង់​ឲ្យ​នៅ​ធ្វើជា​ឆ្អឹង​ទទឹង​ក​តទៅទៀត។ ប៉ុន្តែ​មិនទាន់ បាន​ប៉ុន្មាន​ថ្ងៃ​ផង ព័ត៌មាន​នេះ​បាន​លេចឮ​ទៅ​ដល់​ក្រសួងការពារជាតិ រួច​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​មក​ដោះស្រាយ​សម្របសម្រួល​វិញ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​មីនា​ តែ​លទ្ធផល​នៃ​ការ​សម្របសម្រួល​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ។

ចំពោះ​ការចោទប្រកាន់​ខាង​លើ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក​ ខៀវ សំណាង ​បញ្ជាក់ ឲ្យ​ដឹង​ថា លោក​ពិតជា​បាន​ជីក​លក់​អាចម៍ដី​ក្នុង​បន្ទាយ​ពិតមែន ​តែ​ការ​ជីក​នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​២ ​​ទី​១​គឺ​ជីក​ដើម្បី​បាន​ស្រះ​ទឹក​សម្រាប់​ប្រើប្រាស់ និង​ទី​២​គឺ​ដើម្បី​បាន​ថវិកា​ដោះស្រាយ​ជីវភាព​ក្នុង​អង្គភាព ព្រោះ​អង្គភាព K89 នេះ​គ្មាន​ចំណូល​ពី​ណា​នោះ​ទេ។ លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា នៅ​ពេល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ចប់ លោក​នឹង​ធ្វើ​របាយការណ៍ សុំ​គោលការណ៍​ទៅ​ក្រសួង​រឿង​ជីក​អាចម៍ដី​នេះ​ហើយ។

ទោះជា​យ៉ាងណាក៏ដោយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​​មីនា នៅពេលដែល​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ទៅ​ថត​សកម្មភាព​គ្រឿងចក្រ កំពុង​ជីក​យក​អាចម៍ដី​ក្នុង​បន្ទាយ​K89​នេះ គេ​ឃើញ លោក​មេបញ្ជាការ ខៀវ សំណាង បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​បញ្ឈប់​សកម្មភាព ហើយ​បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ថា ឈប់​ឲ្យ​ជីក​តទៅ​ទៀតហើយ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ចេញ​ផុត ​បាន​តែ​១​ល្ងាច​ គឺ​នៅ​ព្រឹក​បន្ទាប់​ថ្ងៃ​ទី​២២ ​សកម្មភាព​ជីក​យក​អាចម៍​ដី​ នេះ​ក៏​ចាប់​បន្ត​ជីក​ទៀត​ដដែល​ ទាំង​​​មិន​ទាន់​មាន​ការ​អនុញ្ញាត​ ពី​ក្រសួងការពារជាតិ​នៅ​ឡើយ​ផង៕
លេច​ធ្លាយ​រឿង​លោក​មេបញ្ជាការ​វរៈ​K89​លក់​ដី​វរៈ​យក​លុយ​ដាក់​ហោប៉ៅ