កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​សហការ​ជាមួយ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​បង្ក្រាប​ទីតាំង​ហ្គ្រេ​ម​បាញ់​ត្រី​និង​សេព​គ្រឿងញៀន​មួយ ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២២​នាក់

កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​សហការ​ជាមួយ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​បង្ក្រាប​ទីតាំង​ហ្គ្រេ​ម​បាញ់​ត្រី​និង​សេព​គ្រឿងញៀន​មួយ ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២២​នាក់



កំពត ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ស្នងការ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​អ៊ិន ជីវ៉ា ស្នងការ​រង​និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​រួម​សហការ​ជាមួយ​លោក ខាន់ សុផល​ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទី​តាំង​ហ្គ្រេ​ម​បាញ់​ត្រី​បង្កប់​ការ​សេព​គ្រឿងញៀន​មួ​យក​ន្លែ​ង​ ស្ថិត​ក្នុង​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​មិនា​ឆ្នាំ ២០១៦ ដោយ​ឃាត់​ខ្លួន​ជន​ស​ង្ស័យ​ចំនួន​២២​នាក់ ស្រី​ម្នាក់ ម៉ូតូ​ចំនួន​៧​គ្រឿ​ង និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​តូច​និង​ទូ​ហ្គ្រេ​ម​មួយ បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ិន ជីវ៉ា ស្នងការ​រង​និង​ជា​នាយ​ការិយា​ល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ជុំ​វិញ​ករណី​បង្ក្រាប​គ្រឿងញៀន​ និង ​កន្លែង​ហ្គ្រេ​ម​បាញ់​ត្រី​ខាងលើ​កន្លងមក សមត្ថកិច្ច​យើង​បាន​ចុះទៅ​ណែនាំ​ឲ្យ​បញ្ឈប់​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ពីរ​ដង​រួច​មក​ហើយ ហើយ​ទីតាំង​ខាងលើ​ក៏​បាន​ផ្អាក​អស់​មួយ​រយៈ​ហើយ​ដែរ។

លោក​បន្ត​ទៀត​ថា ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​មក​ថា មាន​ករណី​លួច​លេង​ហ្គេម បាញ់​ត្រី​នៅ​ពេល​យប់ ប្រហែលជា​ក្រុម​អ្នក​លេង​ទាំងនោះ​ស្មានថា​ពេលយប់​សមត្ថកិច្ច​មិន​ដឹង ទើប​ក្រោយពី​ស្តាប់​ព័ត៌មាន​បាន​យើង​បាន​សុំ​បញ្ជា​ទៅ​លោកស្នងការ​និង​សុំ​ការ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ដើម្បី​ចុះ​បង្ក្រាប​ជាក់ស្តែង​តែម្តង។

បច្ចុប្បន្ន​ជន​ស​ង្ស័យ​ទាំង​២២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​ធ្វើតេស្ត​ទឹកនោម​ដើម្បី​ពិនិត្យ​សារធាតុ​ថ្នាំញៀន បើ​អ្នកមាន​ជាតិ​សារធាតុ​ញៀន​យើង​ប្រគល់​ជូន​ទៅ​កា​រិ​យា​ល័​យ​គ្រឿងញៀន​ចំពោះ​អ្នក​ដែល​គ្មាន​សារធាតុ​ញៀន យើង​បញ្ជូន​ឲ្យ​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល​ដើម្បី​សាកសួរ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំងអស់​ខាងលើ​គឺ​ភាគច្រើន​ជា​ជនរងគ្រោះ​ប្រើប្រាស់​និង​អ្នក​ទៅ​អង្គុយលេង​ផង​អង្គុយ​មើល​ផង​។ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មេ​ចែកចាយ​និង​ម្ចាស់​ទូ​ហ្គេម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។

ក្នុង​នោះដែរ​ក្នុងចំណោម​មនុស្ស​ទាំង​២២​នាក់ មាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​អ្នកស៊ីឈ្នួល​យាម​ទូហ្គ្រេ​ម​ឲ្យ​គេ ប្តី​មានឈ្មោះ​តុង លី​កក្កដា​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ប្រព​ន្ធ​ឈ្មោះ ឈា កញ្ញា​រ៉ា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយគ្នា​ខាងលើ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕