លោក​ជា​សុ មេធី​បញ្ចប់​ជម្លោះ​ រវាង​ប្រជាពលរដ្ឋ​ និង​ម្ចាស់​កំពង់ដ

លោក​ជា​សុ មេធី​បញ្ចប់​ជម្លោះ​ រវាង​ប្រជាពលរដ្ឋ​ និង​ម្ចាស់​កំពង់ដ



ព្រៃវែង​ ៖ ​លោក​ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង ​បាន​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​កំពង់ដ​ កំពង់​ឫស្សី​ក្នុង ស្រុក​ពោធិ៍រៀង ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ។

លោក​ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ​បាន​ប្រគល់​ថវិកា​៤៥០០​ដុល្លារ​ជូន​​លោកស្រី​ជា លី និង​ប្ដី​ឈ្មោះ យាន ធារ៉ា ដែល​ជា​ម្ចាស់​ដ​​ កំពង់​ឫស្សី​​ ស្ថិត​នៅ​ឃុំ​កំពង់​ឫស្សី​ ​ ស្រុក​ពោធិ៍រៀង ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ ជាមួយ​ប្រជាពលរដ្ឋ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ដើម្បី​បញ្ចប់​ការ​វិនិយោគ​មុន​កិច្ចសន្យា។ ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ចំណាត់​ការ​ដ៏​ល្អ​របស់​លោក​អភិបាលខេត្ត។

លោក​ជា សុ​មេធី អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា កំពង់ដ​នេះ ត្រូវ​បាន​រដ្ឋ​ប្រគល់​ការ​វិនិយោគ​ទៅ​ឲ្យ​លោកស្រី ជា លី និង​ស្វាមី តាម​កិច្ចសន្យា​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០២១​ទើប​បញ្ចប់​កិច្ចសន្យា។ តែ​ដោយសារ​កំពង់ដ​នេះ​តែងតែ​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ ហើយ​រដ្ឋ​ត្រូវ​ធ្វើ​ផ្លូវ​នៅ​កំពង់ដ​មុន​កិច្ចសន្យា​នោះ ​ទើប​អាជ្ញាធរ​ខេត្ត​លុប​កិច្ចសន្យា​នេះ​ ដោយ​បាន​ធ្វើ​ការ​ទូទាត់​ជូន​ម្ចាស់​កំពង់ដ​ នូវ​ថវិកា​ចំនួន​៤៥០០​ដុល្លារ​ តាម​កិច្ចសន្យា​រវាង​ម្ចាស់​កំពង់ដ និង​អភិបាលខេត្ត ក្នុង​ការ​រុះរើ​សម្ភារៈ ​ដែល​មាន​ដូចជា​ទូក និង​រោង​ ដែល​បាន​តាំងនៅ​ទីនោះ​ចេញ​វិញ​ បន្ទាប់ពី​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន។
លោកស្រី ជាលី ម្ចាស់​កំពង់ដ បាន​យល់ព្រម សុខចិត្ត​ទទួល​ប្រាក់​៤៥០០​ដុល្លារ​​ពី​លោក​ អភិបាលខេត្ត​ព្រៃវែង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ ​ដើម្បី​រុះរើ​សម្ភារៈ ​ដែល​មាន​ដូចជា​ទូក និង​រោង ​ដែល​បាន​តាំងនៅ​ទីនោះ។

ក្រោយ​មក​​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ចាស់ជរា​គ្មាន​ទីពឹង ​​ពិការ​ភ្នែក និង​មាន​ជំងឺ ចំនួន​​៥​គ្រួសារ នៅ​ឃុំ​កំពង់​ឫស្សី និង​បាន​នាំ​យក​អំណោយ​មាន​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​ដើម្បី​ចែក​ជូន​ផង​ដែរ។

ក្នុង​នោះ​លោក​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​មាន​លំនៅឋាន​ជាប់​ក្បែរ ជួយ​មើល​ថែរក្សា​ពួកគាត់​ផង ​មានតែ​អ្នកការ​សហការ​គ្នា​ទេ​ ទើប​អាច​ថែរក្សា​សម្បត្តិ​សាធារណៈ​ដែល​ជា​សម្បត្តិ​រដ្ឋ​បាន​ជាប់​គង់វង្ស​​​យូរ​អង្វែង៕
លោក​ជា​សុ មេធី​បញ្ចប់​ជម្លោះ​ រវាង​ប្រជាពលរដ្ឋ​ និង​ម្ចាស់​កំពង់ដ