ក្រុម​ការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចុះ​បោះ​បង្គោល​ស្ថានីយ​បុរាណ​ទួល​អំបែង

ក្រុម​ការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចុះ​បោះ​បង្គោល​ស្ថានីយ​បុរាណ​ទួល​អំបែង



ព្រៃវែង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដឹកនាំ​ដោយ ​លោក វឿន វុទ្ធី ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា ​សហការ​ជាមួយ មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្តព្រៃវែង នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត មេឃុំ​បារាយ​លិច ក្រុមការងារ​ក្រុង​ព្រៃវែង ប៉ុស្តិ៍​រដ្ឋបាល​បារាយណ៍ និង​ប្រជាពលរដ្ឋ​ឃុំ​បារាយណ៍ បាន​ចុះ​បោះ​បង្គោល​ស្ថានីយ​បុរាណ​ទួល​អំបែង។

លោក​វឿន វុទ្ធី បាន​មានប្រសាសន៍​ថា កន្លងមក​បាន​ធ្វើការ​ផ្សព្វផ្សាយ ច្បាប់ ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ អាជ្ញាធរ សមត្ថកិច្ច និង​ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​រួចមកហើយ ដែល​ច្បាប់​នេះ​មាន​គោលដៅ​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​សម្បត្តិ​វប្បធម៌​ទូទៅ​ប្រឆាំង​នឹង​ការ​បំផ្លិចបំផ្លាញ ការ​ប្រែក្លាយ ការប្តូរ​រូបរាង ការ​ជីក​រុករក ការ​ផ្ទេរកម្មសិទ្ធិ ការនាំចេញ និង​ការ​នាំចូល​ដោយ​ខុសច្បាប់។

លោក​បាន​ណែនាំ​បន្ថែម​ដល់ អ្នក​អាស្រ័យ​ផល​លើ​ទួល​អំបែង ហាម​សាងសង់​សំណង់​រឹង ហាម​ជីក​កកាយ បំផ្លិចបំផ្លាញ ហាម​លក់ដូរ តែ​បងប្អូន​អាច​នៅ​បន្ត​អាស្រ័យ​ផល​លើ​ដី​ទួល​អំបែង​បន្តទៀត​បាន។ ការ​បោះបង្គោល​នេះ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ ទៅតាម​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌ និង​ទុកជា​អត្តសញ្ញាណ​សម្រាប់​មនុស្ស​ជាតិ​ទូទៅ​តកូនតចៅ​ជា​រៀងរហូត​ មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះទេ​។ លោក​បន្ត​បង្គោល ​ដែល​ត្រូវ​បោះ​មាន​ចំនួន​១៦​បង្គោល បន្ទាប់ពី​បោះ​រួច មិនត្រូវ​បាន​អ្នកណាម្នាក់​ដក ឬ​ដាក់​ខុស​កន្លែង​ដើម​នោះ​ទេ បើ​មាន​ករណី​បាក់​ ដក ឬ​បាត់​ពី​កន្លែង​ដើម សូម​ឲ្យ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ អាជ្ញាធរ​ឃុំ ប៉ុស្តិ៍​រដ្ឋបាល និង​អ្នក​ពាក់ព័ន្ធ​ ត្រូវ​រាយការណ៍​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ​បើ​ករណី​មានការ​បាត់បង់​បង្គោល ឬ​ខិត​បង្គោល ការ​ជីក​រុករក វត្ថុ​បុរាណ សមត្ថកិច្ច អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ មិន​រាយការណ៍​មានន័យថា បាន​ឃុបឃិត បំផ្លិចបំផ្លាញ និង​រុករក​វត្ថុ បុរាណ​ដោយ​ខុសច្បាប់ ត្រូវ​មានទោស​ទាំងអស់​គ្នា៕