ពិធី​សម្ពោធ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ មួយ​ខ្សែ​កាត់​បឹង​ទន្លេសាប​ពី​ខេត្ត​កំពង់ធំ​ ឆ្ពោះ​ទៅ​ព្រំ​ប្រទល់​កំពង់ឆ្នាំង

ពិធី​សម្ពោធ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ មួយ​ខ្សែ​កាត់​បឹង​ទន្លេសាប​ពី​ខេត្ត​កំពង់ធំ​ ឆ្ពោះ​ទៅ​ព្រំ​ប្រទល់​កំពង់ឆ្នាំង



កំពង់ធំ ​៖ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​មានចិត្ត​សប្បាយរីករាយ ខណៈ​ពេល​ដែល​បាន​ទទួល ចំណង ដៃ​ថ្មី​​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ​ឆ្នាំ​២០១៦​​ គឺ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​លេខ​៥០​សេ​. ដែល​បាន​លាតសន្ធឹង​ពី​ខេត្ត​កំពង់ធំ ត្រង់​សង្កាត់ ស្រយូវ ក្រុង​ស្ទឹងសែន កាត់​បឹង ទន្លេសាប មាន​ប្រវែង​១៩​គម ដល់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​​ ​ និង​ត​ភ្ជាប់​​ ជាមួយ​ផ្លូវ​ខេត្ត​កំពង់ឆ្នាំង នៅ​ភូមិ​.​ច្រ​ណូ​ក ស្រុក​កំពង់លែង​. ខេត្ត​កំពង់ឆ្នាំង។


លោក​ជូ កុល្លា ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ ​បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​ផ្លូវ​ដែល​កំពុងតែ​សាងសង់​នេះ​ ស្ថិត​ក្នុង​សង្កាត់​ស្រយូវ គឺជា​ផ្លូវ​រទេះគោ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង និង​ដឹកជញ្ជូន​កសិផល​ស្រូវ ពោត និង​នេសាទ ដែល​មាន​ប្រជាពលរដ្ឋ​១៣​ភូមិ ​៤៤៤៧​គ្រួសារ ចំនួន​ប្រជាពលរដ្ឋ​២០.៤៧៩​នាក់ ដែល​មាន​ការ​ទំនាក់ទំនង​រវាង​ខេត្តកំពង់ធំ និង​ខេត្ត​កំពង់​ឆ្នាំង។ ចំណែក​ផ្លូវ​ដែល​ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​២០១៦​នេះ​គឺ​៧​គម ទទឹង​៨​ម ក្រាល​ក្រួស​ក្រហម នៅ​ឆ្នាំ​បន្ទាប់​នឹង​សាងសង់​១៩​គម ទល់នឹង​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ចាប់ពី​៧​គម​ដល់​គម​ទី​១៩​ ជា​ស្ថានភាព​ផ្លូវ​បេតុង​ពន្លិចទឹក អាច​ប្រើប្រាស់​បាន​៨​ខែ​ក្នុង​មួយឆ្នាំ​។

លោក​ អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹងថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​មន្ទីរ​សាធារណៈ និង​ដឹកជញ្ជូន​ខេត្ត​បាន​សាងសង់​ផ្លូវ សម្រាប់​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការដឹក​កសិផល ដែល​ជា​ប្រយោជន៍​សំខាន់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ដែល​បាន​រង់ចាំ​មក​យូរហើយ និង​សូម​អគុណ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែ​ព្រមទាំង​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្នុងថ្ងៃនេះ។

លោក​​ ត្រាំ អ៊ីវតឹក​. រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា ​នេះ​ជា​ផ្លូវ​មួយ​ខ្សែ​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ ​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឃុំ​ទាំង​២ គឺ​ឃុំ​ស្រយូវ ខេត្ត​កំពង់ធំ និង​ឃុំ​កំពង់លែង​ ខេត្តកំពង់ឆ្នាំង ខណៈ​នេះ​ការ​សាងសង់​ផ្លូវ​ខេត្ត​ទាំងពីរ​បាន​មកដល់​ព្រំប្រទល់​ហើយ តែ​នៅ​ចន្លោះ​កណ្តាល គឺជា​បឹង​ទន្លេសាប​ដែល មាន ប្រវែង​៣​គម។ អ្នកធ្វើដំណើរ​ជិះ​​​សាឡាង​ឆ្លង​បាន ឬ​ទូក​ចម្លង​បាន ដោយ​ក្រសួង​សារធារណការ និង​ដឹកជញ្ជូន​បាន​កាយ​ផ្លូវទឹក និង​បូម​កោះ សម្រាប់​សម្រួល​ដល់​ផ្លូវ​សាឡាង ដោយ​បងប្អូន​មិនចាំបាច់​ជិះ​រថយន្ត​វាង​ដូច​មុន​នោះទេ។ លោក​បាន បញ្ជាក់ថា ការសាងសង់​នេះ​គឺជា​ជំ​ហាន​ដំបូង ដែល​អាចធ្វើ​ដំណើរ​បាន​៨​ខែ​ក្នុង​មួយឆ្នាំ តែ​នៅ​អនាគតនឹង​សាងសង់​គម្រោង​ធំ​មាន​ផ្លូវ​ទំនើប​ដោយ​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ធំ និង​ខេត្តកំពង់ឆ្នាំង ដោយ​កំពុង​សិក្សា​បរិស្ថាន និង​ជីវចម្រុះ ព្រមទាំង​ផល​ប៉ះពាល់​​​បឹង​ទន្លេសាប រួម​ទាំង​ការ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ មាន​ទំហំ​ការ​ដឹកជញ្ជូន ​និង​ចរាចរ​ធំ​ប៉ុណ្ណា៕