ពេជ្រ សោភា ប្រាប់​គោលការណ៍​ផ្ទាល់​ខ្លួន ឆ្លើយ​តប​អ្នក​រិះគន់

ទន្ទឹម​នឹង​ការ​ពោល​កោតសរសើរ ពេជ្រ សោភា ក៏​រង​នូវ​ព្យុះភ្លៀង​រិះគន់​មួយ​ចំនួន​ផង​ដែរ ខណៈ​មាន​ការ​លើក​ឡើង​ថា កម្មវិធី The Voice Cambodia មិន​គួរ​ជ្រើសរើស​នាង​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​មួយ​នេះ​ឡើយ។

 

ពេជ្រ សោភា ប្រាប់​គោលការណ៍​ផ្ទាល់​ខ្លួន ឆ្លើយ​តប​អ្នក​រិះគន់

 

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ពេជ្រ សោភា បាន​ប្រាប់​មក​កាន់ Sabayថា ការ​រិះគន់​តែង​តែ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​រាល់​គ្រូ​បង្វឹក​នីមួយៗ សុទ្ធសឹងតែ​បាន​ប្រឹងប្រែង​ទាំង​អស់​គ្នា។ ដោយ​ឡែក រាល់​ការ​សម្រេច​ចិត្ត​ជ្រើសរើស​បេក្ខជន​ណាមួយ​នោះ Coach មាន​ទស្សនៈ​ផ្សេងៗ​គ្នា ហើយ​ការ​សម្រេច​ចិត្ត​របស់​នាង ព្រោះ​យល់​ថា ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។

 

“គ្រាន់​តែ​ខ្ញុំ​ដឹង​ថា បេក្ខជន​នីមួយៗ​ដែល​ខ្ញុំ​ជ្រើសរើស​គាត់​មាន​សំឡេង​ប្លែក ហើយ​ជា​សំឡេង​មាន​មនោសញ្ចេតនា និង​មាន​ទឹក​ដម ហើយ​ខ្ញុំ​នឹង​យក​គាត់​ហើយ។ តម្រូវ​ការ​ក្នុង​ចិត្ត​របស់​ខ្ញុំ មិន​ចាំ​បាច់​ស្រែក​ខ្លាំង​ពេក​ទេ”។ ពេជ្រ សោភា ថ្លែង​មក​កាន់ Sabay។ នាង​បន្ត​ថា បេក្ខជន​ក្នុង​ជម្រើស​របស់​នាង​មិន​ចាំ​បាច់​ទាល់​ស្រែង​ច្រៀង​ដូច​ម្ចាស់​ដើម​នោះ​ទេ។

 

គ្រូ​បង្វឹក​រូប​នេះ​អះអាង​ថា ការ​សម្រេច​ចិត្ត​ជ្រើសរើស​បេក្ខជន​ណា​ម្នាក់ ព្រោះ​ជា​ឱកាស​របស់​ពួក​គេ​មាន​ស្រាប់​អម​ដោយ​សមត្ថភាព។ ក្នុង​នាម​ជា​គ្រូ​បង្វឹក​គិត​ថា អាច​ផ្ដល់​បទ​ពិសោធន៍​ដែល​មាន​ទៅ​កាន់​ពួក​គេ​បន្ថែម​ទៀត ព្រោះ​បេក្ខជន​មក​ប្រឡង​តែង​មាន​ចំណុច​ខ្វះខាត។

 

ពេជ្រ សោភា ប្រាប់​គោលការណ៍​ផ្ទាល់​ខ្លួន ឆ្លើយ​តប​អ្នក​រិះគន់

 

យ៉ាង​ណា​មិញ ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពី​អត្តចរិត​របស់​នាង​កន្លង​មក ពេជ្រ សោភា លើក​ឡើង​ថា នោះ​ជា​តួនាទី​របស់​នាង​ក្នុង​ការ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​ទៅ​វិញ​ទេ ហើយ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់។ ប៉ុន្តែ​កាតព្វកិច្ច​ចម្បង គឺ​ការ​បង្ហាត់​កូន​ក្រុម​របស់​នាង។

 

“មនុស្ស​ម្នាក់​មិន​អាច​បំពេញ​ចិត្ត​មនុស្ស ១០០ នាក់​បាន​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​មើល​ហើយ​សប្បាយ​ចិត្ត មើល​ហើយ​សើច តែ​ការពិត​ខ្ញុំ​ដឹង​ខ្លួន​ឯង​រួច​ហើយ គឺ​បង្វឹក​កូន​ក្រុម”។ សោភា បន្ថែម​យ៉ាង​ដូច្នេះ។ តារា​ចម្រៀង​ដដែល​អះអាង​ថា នាង​រីករាយ​ទទួល​យក​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​មិន​មែន​ជា​ការ​បន្តុះបង្អាប់​នោះ​ទេ៕

​​

អត្ថបទ៖ សំ ជំនាញ