របប​ស៊ីរី​រឹង​ត្អឹង​លើ​វាសនា​អាសាដ ក្រុម​ហេសបូ​ឡា ប្តេជ្ញា​បន្ត​ប្រយុទ្ធ​

ក្រុងហ្សឺណែវៈ កិច្ចចរចា​សន្តិភាព​ស៊ីរី​ បាន​ជួប​ភាព​ទាល់​ច្រក​ថ្មី​មួយ​ ជុំ​វិញ​ជោគ​វាសនា​របស់​ប្រ​ធានាធិបតី បាសារ អាល់អាសាដ​ ពីថ្ងៃ​អង្គារ ខណៈ​ប្រមុខ​ក្រុម​ហេសបូ​ឡា​របស់​លីបង់ បាន​ប្តេជ្ញាថា ចលនា​និ​កាយ​ស៊ីអ៊ីត​របស់​លោក​ នឹង​បន្ត​ប្រយុទ្ធ​ជាមួយ​របបនេះ​រហូត​ដល់​ក្រុម​ជីហាដ​រដ្ឋអ៊ិស្លាម​ត្រូវបាន​ផ្តួល។

របប​ស៊ីរី​រឹង​ត្អឹង​លើ​វាសនា​អាសាដ ក្រុម​ហេសបូ​ឡា ប្តេជ្ញា​បន្ត​ប្រយុទ្ធ​

លោក Mistura (ក្រោយស្តាំ) និង Jaafari (ក្រោយ​ឆ្វេង) ក្នុង​កិច្ច​ពិភាក្សា​នៅហ្សឺ​ណែវ ពី​ថ្ងៃ​ចន្ទ។ Afp

ប្រេសិត​ស៊ីរី​របស់​ អ.ស.ប. លោក Staffan de Mistura បាននិ​យាយថា លោក​បាន​ដាក់​សម្ពាធ​លើ​ក្រុម​ដាម៉ាស ឲ្យព្រាង​ វិធីដោះ​ស្រាយ​របស់​ខ្លួន​ ចំពោះ​បញ្ហា​ដ៏​សំខាន់​ នៃការ​ផ្ទេរ​នយោបាយ​មួយ​នេះ ខណៈ​ការ​ចរចា​នៅ ក្រុង​ហ្សឺណែវ បានឈាន​ចូលដល់​សប្តាហ៍​ទីពីរ។

លោក​ De Mistura បាន​និយាយថា ប្រ​មុខ​អ្នក​ចរចា​របប​នេះ លោក​បាសារ អាល់ចាហ្វារី (Bashar al-Jaafari) បាន​ប្រាប់​លោកថា៖ «វាឆាប់​ពេក​ហើយ​ដែល​ត្រូវពិភាក្សា​អំពីវា។ សារ​របស់ខ្ញុំ​គឺ​ថា មុនកាល​កំណត់​សម្រាប់គាត់​ មានន័យ​ថា ជិត​មកដល់​ តាមទស្ស​នៈ​របស់​យើង»។

ជោគ​វាស​នារបស់ លោក អាសាដ​ គឺជា​ឧបសគ្គ​សំខាន់​មួយ​ ក្នុង​កិច្ច​ពិភាក្សា​ចុងក្រោយ​បំផុត​នេះ ក្នុង​បំណង​បញ្ចប់​សង្គ្រាមស៊ី​វិល ៥ ឆ្នាំ ដ៏បំ​ផ្លិចបំផ្លាញ​ នៅស៊ីរី​ ដែល​បានសម្លាប់​ជីវិត​មនុស្ស​ជាង​ ២៧ ម៉ឺន​នាក់​ និង​បាន​ធ្វើ​ឲ្យមនុស្ស​រាប់លាន​នាក់​ខ្ចាត់​ព្រាត់។

របប​ស៊ីរី​រឹង​ត្អឹង​លើ​វាសនា​អាសាដ ក្រុម​ហេសបូ​ឡា ប្តេជ្ញា​បន្ត​ប្រយុទ្ធ​ឯក​អគ្គរដ្ឋ​ទូត​របប​ស៊ីរី ប្រ​ចាំ​អ.ស.ប. លោក Basar al-Jaafari។ Afp

លោក​ Jaafari បាន​ច្រាន​ចោល​ការ​លើកឡើងថា លោក​អាសាដ​នឹង​ចុះ​ចេញ​ពីរដ្ឋាភិ​បាលថ្មី​ណាមួយ​ ដោយ​ថ្លែង​ថា​អនាគត​របស់​គាត់ និង​ការ​ផ្ទេរនយោ​បាយ​នោះ គឺ​ជា​បញ្ហាពីរ​ដោយ​ឡែក​ពី​គ្នា​។

លោកបាននិ​យាយថា ប្រធានាធិបតី​ អាសាដ​ គឺ​គ្មានអ្វី​ទាក់ទង​នឹង​កិច្ចពិភាក្សា​នេះទេ​ ដោយ​ទទូច​ថា ប្រធានបទ​នៃ ​ប្រធានា​ធិបតី​រូបនេះ​ គឺ​ជារឿង​ដែល​គេ​បានដក​ចេញ​ពី​ទិដ្ឋ​ភាព នេះ​រួចហើយ»។

លោក​ក៏បាន​ទទូច​ថា ក្រុង​ដាម៉ាស បានប្តេជ្ញាចិត្តចំពោះ​ដំណើរ​ការ​សន្តិភាព​នេះ ហើយ ប្រតិភូ​របស់​គាត់​ មានការ​ណែនាំ​ច្បាស់​ពីថ្នាក់​ដឹកនាំ​របស់​យើង​ឲ្យ​ទំនាក់ទំនង​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​កិច្ច​ពិភាក្សា​នេះ។

បទឈប់​បាញ់​មួយ​ផ្នែក​ ដែល​បាន​សម្រេច​ពីខែ​មុន​ បាន​បង្កើន​ក្តីសង្ឃឹម​ជាច្រើន​សម្រាប់​ការ​បញ្ចប់​អំពើហិង្សា ​ដែល​បាន​បន្ត​អុជ​បញ្ឆេះ​ថែម​ទៀត​ នៅ​ពេល​រុស្ស៊ី ជា​អ្នក​គាំទ្រ​សំខាន់​របស់​លោក​អាសាដ បាន​ប្រកាស​ពីខែ មុន​ថា ខ្លួន​នឹង​ដកទ័ព​ភាគច្រើន​ របស់​ខ្លួនពីស៊ីរី។

ប៉ុន្តែ​ភាពតាន​តឹង​ក៏បាន​ផ្ទុះ​ឡើង​ ចាប់​ពីពេល​នោះ​មក​ ដោយ​ក្រុង​ម៉ូស្គូ​បាន​ចោទ​ប្រកាន់​អាមេរិក ពី បទ​ពន្យារ​ពេល​ដែលពុំ​អាច​ទទួល យកបាន​ ក្នុង​ការ​យល់ព្រម​លើ​របៀប​ដាក់ទោស​លើ​អ្នកណាដែល​ បំពាន​បទ​ឈប់​បាញ់​ និង​ព្រមាន ថា ខ្លួន​អាច​ពឹង​កម្លាំង​ប្រឆាំង​នឹង​ក្រុម​អ្នក​រំលោភបំ​ពាន។

នៅតែមាន​ក្តីបារម្ភ​ផង​ដែរ​អំពី​ថាតើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ណា មួយ​អាចត្រូវ​អនុវត្ត​លើ​សមរភូមិ​ដ៏​ស្មុគស្មាញ​របស់​ស៊ី​រី ឬយ៉ាងណា ហើយ​ក្រុម​ហេសបូ​ឡាបាន ប្តេជ្ញា​បន្ត​នៅស៊ីរី រហូតដល់​ក្រុម IS និង​សាខា​អាល់កៃដា​នៅស៊ីរី​ត្រូវ​បាន​ផ្តួលរំលំ។

មេ​ដឹកនាំ​ហេសបូឡា លោក Hassan Nasrallah បាន​ប្រាប់​ទូរទស្សន៍​លីបង់ Al-Mayadeen ពីថ្ងៃ​អង្គារថា៖​«គ្រប់គ្នាដែល​ធ្លាប់​និ​យាយ​អំពីការ​ដក​ចេញ​របស់​យើង​ពី​ស៊ីរី គឺខុស។

លោក​បាន​បញ្ជាក់ថា៖ «យើ​ង​ទៅ​ស៊ីរី​ដើម្បី​ជួយរក្សា​ប្រទេស​នេះ​ពីការ​ធ្លាក់ទៅ​ក្នុងដៃ​ក្រុម IS និងរណសិរ្ស​ Al-Nusra ដូច្នេះ យើងមាន​ការ​ទទួលខុស​ត្រូវនៅ ទីនោះ យើង​នឹង​នៅទីនោះ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍