ក្រុមប៉េតង់ និងវាយកូនឃ្លីលើតុកម្ពុជា បានឈ្នះមេដាយមាស២នៅថៃ

ក្រុម​អត្ត​ពិក​កីឡា​ប៉េតង់ និង​ក្រុម​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​​ពាន​រង្វាន់​​ 12th Goodwill Mekong Games 2016 នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ កាល​ពី​ថ្ងៃពុធ​​ម្សិល​មិញ ប៉ុន្តែ​ក្រុម​សីប៉ាក់តា​ក្រ​កម្ពុជា បាន​ចាញ់​ក្រុម​ឡាវ។
1
បើ​តាមលោក ហ៊ុន សាមុត ប្រធាន​នាយក​ដ្ឋាន​អប់រំកាយ និង​កីឡា ដែល​បាន​ដឹក​នាំ​ក្រុម​អត្ត​ពលិក​កម្ពុជា​ចូល​រួម​ការ​ប្រកួត​នេះដោយ​ផ្ទាល់ បានឲ្យ​ដឹង​ថា៖​«​គិត​​ត្រឹម​ម៉ោង​៨យប់​ថ្ងៃពុធ ម្សិល​មិញ​នោះ កម្ពុជា​បាន​ឈ្នះ​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ១ គឺ​​ក្រុម​​កីឡា​វាយកូន​ឃ្លីលើ​តុ បាន​ឈ្នះ​មេដាយមាស​​១មុន​ បន្ទាប់​មក​ក្រុម​​ប៉េតង់​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១​លើ​វិញ្ញាសា​វាយ​គូ​ដូច​គ្នា»។

​តាម​ការ​សរសេរ​រៀប​រាប់​ជា​បន្ត​បន្ទាប់របស់​លោក ហ៊ុន សាមុត នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោកនោះ​បាន​​ថា កីឡាករ សំណាង វីរ:បុត្រ សឺង តុលា និង អ៊ុន មាសសម្បត្តិ បាន​ឈ្នះ​មេដាយ​មាស​ទី​១​ឲ្យ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ពុធលើ​វិញ្ញាសា​វាយ​ជា​ក្រុម ដោយ​ពី​ពួក​គេ​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​គឺ​ក្រុមម្ចាស់​ផ្ទះ​ថៃ ឡាវ មីយ៉ាន់ម៉ា និង​ក្រុមចិន។
2
ចំណែក​ការ​ប្រកួត​ប៉េតង់​វិញ យ៉ា ចន្ទដារារិទ្ធ និង ឃួន យ៉ារី (Cambodia-B)បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ប្រកួត​ជា​ក្រុម បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​រួម​ជាតិ​គឺ Cambodia-A របស់កីឡាការិនី ឈិន ស្រីពេជ្រ និង ម៉ី សុភ័ក្រ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ រីឯ​កីឡាករ ថោង ឈឿន និង ធា សម្ភ័ស្ស (Cambodia-C) បាន​យក​ឈ្នះ​ក្រុម​ឡាវ ដើម្បី​ទទួល​បាន​មេដាយ​សំរឹទ្ធ១​ទៀត​ឲ្យ​កម្ពុជា។

ចំណែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អត្ត​ពលិក​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ចំនួន​២​វិញ្ញាសា​ជាមួយក្រុមឡាវ គឺ​មាន​ន័យ​ថា កម្ពុជា​មាន​មេដាយ​ប្រាក់​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច ដោយ​ក្នុង​នោះ​​កីឡាករ សឺន តុលា និង សំណាង វិរ:បុត្រ នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័​ត្រ​លើ​វិញ្ញាសា​ប្រកួត​ជា​គូ ជាមួយ​ឡាវ ហើយ កីឡាករ សំណាង វិរ:បុត្រ ​ក៏​នឹងប្រកួតផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​ទោល​ជាមួយ​កីឡាករ​ឡាវ​ផង​ដែរ។

ចំណែក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ (U19) ​បាន​ប្រកួត​ឈ្នះ​​ក្រុម U-19 ​​មក​ពី​​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​លទ្ធ​ផល ៧-០ កាល​ពី​ម្សិល​មិញ​នោះ​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ស្មើ ៣-៣ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ U19ថៃ កាល​ពី​ថ្ងៃ​អង្គារ ហេតុនេះ​កម្ពុជា​នៅ​សល់​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយក្រុម​U19ឡាវ ដែល​ធ្លាប់​ឈ្នះ​ក្រុម​U19មីយ៉ាន់ម៉ា ៤-២ ក្នុងការ​ប្រកួត​បើក​ឆាក៕

រូប​ថត​យក​ពី​ហ្វេសប៊ុក​របស់​លោក ហ៊ុន សាមុត