Suarez ភិតភ័យ និងរំភើប ខណៈអ៊ុយរូហ្គាយ ប៉ះ ប្រេស៊ីល

ក្រោយពីបានស៊ូទ្រាំជាមួយនឹងការរងពិន័យព្យួរចំនួន៩ប្រកួតរបស់គេសម្រាប់ការខាំលើគូប្រកួតក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៤ តារាឆ្នើមអន្តរជាតិអ៊ុយរូហ្គាយ Luis Suarez របស់ក្លិប Barcelona កំពុងស្ថិតក្នុងអារម្មណ៍ទាំងភិតភ័យ និងរំភើបនៅមុនពេលការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងទីក្រុង Recife នៅថ្ងៃសុក្រនេះ (ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា)។
1
Suarez បានស៊ុតបាល់បញ្ចូលទី៣៧គ្រាប់សម្រាប់ក្រុម Barcelona នៅរដូវកាលនេះ ប៉ុន្តែ មិនបានលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយសោះ បើគិតចាប់តាំងពីការខាំខ្សែការពារអន្តរជាតិអ៊ីតាលី Giorgio Chiellini ក្នុងយុទ្ធនាការ World Cup កាលពី២០ខែកន្លងទៅ។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ក៏ត្រូវបានគេព្រួយបារម្ភទៅលើភាពខ្លាំង និងភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធរបស់គេផងដែរ ហើយនិងទទួលបានឱកាសមួយក្នុងការវាយសម្រុកទៅលើចំណុចខ្សោយរបស់ប្រេស៊ីល ពោលគឺតំបន់ការពាររបស់ពួកគេ ខណៈដែល Suarez ពិតជាស្រេកឃ្លានក្នុងការបង្កើតភាពអស្ចារ្យដើម្បីស្តារមុខមាត់របស់គេ។

Suarez ដែលបានបញ្ជាក់ថា ការជាប់ពិន័យព្យួរចំនួន៩ប្រកួតរបស់គេពីកីឡាបាល់ទាត់អន្តរជាតិ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ទម្រង់លេងដ៏មុតស្រួចរបស់គេនោះ បានឲ្យដឹងថា៖ «ខ្ញុំនឹងព្យាយាម និងគ្រប់គ្រងភាពរំភើប និងការភិតភ័យដែលអាចធ្វើឲ្យមានអារម្មណ៍។ ខ្ញុំត្រូវតែរក្សាការរត់ ដាក់សម្ពាធ និងប្រជែងដណ្តើមបាល់។ ជាមួយនឹងឥរិយាបថកាន់តែសមរម្យ ដែលដូចទៅនឹងអ្វីដែលខ្ញុំធ្វើនៅ Barcelona អ៊ីចឹង»។ អ៊ុយរូហ្គាយ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន៩ពិន្ទុពីការប្រកួត៤លើក ដោយដេញតាមពីក្រោយក្រុមអេក្វាទ័រ ៣ពិន្ទុ ប៉ុន្តែ នាំមុខ២ពិន្ទុលើក្រុមប្រេស៊ីល ប៉ារ៉ាហ្គាយ និងស៊ីលី។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:៤៥ព្រឹកថ្ងៃសៅរ៍ (នៅកម្ពុជា)៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

27.06.13 Brazil 2-1 Uruguay
07.06.09 Uruguay 0-4 Brazil
22.11.07 Brazil 2-1 Uruguay

ប្រភពព័ត៌មាន៖ Bangkok Post