រដ្ឋាភិបាល​ប្រកាស​ថា ​Like ទំព័រ​​​​​​ហ្វេសប៊ុក​ផ្លុវ​ការ​​របស់លោក​ ហ៊ុន សែន​​ គឺ​ជា​ Like ពិត​​ប្រាកដ

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​​របស់​រដ្ឋាភិបាល​ បាន​ធ្វើ​ការ​សន្និដ្ឋាន​​​​​​ក្នុង​របាយ​ការណ៍​មួយ​កម្រាស់​៥ទំព័រ​​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ថា ការ​អះអាង​​​​​​​ថា ​​​ការ​​​​​​​​​​​​​​​​​កើន​​ឡើង​​​​​​​​​ប្រជាប្រិយភាពរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​​តាម​ហ្វេសប៊ុក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ពី​ការ​ទិញ​ “Like” (ចូល​ចិត្ត)​ ​​​ពី​បរទេស​នោះ ”មិន​មែន​ជា​ការ​ពិត​ឡើយ ​ហើយ​វា​ជា​ការ​ប្រឌិត​”។

ចាប់​តាំង​ពី​ចុង​ខែ​មករា​មក ចំនួន​គណនី​ហ្វេសប៊ុក​​ដែល​ចុច​ Like ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​​​របស់​លោក​នាយករដ្ឋមន្ត្រី​​ បាន​កើន​ឡើង​​​​​យ៉ាង​​​​ឆាប់​រហ័ស​ ​ដោយរាប់​សែន​​​នៃ​​​​អ្នក​ប្រើ​ប្រាស់​​គណនី​​​​​​ទាំង​​​នោះ ​មាន​មូលដ្ឋាន​នៅ​បរទេស​ នេះ​បើ​យោង​តាម​ស្ថិតិ​​ប្រមូល​បានពី ​Socialbakers ដែល​​ជា​គេហទំព័រ​​វិភាគ​​​​​​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

cam-photo-likes-channa-WEB-ONLYចាប់​តាំង​ពីចំនួន Like កើន​​​​​​ឡើង​​​លើស​២លាន​កាលពី​​ពាក់​កណ្ដាល​ខែ​មករា ទំព័រ​​​​ហ្វេស​​​ប៊ុក​​​របស់​លោក ហ៊ុន សែន ​ប្រមូល​បាន​ Like យ៉ាង​ឆាប់​រហ័ស​ពី​ជុំវិញ​ពិភព​លោក​ ដោយ​​ចំនួន​ Like សរុប​របស់​លោក​នាពេល​បច្ចុប្បន្ន​មាន​ជាង​៣,៣៧​លាន​ ពោល​​​​​​គឺ​ច្រើន​ជាង​ចំនួន​ Like សរុប​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រហែល​២,៣លាន​។

យោង​តាម​គេហទំព័រ​​វិភាគ​​​​​​​ខាង​​​​​​លើ​​​​​​​​​​​ឲ្យ​ដឹង​ថា ប្រភព​​សំខាន់​បំផុត​នៃ​ Like ថ្មី​ទាំង​នេះ​​គឺ​ប្រទេស​ឥណ្ឌា​ ដែល​ចំនួន​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​គាំទ្រ​លោក ហ៊ុន សែន បាន​កើន​ឡើង​ពី​ជាង​៥.០០០​នាក់​ កាលពី​ដើម​ខែ​កុម្ភៈ ដល់​​៣៨៧.០០០​គិត​មក​ទល់​​​ម្សិលមិញ​។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​ទទួល​​​​បាន​​ Like កើន​ឡើង​ខ្លាំង​ដែរ​ពី​ប្រទេស​ថៃ​ និង​​​​ប្រទេស​ហ្វីលីពីន​។

លោក សម រង្ស៊ី បាន​​​​​​​​ផ្ដោត​​​​​​​​​​លើ​ស្ថិតិ​ទាំង​នេះ​​​​​នៅ​​​ក្នុង​យុទ្ធនាការ​​​​មួយ​​​​​​​​​​​​​ដើម្បី​​​បង្ខូច​​ប្រជា​ប្រិយភាព​​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​របស់​​​​​លោក​​​នាយក​​​​​​​​រដ្ឋ​​​​​​មន្ត្រី​​​។ ប្រធាន​គណបក្ស​ប្រឆាំង​​​​រូប​​​នេះ​​​ចោទ​ប្រកាន់​លោក ហ៊ុន​ សែន ថា​​​បាន​​​​​​ទិញ​ Like ពី​ “Click Farm”​​ ហើយ​​​​បាន​​​បង្ហោះ​រូប​ថត​ និង​ក្រាហ្វិក​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​​​​ដើម្បី​​​​​ពន្យល់​​​​​​ពី​​​​​​របៀប​​​​​​​​​​ប្រតិបត្តិ​ការ​បែប​នេះ​​​​​​​ដំណើរ​​​ការ។

លោក សម រង្ស៊ី បាន​សរសេរ​​ក្នុង​សារ​បង្ហោះ​​​​មួយថា “​មួយ​​​ចំនួន​​​​ធំ​​​​​​​​​នៃ Like ទាំង​នោះ​​​​​ទទួល​បាន​តាម​រយៈ​ការ​ជួល​​​​​​​ប្រជាជន​​​​ក្រីក្រ​ និង​គ្មាន​ការ​ងារ​​ឲ្យ​បង្កើត​គណនី​ហ្វេសប៊ុក​​ក្លែង​ក្លាយ​ដើម្បី​ផ្ដល់​ Like សិប្បនិម្មិត​​​ដល់​​​​លោក ​​ហ៊ុន សែន។ ​​​មនុស្ស​​​ភាគច្រើន​​ដែល​គេ​ជួល​​​ឲ្យ​​​​​​​​ធ្វើ​ដូច្នេះ កំពុង​​​រស់​នៅ​ឥណ្ឌា ​​​និង​​​​​​ហ្វីលីពីន”។

ទោះ​ជាយ៉ាង​ណា ​ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ ​គណៈ​កម្មា​ធិ​ការ​​ជាតិប្រឆាំង​​ភេរវកម្ម​ដែល​មាន​លោក ហ៊ុន សែន​ ជា​ប្រធាន និង​​​​​​​​​​​​​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក ​បាន​ច្រាន​ចោល​​​​ការ​អះអាង​ទាំង​នេះ​។

របាយការណ៍​ដែល​ប្រមូល​ចង​ក្រង​ដោយ​​​នាយកដ្ឋាន​​​ព័ត៌​​​​​​មាន​​​​​​​បច្ចេកវិទ្យា​នៃ​គណៈ​កម្មាធិ​​ការ​ជាតិ​​ប្រឆាំង​​​​​​ភេរវ​​​កម្ម ​​​និងផ្អែក​លើទិន្ន​ន័យ​​​​​​​​​​​​បាន​​​ពី​​​​​​ Socialbakers និងគេហ​​​ទំព័រ​​​​​​​​​វិភាគ​​​​​​​​​ហ្វេស​ប៊ុក​មួយ​​​​​​ទៀត​​​​​​ឈ្មោះ​​​​​​ថា Fanpage Karma លើក​​​​​​​​​​​ឡើង​​​​​​ថា “ចំនួន Like ទាំង​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​​​​​​​បញ្ជាក់​​​​​​ថាជា​​​អ្នក​​​​​គាំ​​​ទ្រ​​​​​​ពិត​​​​​​ប្រាកដ​​​ ក្នុង​​​​​​​​​នោះ​​​​​​​​​រួម​​​មាន​​​​​​ទាំង​​​​​​ពល​​​រដ្ឋ​​​​​​ខ្មែរ ​​​​​​និង​​​អ្នក​​​​​​គាំទ្រ​មក​​​​​​​​​​​​ពី​​​បរទេស​​​ផង​​​​​​​​​ដែរ ហើយ​​​មិន​​​បាន​​​​​​ចំណាយ​​​​​​​​​ប្រាក់​​​​​​ដើម្បី​​​​​​ទិញ​​​​​​​​​ Like ​​​​​​ទេ”។​​​​​​​​​​​​​​

របាយការណ៍​នេះ​​​បាន​បន្ត​ថា “​បើ​សម្ដេច​តេជោ ហ៊ុន សែន ​ទិញ​ Like ដើម្បី​បង្កើន​ចំនួន​​​​អ្នក​គាំទ្រ​ ឬ​ចំនួនអ្នក​​​​​​​ Like ​​​ទំព័រ​​​​​​ហ្វេស​​ប៊ុក​​​​​​របស់​​​សម្ដេច​តេជោ គឺ​ជាចំនួន​​​ខ្មោច​ដែល​​​​គ្មាន​​​ម្ចាស់​​​​​គណ​​​នី​​​​​​​​​ដូច​​​ការ​​​​​​ចោទ​​​ប្រកាន់​​​មែន​​​នោះ ម៉្លេះ​​​ទំព័រ​​​​​​​​​​​​​​​​របស់​​​​​​សម្តេច​​ ហ៊ុន សែន ​​​គ្មាន​​​​​​​​​សកម្ម​​​​​​ភាព​​​​​​ច្រើន​​​​​​ទេដូចជា  Like Comment និង Share ជា​​​​​​ដើម”។​​​​

របាយការណ៍​ចុះ​​​​​​កាល​​​​​​​​​បរិច្ឆេទ​​​​​​ថ្ងៃ​អង្គារ​​​នេះ បាន​សន្និដ្ឋាន​​​បញ្ចប់​​​​​​​​​​​​​​​​ដោយ​​​​ការ​​​​​រិះ​​​គន់​​​​​​លោក ​​សម រង្ស៊ី ខ្លាំងៗ​​​​​​​​​​​​​​​ចំពោះ​​​​ការ​ចែក​រំលែក​អត្ថបទ​មួយ​ចុះ​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​អម​​​​​​​ដោយ​​​​​​​​​​​ចំណង​ជើង​ថា “Like ទំព័រ​​​ហ្វេសប៊ុក​​​​​​ដែល​​​​​​​​​​​​លោក ហ៊ុន សែន ទទួល​​​បាន​​​ថ្មីៗ​​​នេះ ​មាន​​​តែ ​២០ ភាគ​​​​​​រយ​​​ទេ​​​មក​​​ពី​​​កម្ពុជា” ​ជា​​​ស្ថិតិ​មួយ​ដែល​​​​​​​គេ​​​​​​ស្រង់​​​​​​​​​ពី​​ដើម​ខែ​កុម្ភៈ​ដល់​ដើម​ខែ​មីនា។ ​​​​​​

របាយការណ៍​របស់​គណៈ​កម្មាធិការ​នេះ​​​​មាន​​​​​​​​​ខ្លឹម​​​​​​សារ​​​​​​​​​ដូច្នេះ​​​​​​ថា ”​ការ​ចេញ​ផ្សាយ​​​​​នេះ​ជា​​​ការ​មួល​បង្កាច់​ទាំង​ស្រុង​ ពីព្រោះ​ផ្អែក​តាម​ទិន្នន័យ​ខាង​លើ​ លទ្ធផល​​រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​មាន​​ជាង​៥៦,៣​ភាគរយ​ [ Like] ​​គឺ​ជិត​ស្មើ​​មនុស្ស​១,៩​លាន​នាក់​ គឺ​​​វា​ផ្ទុយ​ពីអ្វី​ដែល​ សម រង្ស៊ី បាន​អះអាង​”។

របាយការណ៍​បាន​សន្និដ្ឋាន​ថា “​​ដូច្នេះ​ការ​អះអាង​​របស់​​​លោក សម រង្ស៊ី ​មិន​​ពិត​ទេ វា​គ្រាន់​​​តែ​ជា​​សារ​នយោបាយ​មួយ​​​​​​​​ដើម្បី​​​​​​បោក​​​ប្រាស់​​​​ប្រជាពលរដ្ឋ​ដែល​មិន​ដឹង​អី​​​​ប៉ុណ្ណោះ”។

លោក សម រង្ស៊ី បាន​​​ចាត់​​​​​​​​​ទុក​​​​របាយ​ការណ៍​​​ទាំង​មូល​​​នេះ​​​​​​ថា​​​​គួរ​ឲ្យ​សង្ស័យ​ ហើយ​​បាន​បបួល​​​​​​លោក ហ៊ុន សែន ឲ្យ​ប្ដឹង​​​​​​រូប​លោក​ពីបទ​បរិហារ​​កេរ្ដិ៍។ លោក​​​​បាន​​​​​​លើក​​​ឡើង​​​​​​​​​​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ​”ទី១ ខ្ញុំ​មិន​​​​យល់​​​​​​ថា​​​ហេតុ​​​អី​​​​​​គណៈកម្មាធិការ​ប្រឆាំង​ភេរវកម្ម​លូក​​​​​​ដៃពាក់​ព័ន្ធ​​បញ្ហា​តូច​តាច​​រឿង​​​ Like ហ្វេសប៊ុក​នេះ​ទេ។ ទី២​ បើ​​​គេ​សន្និដ្ឋាន​ថា ការ​ Like ហ្វេស​ប៊ុក​​​​របស់​លោក ហ៊ុន សែន ពិត​ទាំង​អស់​​ (មិន​ក្លែង​ក្លាយ និង​​​មិន​ទិញ​) ​អ៊ីចឹង​​ពួកគេ​ពិត​ជា​គ្មាន​វិជ្ជា​ជីវៈ​ឡើយ ដោយ​សារ​ថាភ័ស្តុតាង​​ប្រាកដ​​មិន​អាច​ប្រកែក​បាន​ដែល​ថា មួយ​ភាគ​​​ធំ​នៃ​ Like ទាំង​នោះ​ ពិត​ជា​ក្លែង​ក្លាយ​ ឬ​​ទិញ​ពី​​ ​​click-farms​ នៅ​ក្រៅ​ប្រទេស​។ ទី៣ ខ្ញុំ​បបួល​លោក ហ៊ុន សែន ​ឲ្យ​ប្ដឹង​ខ្ញុំ​ពីបទ​បរិហារកេរ្តិ៍​​ ព្រោះ​ខ្ញុំ​អះអាង​ជា​សាធារណៈ​ថា គាត់​ជា​អ្នក​​​​បោក​​​​ប្រាស់​​​តាម​ហ្វេសប៊ុក​”។

សមាជិក​ជាច្រើន​រូប​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ ទោះ​ជា​យ៉ាង​ណា សមា​ជិក​ជាន់​ខ្ពស់​មួយ​រូប​​របស់​រដ្ឋបាល​របស់​​​លោក ហ៊ុន សែន ​បាន​បន្ត​រឿង​ក្ដី​ទាក់​ទិន​ការ​អះ​អាង​​​​ដោយ​ឡែក​​​មួយ​​​របស់​​​​​​​​​​​​​​​​លោក សម រង្ស៊ី ថា​​​គាត់ជាអ្នក​​​​ជួយ​រៀបចំ​​ការ​ Like ហ្វេសប៊ុក​ក្លែង​​​​​ក្លាយ​ទាំង​​​នោះ​​​។

លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​​នាយករដ្ឋមន្ត្រី​ បាន​ជួប​​ជាមួយ​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង​​អម​​​សាលាដំបូង​រាជធានី​ភ្នំពេញ ​រយៈ​ពេល​ជាង​១ម៉ោង​កាល​​ពី​ម្សិល​មិញ​ សម្រាប់​ការ​សាកសួរ​ពាក់​ព័ន្ធ​រឿង​ក្ដី​មួយ​ដែល​លោក​បាន​ប្ដឹង​លោក​ សម រង្ស៊ី កាល​ពី​ថ្ងៃទី១០ ខែ​មីនា។

បន្ទាប់ពី​ការ​សាកសួរ​ លោក សោម សឿន ​បាន​បក​​​ស្រាយ​​​ថា លោក​ត្រូវ​​​បង្ខំ​ចិត្ត​ការ​ពារ​ខ្លួន​​ពី​​​​ការ​ចោទ​ប្រកាន់​​ថា លោក​​បានជំរុញ​​​​ឲ្យ​សមាជិក​​បក្ស​ជាច្រើន​នាក់​បង្កើត​​ Like ក្លែង​ក្លាយ​​ ដែល​​​ជា​ផ្នែក​មួយ​​នៃ​​យន្ត​​​​​​ការ​​​​​​​​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​របស់​លោក​នាយក​រដ្ឋមន្ត្រី​។

លោក​ថ្លែង​​​​ថា “​លោក សម រង្ស៊ី បាន​ក្លែង​ព័ត៌មាន​។ គាត់ជា​​​​​​​​​​​​​​​មនុស្ស​​​​បោក​ប្រាស់ដែល​​​​និយាយ​ថា ខ្ញុំ​ជា​​​​អ្នក​​​​ណែនាំ​​​ឲ្យ​អ្នក​គាំទ្រ​ ​មន្ត្រី​ ក្នុង​នោះ​មាន​មន្ត្រី​ស៊ីវិល​ នគរ​បាល និង​យោធា​​​ផង ​ឲ្យ​បង្កើត​គណនី​​ហ្វេសប៊ុក​ក្លែង​ក្លាយ​​ដើម្បី​​​​​​បន្លំ​​​​ការ​គាំទ្រ​​សម្រាប់​សម្ដេច​នាយករដ្ឋមន្ត្រី​”។

​​​​លោក​​មាន​​​ប្រសាសន៍​​​​​​សំដៅ​ដល់​សារ​មួយ​​​ដែល​លោក​​​ផ្ញើ​ទៅ​សមាជិក​បក្សដើម្បី​​​​​​​​ជំរុញ​​​​ឲ្យ​​​ពួកគេ​​​​ជួយ​​​​​​​​​​គាំទ្រ​សម្រាប់​ទំព័រ​ហ្វេសប៊ុក​របស់​​​​លោក​​នាយក​រដ្ឋមន្ត្រី​​ថា ”វា​ប៉ះពាល់​ដល់​កិត្តិយស​​​​​ថ្នាក់​​​ដឹកនាំ​ប្រទេស​ គឺ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ និង​​​​កិត្តិយស​របស់​ខ្ញុំ​ ពីព្រោះ​គាត់​​​​បាន​​​​​​ប្រើ​សារ​របស់​​​ខ្ញុំ​​​​ដើម្បី​​​វាយ​ប្រហារ​សម្ដេច​។ ខ្ញុំ​ស្នើឲ្យ​តុលា​ការ​​​​ផ្ដន្ទាទោស​លោក សម រង្ស៊ី ​តាម​ច្បាប់​ ហើយ​​​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​​២០លាន​រៀល​”៕ សុខុម​ និង និត (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​​​​​

The post រដ្ឋាភិបាល​ប្រកាស​ថា ​Like ទំព័រ​​​​​​ហ្វេសប៊ុក​ផ្លុវ​ការ​​របស់លោក​ ហ៊ុន សែន​​ គឺ​ជា​ Like ពិត​​ប្រាកដ appeared first on ខេមបូឌា ដេលី.