មន្ត្រី​ខ្លះ​ប្រើ​ប្រាស់​លិខិត​រដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ផ្ទាល់​ខ្លួន​

កាល​ពី​ម្សិលមិញ លោក ឈាង​ វុន សមា​ជិក​សភា​គណបក្ស​កាន់​អំណាច​បាន​បដិសេធ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​​ទេ ក្រោយ​ពេល​​ប្រើ​ប្រាស់​តួនាទីក្នុង​​រដ្ឋាភិបាល​បង្ខំឱ្យ​ក្រសួង​ប្រៃ​ស​ណីយ៍ និង​ទូរគមនាគមន៍​​រុះរើ​ខ្សែ​ភ្លើង​ដែលធ្លាក់រយីង​រយោង​នៅ​មុខ​​ភោ​ជនីយដ្ឋាន​​​ដែល​លោក​គ្រប់​គ្រង។

លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​ធ្នូរបស់លោក​ ឈាង ​វុន ផ្ញើ​ជូន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​ព្រីន​លើ​ក្បាល​​​​​លិខិត​ផ្លូវការ​របស់​រដ្ឋសភា ​មាន​ការ​ចែក​រំលែក​​​​​​តៗគ្នា​តាម​ហ្វេស​ប៊ុក​កាលពី​ម្សិលមិញ ហើយ​ត្រូវ​បាន​បង្ហោះ​ទៅក្នុង​​ផេច​របស់​​សម្ព័ន្ធ​គណ​នេយ្យ​​​​​​​​ភាព​សង្គម​កម្ពុជា​ (ANSA) ជា​ក្រុម​តស៊ូ​មតិ​អភិបាល​កិច្ច​ល្អ។

ដោយ​សំដៅដល់​ភោជនីយ​ដ្ឋាន​ Midnight​របស់លោក​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​​​លោក​​​​គ្រប់គ្រង​ជាមួយ​កូន​ប្រុស​របស់​លោក នោះ​ ​លោក ឈាង​ វុន បានសរសេរ​ថា​ “​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ឯក​ឧត្តម​រដ្ឋមន្ត្រី​ហើយ ខ្ញុំ​និង​កូន​ប្រុស​របស់ខ្ញុំ​​​បាន​បើក​ភោជនីយ​ដ្ឋាន​មួយ​​នៅ​លើ​ដីឡូត៍​​លេខ​១​ ផ្លូវ​រដ្ឋសភា​ជាតិ​ សង្កាត់​​​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ”។

លោក​បន្ថែម​ថា “នៅ​មុខ​ភោជនីយដ្ឋាន​​​​ មាន​បង្គោល​ភ្លើង​បី​​​ដើម​ដែលមាន​ខ្សែទូរ​ស័ព្ទ និង​ខ្សែអីុនធឺណិត​​ខ្វាត់​ខ្វែង​ ច្រូង​ច្រាង​ ​​ជា​ហេតុ​ឲ្យ​​មាន​ការ​បារម្ភ​ពីគ្រោះ​ថ្នាក់ដែល​អាច​កើត​មាន​​ឡើង​ជា​យថាហេតុ​។ លើស​ពី​នេះ​ទៅទៀត​ បង្គោល​ភ្លើង​មួយ​ក្នុង​ចំណោម​​​បង្គោល​ភ្លើង​ទាំង​បី​បាន​ទ្រេត​គ្មាន​ជំហរ​ ដែល​​​​​ខ្ញុំ​យល់​ថា​​​អាច​ដួល​រលំ​នៅ​ពេល​ណាមួយ​ក៏​បាន​​​មក​លើ​ភោជនីយ​ដ្ឋាន​​​​និង​​ភ្ញៀវ​​ផង​ដែរ​”។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក ​ឈាង វុន បាន​មាន​ប្រសាសន៍ថា លិខិត​នេះ​ ជាលិខិត​ពិត​ប្រាកដ​ ហើយ​ថា លោក​មិន​ឃើញ​​​​​​ថា​មាន​​កា​រទាស់ខុស​​អ្វី​ឡើយ។

សមាជិក​សភាគណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បាន​មាន​ប្រសាសន៍ថា ”វា​មិន​ទាស់​ខុស​​​​អ្វី​ទេ​ក្នុងការ​ប្រើ​ប្រាស់​​ក្បាល​លិខិត​នោះ” ដោយ​​​​លោក​បាន​បន្ថែម​ថា បញ្ហានេះ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំបាន​សរសេរ​លិខិត​នេះ ព្រោះ​ប្រជា​ពល​រដ្ឋ​​សុំ​ឱ្យ​សមាជិក​សភា​ជួយ​ ដូច្នេះហើយវា​ជារឿង​ធម្មតា​ទេ​សម្រាប់​​សមាជិក​សភា​ដូច​ខ្ញុំ​​ក្នុងការ​ធ្វើ​អន្តរាគមន៍ក្នុង​បញ្ហា​នេះ។ ហើយ​កូនប្រុស​របស់​ខ្ញុំ​ក៏​ជា​​ពល​រដ្ឋម្នាក់ដែរ”។

លោក ឈាង វុន បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​មិន​បាន​ប្រើ​ឥទ្ធិពល​របស់ខ្ញុំ​ដើម្បី​ដាក់​សម្ពាធទៅលើ​​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ឡើយ។ ខ្ញុំបាន​សុំ​ឱ្យ​គាត់​ជួយ​។ ប្រសិន​បើ​យើង​បណ្តោយ​ឱ្យ​បង្គោល​ភ្លើង​ទ្រេត​ដូច​នេះ​ វាអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជា​ពល​រដ្ឋ​​ក្នុង​មូលដ្ឋាន។ ហើយ​ដោយ​ការ​គាប់​ជួន​គ្នា កូនប្រុស​របស់ខ្ញុំ​បាន​ចាប់​ផ្តើម​របរ​រក​ស៊ី​នៅ​ទីនោះដែរ ដូច្នេះ​​ខ្ញុំ​បាន​ធ្វើ​រឿង​​​​នេះ​ដោយសារ​​ការ​បារម្ភ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន និង​អ្នក​ដើរ​កាត់”។

លោក សន ជ័យ តំណាង​ប្រចាំប្រទេស​របស់​​ ANSA បាន​មានប្រសាសន៍ថា ​ការ​ប្រើ​ប្រាស់​ក្បាល​លិខិត​របស់លោក ឈាង វុន ជាឧទាហរណ៍​ច្បាស់ក្រឡែត​ពី​ការ​រំលោភ​អំណាច។

លោក​បាន​ថ្លែង​ថា “​ការ​បើក​ភោជនីយដ្ឋាន​​​គឺ​ជា​បញ្ហា​ឯក​ជន​សុទ្ធសាធ​ ដូច្នេះ​គាត់​​គួរ​ប្រើ​ក្បាល​លិខិត​ឯក​ជន​។ គាត់​មិនគួរ​ប្រើ​ក្បាល​លិខិត​រដ្ឋសភាទេ ពីព្រោះ​​ការ​ប្រើ​ក្បាល​លិខិត​​​​​ដោយ​មាន​រូបសញ្ញា​រដ្ឋសភា មានន័យ​ថា ការ​ប្រើ​ឥទ្ធិពល​របស់​រដ្ឋសភា​ដើម្បី​ជះ​ឥទ្ធិពល​ទៅលើ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គ​មនាគមន៍”។

ដោយលើកឡើង​ពី​លិខិត​រដ្ឋាភិបាល​មួយ​​​​ទៀត​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​​កាលពី​ម្សិលមិញ ដើម្បី​អញ្ជើញ​​ព្រះ​រាជ​អាជ្ញាមួយ​រូប​ចូលរួម​ពិធី​អាពាហ៍​ពិពាហ៍​កូនស្រី​របស់​មន្ត្រី​ម្នាក់​ លោក សន ជ័យ បានមាន​ប្រសាសន៍​​​ថា បទ​ល្មើស​របស់​សមាជិក​សភា​រូបនេះ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មែន​ទែន។

លិខិត​ចុះថ្ងៃទី​​២១ ខែ​មីនារបស់លោក ឈួរ ច័ន្ទ​ឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង​​មាន​ត្រា​រដ្ឋាភិបាល​ អញ្ជើញ​លោក យូ ទិត្យ​វឌ្ឍនៈ ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ទៅ​ចូល​រួម​​​ពិធី​ហែជំនូន​ពេល​ព្រឹក​​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​កូនស្រី​លោក គុយ សុផល ទេស​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ព្រះ​បរម​រាជ​វាំង​។

នៅពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក​​អភិបាល​ខេត្ត​ ឈួរ ច័ន្ទឌឿន បាន​មាន​ប្រសា​សន៍ថា គ្មាន​អ្វី​ទាស់ខុស​ទេ​ក្នុងការ​ឱ្យ​បុគ្គលិក​របស់​លោក​ផ្ញើ​លិខិត​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍នោះ ប៉ុន្តែលោក​បាន​ទទួល​​​​​ស្គាល់​​ថា គេ​មិនគួរ​ផ្ញើលិខិត​ដោយ​មានក្បាល​លិខិត​រដ្ឋាភិបាល​ឡើយ។

លោក​បាន​ថ្លែង​ថា ”រដ្ឋបាល​មាន​កំហុស​ដោយ​ការ​ចេញ​លិខិត​រដ្ឋបាល…។ វា​ក៏​ជា​កំហុស​​​​​របស់​ខ្ញុំ​ផងដែរ ពីព្រោះ​ខ្ញុំ​ប្រញាប់​ពេក​ ហើយ​បាន​ចុះ​ហត្ថលេខា​ដោយ​មិន​បាន​អាន​ ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់”។

លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ជូន​ដំណឹង​ទៅ​នាយក​ដ្ឋានរដ្ឋបាល​អំពី​កំហុស​នេះ​ហើយ​។ ពួកគេ​រីករាយ​ក្នុងការ​ទទួល​បាន​​​​​ការ​រិះគន់​ ហើយ​បាន​ប្រាប់​ឱ្យ​ប្តូរ”។

លោក សំ ចាន់គា អ្នកសម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​អភិបាល​ខេត្ត​គួរ​​ទទួល​ខុសត្រូវ​បន្ថែម​ទៀត។​

លោក​បាន​ថ្លែង​ថា “​វាជាការ​មិន​ត្រឹម​ត្រូវ​ទេ ដែលលោក​អភិបាល​ចេញ​លិខិត​រដ្ឋបាល​ដោយ​មាន​ត្រាផ្ញើ​លិខិត​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម​ពិធី​ឯក​ជន​”។

លោក​បានមានប្រសាសន៍​បន្ថែមទៀត​​ថា “​ការ​ប្រើ​ប្រាស់​លិខិត​រដ្ឋបាល​ដោយ​មាន​ត្រា មាន​ន័យ​ថា វា​ជាការ​គំរាម​ឱ្យ​ចូល​រួម​។ គាត់​មិន​គួរ​ប្រើ​អំណាច​របស់រដ្ឋ​​បញ្ជា​ឱ្យ​នរណា​ម្នាក់​មក​ចូលរួម​ក្នុង​ពិធីលក្ខណៈឯក​ជន​ឡើយ”៕សារុន​​​​

The post មន្ត្រី​ខ្លះ​ប្រើ​ប្រាស់​លិខិត​រដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ផ្ទាល់​ខ្លួន​ appeared first on ខេមបូឌា ដេលី.