អ្នក​រាយការណ៍​សិទ្ធិមនុស្ស​អ.ស.ប​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង ឬ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង។

ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ លោក អេង ឆៃអ៊ាង បាន​ពន្យល់​អ្នកស្រី រ៉ូណា ស្មីត អំពី​យន្តការ​បណ្ដឹង របៀប​ទទួល​ពាក្យ​បណ្ដឹង ដំណើរ​ការ​បណ្ដឹង ព្រម​ទាំង​ប្រភេទ​រឿង​ក្ដី​នានា ដែល​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​បាន​ទទួល​ពី​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក អេង ឆៃអ៊ាង ដើម្បី​សួរ​បន្ថែម​ជុំវិញ​ជំនួប​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធាន​​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង​នៃ​ព្រឹទ្ធ​សភា លោក គង់ គាំ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម។

ក្នុង​នាម​ជា​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​ចូល​កាន់​តំណែង​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៥ មក អ្នកស្រី រ៉ូណា ស្មីត បាន​ដាក់​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ម្ដង​រួច​ហើយ ក្រោយ​ពី​អ្នកស្រី​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ មក​កាន់​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥។

​អ្នកស្រី​ក៏​គ្រោង​ដាក់​របាយការណ៍​ទី​២ ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។