រោងចក្រផលិតស៊ីម៉ងត៍ ដ៏ធំបំផុតមួយនឹង ត្រូវសង់ឡើងនៅខេត្តកំពត

ខេត្តកំពត៖ រោងចក្រស៊ីម៉ងត៍ធំជាងគេ និងទំនើបជាងគេនៅកម្ពុជា ត្រូវបានបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦នេះ។

រោងចក្រស៊ីម៉ងត៍នេះគឺជាសមិទ្ធិផល នៃក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលកើតចេញពីការវិនិយោគរួមគ្នា គិតជាទឹកប្រាក់ ២៦២លានដុល្លារសហរដ្ឋអាមេរិក រវាងក្រុមហ៊ុន ជីប ម៉ុង ស៊ីមេន គ្រុប និង ក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង៤០ឆ្នាំក្នុងការផលិត ស៊ីម៉ងត៍ដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ាន។ រោងចក្រថ្មីនេះនឹងត្រូវបានបំពាក់ដោយសម្ភារៈ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសចិន និងអាល្លឺម៉ង់ ហើយនឹងមានសមត្ថភាព ផលិតស៊ីម៉ងត៍បាន៥ពាន់តោនក្នុងមួយថ្ងៃ។

លោកឧកញ៉ាលាង ឃុន ម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន បានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាថា រោងចក្រថ្មីនេះត្រូវបានរចនាឡើងដើម្បីអនុលោមតាម បទដ្ឋានគុណភាពអន្តរជាតិ និងសន្សំសំចៃថាមពល។ រោងចក្រនេះនឹងត្រូវបាន ដំណើរការតាមបទដ្ឋានអន្តរជាតិ និងផ្តល់សេវាដោយបុគ្គលិកដែលនឹងទទួលការ បណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ដើម្បីធានាសុខមាលភាពដល់សហគមន៍ ដែលនៅក្បែររោងចក្រ និងរក្សាទំនាក់ទំនងល្អ ជាមួយដៃគូពាក់ព័ន្ធទាំងអស់។

លោកឧកញ៉ា លាង ឃុន បានឲ្យដឹងទៀតថា «រោងចក្រផលិតស៊ីម៉ងត៍មួយនេះនឹងផ្តល់ផល ប្រយោជន៍សេដ្ឋកិច្ច និងប្រយោជន៍ផ្សេងៗជា ច្រើនទៀតដល់កម្ពុជាតាមរយៈការកាត់ បន្ថយបន្ទុកក្នុងការ នាំចូលស៊ីម៉ងត៍ពីបរទេស ការប្រើប្រាស់ធនធានធម្មជាតិ ដោយភាពឆ្លាតវៃ ការកាត់បន្ថយអត្រាភាពក្រីក្រ និងការកាត់បន្ថយចំនួនកម្មករចំណាកស្រុកទៅបរទេស»។

លើសពីនេះ រោងចក្រស៊ីម៉ងត៍ដ៏ធំនេះ នឹងផ្តល់ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋកម្ពុជា។ លោកឧកញ៉ា លាង ឃុន បានបញ្ជាក់ថា ពេលកំពុងសាងសង់ រោងចក្រត្រូវការកម្លាំងពលកម្មពី៦០០ទៅ១,៨០០នាក់ ហើយពេលសាងសង់រួច រោងចក្រនឹងផ្តល់ការងារដោយផ្ទាល់ចំនួន៥០០នាក់ និងដោយប្រយោលចំនួន ៥ពាន់នាក់ទៀត។ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានសាទរលើគម្រោងសាងសង់រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនេះផងដែរ។ សម្តេចបានមានប្រសាសន៍ថា «ការវិនិយោគរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន លើគម្រោងសាងសង់រោងចក្រស៊ីម៉ងត៍នេះគឺជាការវិនិយោគលើអនាគតរបស់កម្ពុជា»។ សម្តេចបន្ថែមថា រោងចក្រខ្នាតធំនេះនឹងជួយបំពេញតម្រូវការស៊ីម៉ងត៍ក្នុងវិស័យសំណង់កម្ពុជាដែលកំពុងរីកចម្រើនខ្លាំង។ 

បើតាមការអះអាងរបស់ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន រោងចក្រស៊ីម៉ងត៍នេះនឹងក្លាយជារោងចក្រស៊ីម៉ងត៍ដ៏ធំបំផុត ទំនើបបំផុត សន្សំសំចៃថាមពលបំផុត និងបញ្ចេញកាកសំណល់សារធាតុកាបូនទាបបំផុត នៅក្នុងប្រទេសកម្ពុជា៕​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត