ISIS អបអរសាទរ ការវាយប្រហារ លើទីក្រុង ព្រុចសែល ដោយការចែកស្ករគ្រាប់ ឲ្យក្មេងៗ

ស៊ីរី៖ ក្រោយពីមានអំពើភេរវកម្ម វាយប្រហារដោយការ របស់ប្រទេសប៊ែលហ្សិកហើយនោះ ពួករដ្ឋឥស្លាមជ្រុលនិយម ISIS បានចេញមុខថាខ្លួនជាអ្នកនៅពីក្រោយ និងថែមទាំងពេលថ្មីៗនេះ បានធ្វើការអបអរចំពោះការវាយប្រហារដ៏ជោគជ័យនេះទៀតផង

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតជាច្រើន ត្រូវបានបង្ហោះនៅលើបណ្តាញអ៊ិនធើណេត ដោយបង្ហាញពី សកម្មភាពរបស់ ក្រុមសកម្មជន ISIS ដើរចែកស្ករគ្រាប់ និងវត្ថុផ្សេងៗទៀត ដល់ក្មេង និងបុរសជាច្រើននាក់ ដែលស្ថិតនៅក្នុងខេត្ត Deir Ezzor របស់ប្រទេស ស៊ីរី។

បើតាមការបញ្ជាក់ ដែលភ្ជាប់មកជាមួយ នឹងរូបភាពទាំងនោះ បានបង្ហាញថា សកម្មភាពរបស់ក្រុម ISIS ក្នុងការចែកស្ករគ្រាប់ ដល់ក្មេងៗ និងបុរសជាជនជាតិ មូស្លីម គឺធ្វើឡើងដើម្បី ជាការអបអរសាទរ លើភាពជោគជ័យនៃការវាយប្រហារ ទៅលើក្រុមប្រឆាំងសាសនារបស់ខ្លួន ក្នុងទីក្រុងព្រុចសែល។
យ៉ាងណាមិញ នៅក្នុងរូបថតទាំងនោះ គឺមិនបានឃើញ ក្រុមសកម្មជនទាំងនោះ នាំយកកាដូចែកជូនដល់ នារីៗណាម្នាក់ឡើយ។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក្រុមសកម្មជន ISIS បានធ្វើការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើទីក្រុងព្រុចសែល ដែលបានបង្កឲ្យមានមនុស្សស្លាប់ យ៉ាងតិច៣០នាក់ និងជាង២០០នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ជាមួយគ្នានេះដែរ ក្រុមអាជ្ញាធររបស់ប្រទេស ប៊ែលហ្សិក ក៏កំពុងប្រឹងប្រែង តាមស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹង អំពើវាយប្រហារនេះ ស្របពេលដែល បណ្តាប្រទេស ជាពិសេសក្នុងទ្វីបអ៊ឺរ៉ុប កំពុងធ្វើការរឹតបន្តឹង ផ្នែកសន្តិសុខ យ៉ាងតឹងតែង ដើម្បីការពារពី ការវាយប្រហារភេរវកម្ម ពីសំណាក់ក្រុមភេរវករទាំងនោះ

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត