ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់ ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​

​សៀមរាប:
​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត  ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី អ៊ុំ អមរា ស្នងការរង​ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​ខេត្ត និង​លោកវ​រេស​នី​យ​ឯក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់​ខុសច្បាប់ រួច​នាំយក​ម្ចាស់​ទីតាំង​មក​​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​។​

​ហេតុ​ការណ៍ចុះ​បង្ក្រាប​ករណី​ខាងលើនេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ដី​ឡូ​ត៍មួយកន្លែង ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខណៈ​ត្រូវបាន​កម្លាំង​ជំនាញ​បាន​តាមដាន​យ៉ាង​ល្អិតល្អន់ ទើប​ធ្វើការ​ឃាត់​បាន​ភ្លាមៗ​។​

លោក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សៀមរាប បាន​បញ្ជាក់ថា ​នៅវេលា​ម៉ោង​៤​និង​៥៩​នាទី​រសៀល ​ថ្ងៃទី​២៣​ខែ​មីនា​ឆ្នាំ​២០១៦​ ករណី​ដែល​ក្រុមហ៊ុន​នាំ​ឆ្អឹង​មាន់​ចូល​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​គឺជា​ចំណី​សត្វ​ក្រពើ​ទេ មិនមែន​ជាការ​នាំចូល​យកមក​លក់ដូរ​ឱ្យ​អាជីវករ​តាម​ហាង​នោះទេ គឺ​សម្រាប់​លក់​ឱ្យទៅ​ម្ចាស់​ចិញ្ចឹម​ក្រពើតែប៉ុណ្ណោះ តាម​ការបញ្ជាក់​អះអាង​ពី​ម្ចាស់​។​លោក​បាន​បន្តថា ម្ចាស់​ទីតាំង​មានឈ្មោះ លុយ តាំង ឈ​យ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែលជា​តំណាងឱ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ធូ ខេន អេ​ហ្គ្រី​ខ​ល​ឈ័​រ អ៊ី​ម​ផត​និង​អិ​ច​ផត គឺមាន​ច្បាប់​ត្រឹមត្រូវ​ចេញពី​ក្រសួងពាណិជ្ជកម្ម​និង​ពន្ធដារ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចេញ​ដោយរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​រដ្ឋលេខាធិការ សំ សិរី​រត​ន៏​។​

លោក​បាន​បញ្ជាក់ទៀតថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​និង​នាំ​ម្ចាស់​ទីតាំង​យកមក​ធ្វើការ​សួរនាំ​រួចមក កម្លាំង​ជំនាញ​ក៏បាន​ឲ្យម្ចាស់​ទៅ​បង្ហាញ​ទីតាំង​ចិញ្ចឹម​ក្រពើ​នៅតាម​បណ្តោយ​ក្រវាត់​ក្រុង ដើម្បីឱ្យ​គាត់​យក​ចំណី​ឆ្អឹង​មាន់​ទាំងនោះ ដែល​បាន​កិន​រួច​មកឱ្យ​ក្រពើ​ស៊ី ដើម្បី​បញ្ជាក់ថា តើ​សត្វ​ក្រពើ​ទាំងនេះ​វា​ស៊ី​ចំណី​នោះ​ដែរឬទេ ប្រសិនបើ​វា​មិន​ស៊ីសាច់​នោះ កម្លាំង​ជំនាញនឹងមាន​វិធានការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​លោក​បញ្ជាក់​បន្ថែមថា ក្រោយពី​យក​ចំណី​ទាំងនោះ​ឱ្យ​វា​ស៊ី ដូច​ការសន្និដ្ឋាន​រប​ស់លោក​មែន ដូច្នេះ​ករណី​​ទាំងអស់នេះ គឺ​លោក​បានឱ្យ​ម្ចាស់​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃដដែល ដោយ​គ្មាន​ការសង្ស័យ​ពី​ហេតុផល​អ្វី​នោះ​ទៀត​ទេ​៕

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់ ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់ ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់ ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់ ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​

 ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចុះបង្ក្រាប​ករណី​ឆ្អឹង​មាន់​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​(រូបៈ​គូលែន​)