ទប់ចិត្ត​មិនបាន​នឹង​ការប្រមាថ ​វាយ​ធ្វើបាប យក​កាំបិតផ្គាក់​កាប់​របួសធ្ងន់

​កំពង់ឆ្នាំង:
ឪពុក​ម្នាក់​ទប់ចិត្ត​មិនបាន បានទាញ​កាំបិតផ្គាក់​កាប់​កូនបង្កើត​ដើម្បី​ការពារ​ខ្លួន ក្រោយពី​កូនប្រុស​បង្កើត​ស្រវឹងខួប​ជេរ​ប្រមាថ និងវាយ​ទាត់​ធាក់​ឪពុក​ដែលមាន​វ័យ​ចំណាស់​ទៅហើយ ។   ហិង្សា​រវាង​ឪពុក​និង​កូន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​បានអោយដឹង​ថា ឪពុក​ដែល​សមត្ថកិច្ច​​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ចាន់ សារ៉េត អាយុ​៦៣​ឆ្នាំ ចំណែកឯ​កូន​ប្រុសរ​ង​គ្រោះ​ដោយ​ឪពុក​កាប់​មានឈ្មោះ​ប៉េ​ស សារ៉ាត់ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
​    ​
សមត្ថកិច្ច​បាឲ្យដឹង​ថា នៅមុន​ផ្ទុះ​អំពើហិង្សា​រវាង​កូន​និង​ឪពុក​នេះ កូនប្រុស​បាន​ផឹក​ស្រាស្រវឹង​មួយថ្ងៃ​ទៅហើយ គឺ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នៅពេល​មកដល់​ផ្ទះ ​កូនប្រុស​ឈ្មោះ​ប៉េ​ស សារ៉ាត់​នេះបាន​រករឿង​អ្នកផ្ទះ ពេលនោះ​ឪពុក​បង្កើត​ដែល​នៅផ្ទះ​ក្បែរ​នោះបាន​ប្រាប់ឲ្យសម្រាក​ទៅ បើ​ស្រវឹង​ហើយ​  កុំ​ឡូឡារករឿង​គេឯង។ ពេលឮ​ឪពុក​ប្រាប់​ដូចនេះ កូនប្រុសរូបនេះ​បាន​សួររក​មុខអាណា​និយាយ​មិញ ? ពេល​សួរ​ចប់​ ក៏ដើរ​សំដៅ​ទៅរក​ឪពុក ​រួច​ជេរ​ប្រមាថ​ដោយ​សម្ដី​មិន​សមរម្យ​ជា​កូន ថែមទាំង​ទាត់​ឪពុក​ទៀត ពេលនោះ​ឪពុក​ទ្រាំ​នឹង​ទង្វើ​របស់​កូន​មិនបាន ទប់ចិត្ត​លែងកើត ក៏​ស្ទុះ​យក​កាំបិតផ្គាក់​ដែល​នៅក្បែរ​ខ្លួនកាន់​ដើម្បី​ការពារ​ខ្លួន និង​ប្រាប់​កុំអោយ​កូន​ធ្វើបែប នេះ តែ​កូន​មិន​ស្តាប់​នៅតែ​ធ្វើ​ផ្គើន ឪពុក​ក៏គ្រវាស​កំបិត​នោះ​ទៅ​ចំ​កូន​ចំនួន​៣​កន្លែង ត្រូវថ្ពា​ល់ ទ្រូង និងខ្នង បណ្តាលឲ្យ​កូនប្រុស​ធ្លាក់​ពីលើផ្ទះ​របួស​ឈាម​ក្រហមច្រាល​តែម្តង​។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ឃាត់​ឪពុក​ដើម្បី​សាកសួរ និងកសាង​សំណុំរឿង​​បញ្ជូន​បុរស​រូបនេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ទប់ចិត្ត​មិនបាន​នឹង​ការប្រមាថ ​វាយ​ធ្វើបាប យក​កាំបិតផ្គាក់​កាប់​របួសធ្ងន់

ទប់ចិត្ត​មិនបាន​នឹង​ការប្រមាថ ​វាយ​ធ្វើបាប យក​កាំបិតផ្គាក់​កាប់​របួសធ្ងន់

​    ​