បើក​រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង របួស​ធ្ងន់​ស្រាល​២​នាក់​

បើក​រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង របួស​ធ្ងន់​ស្រាល​២​នាក់​



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​ បើក​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់​នៅ​នឹង​កន្លែង​កាល​ពី​វេលា​ម៉ោង​៥​ថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ផ្លូវបំបែក​ចេញពី​ទឹក​ស្អាត ស្ថិត​ក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

លោក​វរសេនីយ៍ទោ​ សន​ គឹ​ន​សួ​គ៍​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម៉ា​រី ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A 2277​ បើក​ដោយ​ឈ្មោះ ឃុ​ត ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បើក​ចេញពី​ផ្លូវ​ចូល​ទឹក​ស្អាត​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​ល្បឿន​លឿន ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ស្របពេលនោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ទ្រី C125 ពណ៌​ខ្មៅ ស៊េរី​2014 ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1L 0283 បើក​ដោយ​ឈ្មោះ​ហឿន រី​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ និង​ដឹក​កូន​ម្នាក់​មានឈ្មោះ ​រី​ម ​រួម​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​ពី​លិច​ទៅ​កើត​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​កាមរី​នោះ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ឈ្មោះ រី​ម រួម របួសធ្ងន់ និង​ឪពុក​របួសស្រាល។ ហើយ​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ទេវិន្ទ​រក្សាសុខ​។ រីឯ​រថយន្ត ​និង​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕​