ការ​ផ្សព្វផ្សាយ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​ចំនួន​៣៥៥​នាក់ ​នៅ​អនុវិទ្យាល័យ​ទឹកថ្លា​

ការ​ផ្សព្វផ្សាយ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​ចំនួន​៣៥៥​នាក់ ​នៅ​អនុវិទ្យាល័យ​ទឹកថ្លា​



បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ ​សិស្សានុសិស្ស​ចំនួន​៣៥៥​នាក់​រៀន​នៅ​អនុវិទ្យាល័យ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ​ទទួល​បាន​ការ​ផ្សព្វផ្សាយ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយមាន​ការ​ចូល​រួម​លោក​វរសេនីយ៍ត្រី សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

លោក ​សួន ​នី​ប៉ូ​ បាន​និយាយ​ក្នុង​ពិធី​នោះ​ថា​ ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​ចូលរួម​គោរព​ច្បាប់ ​និង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​គ្រា​ដែល​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​គេ​មើល​ឃើញ​ថា​ នៅ​តែ​បន្ត​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​បន្តបន្ទាប់​គួរ​ឲ្យ​បារម្ភ។​

លោក​ សួន ​នី​ប៉ូ​ បាន​បញ្ជាក់​ទៀត​ថា ​នគរបាល​ចរាចរណ៍​សព្វថ្ងៃ​នេះ​កំពុង​តែ​មាន​វិធានការ​រឹត​បន្តឹង​ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ធ្វើការ​ផាក​ពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាដើម​។​

លោក​បាន​លើក​ឡើង​ថា​ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​គេ​មើលឃើញថា​បាន​កើត​ឡើង​គ្រោះថ្នាក់​ជា​ញឹកញាប់​ទៅលើ​យុវជន​មាន​អត្រា​ខ្ពស់​ ហើយ​គឺជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។​

ហើយ​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅពេលនោះ​ ក៏បាន​ធ្វើការ​បង្រៀន​នូវ​ខ្លឹមសារ​រួមមាន​១-​អត្ថប្រយោជន៍​ពាក់មួក​សុវត្ថិភាព ​និង​ម៉ូតូ​ដាក់​កញ្ចក់​មើល​ក្រោយ​។ ២-​បញ្ហា​ល្បឿន។ ៣-​របៀប​បើក​ឡើង​ជែង​។ ៤-​ប្ដូរ​គន្លង​បត់​ឆ្វេង។ ៥-​សិទ្ធិ​អាទិភាព​នៅ​ពេល​បើកបរ​។ ៦-​បញ្ហា​ជាតិ​អាកុល​។ ៧-​បង្រៀន​ឲ្យ​ចេះ​មើល​ស្លាក​សញ្ញា​ចរាចរណ៍ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើងជា​ញឹកញាប់​ភាគច្រើន​ផ្តើម​ចេញ​ការ​បើកបរ​ល្បឿន​លឿន បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ​និង​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព ចុង​បញ្ចប់​ក៏​មាន​ការ​សួរ​សំណួរ​ និង​ឆ្លើយ​ស្តីពី​ច្បាប់​ចរាចរណ៍​ជូន​ដល់​សិស្ស​ ហើយក៏​បាន​ផ្តល់​ជូន​សិស្ស​ឆ្នើម​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​ចំនួន​១០​នាក់ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​មួក​សុវត្ថិភាព​១​ផង​ដែរ​៕​

ការ​ផ្សព្វផ្សាយ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​ចំនួន​៣៥៥​នាក់ ​នៅ​អនុវិទ្យាល័យ​ទឹកថ្លា​