រថយន្ត​ក្រុង​១៨០​គ្រឿង​ ដែល​ជា​ជំនួយ​របស់​ជប៉ុន​ ​នឹង​មក​ដល់​ភ្នំពេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

រថយន្ត​ក្រុង​១៨០​គ្រឿង​ ដែល​ជា​ជំនួយ​របស់​ជប៉ុន​ ​នឹង​មក​ដល់​ភ្នំពេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ



ភ្នំពេញ ​៖​ រថយន្តក្រុង​ ដែល​ជា​ជំនួយ​មកពី​ប្រទេស​ជប៉ុន​ចំនួន​១៨០​គ្រឿង រួម​នឹង​អ្នកបច្ចេកទេស​ នឹង​មកដល់​ភ្នំពេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៤​ថ្ងៃ ក្នុង​ន័យ​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៅ​តាម​បណ្ដា​ទីក្រុង​មួយ​ចំនួន​នៃ​ប្រទេស​ជប៉ុន ហើយ​នៅ​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​នោះ​ ក៏​នឹង​និយាយ​ពី​ការ​នាំ​រថយន្តក្រុង​ទាំង​១៨០​គ្រឿង រួម​នឹង​អ្នកបច្ចេកទេស​មក​ជាមួយ​ផង​ដែរ។

លោក​ឡុង ឌី​ម៉​ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​មុន​ពេល​ឡើង​យន្តហោះ ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាលា​រាជធានី​ភ្នំពេញ គឺធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​អភិបាល​ទីក្រុង​តូក្យូ និង​អភិបាល​ទីក្រុង​គី​តា​គី​ហ្ស៊ូ ដែល​ស្ថិត​ក្នុង​ខេត្ត​មួយ​របស់​ប្រទេស​ជប៉ុន​។

លោក​បញ្ជាក់​ថា ក្នុង​ឱកាស​ស្នាក់នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​ប៉ា សុជាតិ​វង្ស នឹង​ជំរុញ​ឲ្យ​មានការ​ផ្ដល់​រថយន្តក្រុង​ពី​ប្រទេស​ជប៉ុន​ចំនួន​១៨០​គ្រឿង ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ជួយ​ដល់​សេវា​រថយន្តក្រុង​សាធារណៈ​​របស់​រាជធានី​ភ្នំពេញ តាមរយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA)។

មន្ត្រី​នាំ​ពាក្យ​មានប្រសាសន៍​ថា “​លោក​អភិបាល​នឹង​ពិភាក្សា​ធ្វើ​យ៉ាងម៉េច​ជំរុញ​ឲ្យ​រថយន្ត​ទាំងនោះ​មកដល់​កម្ពុជា​ឲ្យ​បាន​ឆាប់ ទាំង​រថយន្ត ទាំង​អ្នកបច្ចេកទេស និង​អ្នក​ជួសជុល និង​ថែទាំ​”​។

កាលពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ផ្តល់​រថយន្តក្រុង​ចំនួន​១៨០​គ្រឿង ដើម្បី​ពង្រីក​សេវា​ដឹកជញ្ជូន​សាធារណៈ​នៅ​ភ្នំពេញ ខណៈ​សេវា​រថយន្តក្រុង​សាធារណៈ​របស់​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​មិនទាន់​បម្រើ​ដល់​អ្នកដំណើរ​ធំ​ទូលាយ​នៅឡើយ។ ទន្ទឹមនឹង​ការ​រង់ចាំ​ជំនួយ​ពី​ប្រទេស​ជប៉ុន អាជ្ញាធរ​ភ្នំពេញ​ក៏បាន​ជំរុញ​ជំនួយ​រថយន្តក្រុង​ពី​ប្រទេស​ចិន​១០០​គ្រឿង ដើម្បី​បន្ថែម​សេវា​រថយន្តក្រុង​សព្វថ្ងៃ ​ដែល​មាន​ត្រឹមតែ​៥៧​គ្រឿង ក្នុងចំណោម​ផ្លូវ​រត់​៣​ខ្សែ។

លោក​ប៉ា សុជាតិ​វង្ស ក្នុង​ឱកាស​ស្នាក់នៅ​ប្រទេស​ជប៉ុន​រហូតដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ក៏​មាន​កម្មវិធី​ជួបពិភាក្សា​លើ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​​​ផ្នែក​ដឹកជញ្ជូន ការរៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ បរិស្ថាន អនាម័យ ការ​សន្សំសំចៃ​ថាមពល ជាដើម ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​របស់​លោក ឡុង ឌី​ម៉​ង់។

លោក​អភិបាល ក៏មាន​កម្មវិធី​ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​អង្គការ JICA និង​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​។ ជាមួយគ្នានេះ ក៏​នឹងធ្វើ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចង​សម្ពន្ធភាព​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​គី​តា​គី​ហ្ស៊ូ ដែល​បច្ចុប្បន្ន​ទីក្រុង​ទាំងពីរ កំពុងមាន​ស្ថានភាព​ភូមិសាស្ត្រ និង​ចំនួន​ប្រជាជន​ប្រហាក់​ប្រហែលគ្នា​។ រាជធានី​ភ្នំពេញ រំពឹងថា នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​សម្ពន្ធភាព​ជាមួយ​ទីក្រុង​គី​តា​គី​ហ្ស៊ូ៕

រថយន្ត​ក្រុង​១៨០​គ្រឿង​ ដែល​ជា​ជំនួយ​របស់​ជប៉ុន​ ​នឹង​មក​ដល់​ភ្នំពេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

រថយន្ត​ក្រុង​១៨០​គ្រឿង​ ដែល​ជា​ជំនួយ​របស់​ជប៉ុន​ ​នឹង​មក​ដល់​ភ្នំពេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ