នគរបាល​ម្នាក់​រវល់​បំពេញភារកិច្ច​ដើម្បី​បម្រើ​មាតុភូមិ​ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ម៉ត់

នគរបាល​ម្នាក់​រវល់​បំពេញភារកិច្ច​ដើម្បី​បម្រើ​មាតុភូមិ​ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ម៉ត់



ព្រះវិហារ ៖ ​លំនៅឋាន​១​ខ្នង​ធ្វើ​ពី​ឈើ ​ប្រក់​ស័ង្កសី​ សង់​លើ​ដី​ទ្បូត៍​​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ ឃុំ​ស្រអែម ​ស្រុក​ជាំ​ក្សាន្ត​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​រួម​ទាំង​ទ្រព្យសម្បត្តិ​ក្នុង​លំនៅឋាន​នោះ​ផង ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា ​ឆ្នាំ​២០១៦។

សេចក្តីរាយការណ៍​បានឲ្យដឹងថា ​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​សន្ធោសន្ធៅ​នោះ ​វា​ឆាបឆេះ​ទៅតាម​ដំណើរ​ ព្រោះតែ​ពលរដ្ឋ ​និង​អាជ្ញាធរ​មិន​មាន​លទ្ធភាព​អន្តរាគមន៍​​ ជួយ​ពន្លត់ភ្លើង​បាន​ទាន់​ពេល​វេលា​ ម្យ៉ាងទៀត​មាន​មនុស្ស​រស់នៅ​តិចតួច​ផង​ដែរ។

អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែមីនា​នេះ​ថា​ ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ហើយ​ឆេះ​បំផ្លាញ​សម្ភារៈ​តិចតួច​ប៉ុណ្ណោះ។ ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ​ជា​កម្ម​សិទ្ធ​របស់​លោក​ស៊ឹម​ ធី​ មន្ដ្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧៩៥​ទិស​ជួរមុខ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានឲ្យដឹងថា ក្នុង​ថ្ងៃ​កើត​ហេតុ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ទៅ​ផ្សា​រ ហើយ​ទុក​កូនស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ឲ្យ​នៅ​ចាំផ្ទះ​ដើម្បី​ជួយ​ដាំបាយ​ ហើយ​ក៏​ត្រូវ​ភ្លើង​ចង្ក្រាន​ឆាបឆេះ​ផ្ទះ​តែម្តង។ រីឯ​លោក​ស៊ឹម​ ធី​ នៅ​ក្នុង​ថ្ងៃ​នោះ ​ជាប់រវល់​បំពេញភារកិច្ច​នៅ​ឯ​អង្គភាព​របស់​ខ្លួន។

មក​ដល់​ថ្ងៃនេះ​អាជ្ញាធរ​មូលដ្ឋាន​ និង​មេ​អង្គភាព​វរៈ​ការពារ​ព្រំដែន​គោក​៧៩៥​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​រៃអង្គាស​គ្នា​ជា​លក្ខណៈ​សប្បុរសធម៌​ជួយ​សង់ផ្ទះ​ថ្មី​មួយ​ខ្នង​វិញ​ឲ្យ​លោក​ស៊ឹម​ធី​បាន​រស់នៅ​ជួបជុំ​ប្រពន្ធ​កូន​ផង​ដែរ៕