ប៊ែ​ល​ហ្ស៊ិ​ក​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល​

​ប្រ៊ុ​ច​សែ​ល​៖ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ប៊ែ​ល​ហ្ស៊ិ​កបាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប៉ូលីស​ប៊ែ​ល​ហ្ស៊ិ​ក​បានបង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ដ៏​សំខាន់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល និង​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​អាចជា​ជន​នៅ​ពីក្រោយ​ការ​វា​ប្រហារ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ខែ​វិច្ចិកា​ឆ្នាំមុន​។​

 

​ជនសង្ស័យ​ឈ្មោះ Najim Laachraoui អាយុ​២៥​ឆ្នាំ​ត្រូវបាន​ជឿជាក់ថា​ជា​បុរស​ដែល​ថត​ជាប់​នៅក្នុង​កាមេរ៉ា​សុ​វត្ថ​ភាព កំពុង​រុញ​រទេះ​ដាក់​ឥ​វ៉ាន់​រួមជាមួយ​គ្នីគ្នា​របស់ខ្លួន ហើយ​បន្ទាប់មក​បាន​រត់ចេញ​ពី​អគារ​ព្រលានយន្តហោះ​ប្រ៊ុ​ច​សែ​ល​។  

 

​នៅ​ថ្មីៗ​នេះ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​បាន​រាយការណ៍​ថា ជនសង្ស័យ​នេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​សង្កាត់ Anderlecht ទីក្រុង​ប្រ៊ុ​ច​សែ​ល ប៉ុន្តែ​ក្រោយមក​បាន​រាយការណ៍​ថា​ជន​ដែល​ត្រូវបាន​ឃុំខ្លួន​នោះ​មិនមែន Laachraoui ទេ​។​

 

​ប៉ូលីស​និង​ក្រុមព្រះ​រាជអាជ្ញា​បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ ប៉ុន្តែ​សហព័ន្ធ​ព្រះរាជអាជ្ញា​គ្រោង​និង​ធ្វើ​ស​ន្និសិទ​សារព័ត៌​មាននៅ​ថ្ងៃ​ពុធ​នេះ​។ 

 

​លោក Maggie De Block រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​តាម​ទូរទស្សន៍ VRT ថា ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​ក្នុង​រដ្ឋធានី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ដែលជា​ទីតាំង​មូលដ្ឋាន​របស់​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ បាន​កើនឡើង​យ៉ាងហោចណាស់​៣១​នាក់​និង​របួស​២៦០​នាក់​។  ចំនួន​នេះ​អាច​កើនឡើង​បន្ថែមទៀត ពីព្រោះ​ជនរងគ្រោះ​ដោយសារ​បំផ្ទុះ​គ្រាប់បែក​ខ្លះ​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដែ Maelbeek ទទួលរង​នូវ​ការ​បំផ្ទុះ​យ៉ាងធ្ងន់ធ្ងរ និង​ពិបាក​បញ្ជាក់​អត្តសញ្ញាណ​។  

 

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ផ្សេងទៀត​ដែល​ត្រូវ​បានឃើញ​ក្នុង​កាមេរ៉ា​សុ​វត្ថ​ភាព​ដែល​កំពុង​រុញ​រទេះ​ដាក់​ឥ​វ៉ាន់​នៅ​ព្រលានយន្តហោះ​ប្រ៊ុ​ច​សែ​ល​នៅ​មុនពេល​គ្រាប់បែក​ផ្ទុះ​បន្តិច​នេះ​ត្រូវបាន​បញ្ជាក់​អត្តសញ្ញាណ​ថា មានឈ្មោះ Brahim El Bakraoui នេះ​បើ​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន RTBF​។  RTBF បាន​ឲ្យ​ដឹង​ទៀតថា បងប្រុស​ជនសង្ស័យ​នេះ​ឈ្មោះ Khalid បាន​បំផ្ទុះ​ខ្លួនឯង​នៅលើ​រថភ្លើង​ក្រោម​ដី​។  

 

​ជនសង្ស័យ​ពីរ​នាក់​បងប្អូន​នេះ​មាន​ប្រ​វត្ត​ជា​ឧក្រិដ្ឋជន​ភ្ល​ន់​ប្រដាប់អាវុធ ប៉ុន្តែ​កន្លងមក​មិន​ត្រូវបាន​ធ្លាប់​ស៊ើបអង្កេត​ក្នុងករណី​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​នោះទេ​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS