តើ​អ្នក​ផលិត​គ្រាប់​បែក​ច្នៃឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប៊ែលហ្សិក Najim Laachraoui គឺ​ជា​នរណា?

បើ​យោង​តាម​អាជ្ញាធរ​អឺរ៉ុប Najim Laachraoui គឺ​ជា​អ្នក​ផលិត​គ្រាប់​បែក​ច្នៃ​ឲ្យ​ក្រុម​​រដ្ឋ​ឥស្លាម ISIS ដែល​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​ភេរវជន​ដ៏​សំខាន់​នៅ​អឺរ៉ុប​ ដើម្បី​រៀប​ចំ​ការ​វាយប្រហារ​។ បើ​តាម​ការ​រាយការណ៍​នា​ថ្ងៃ ពុធ ម្សិលមិញ ចុះ​ផ្សាយ​ថា Najim Laachraoui ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ ប៊ែលហ្សិក ប៉ុន្តែ​ក្រោយ​មក​មន្ត្រី​រដ្ឋាភិបាល​ប្រទេស ប្រាប់​កាសែត The Washington Post ថា​ វា​ជា​កំហុស​មួយ​ដែល​ខ្លួន​បាន​ចាប់​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​ ប្រ៊ុចសែល នោះ​មិនមែន​ជា Najim Laachraoui នោះ​ទេ។

 

Najim Laachraoui មាន​វ័យ ២៤ ឆ្នាំ​កើត​នៅ​ក្នុង​ប្រទេស ម៉ូរូកូ (Morocco) ប៉ុន្តែ​ធំ​ដឹង​ក្តី​នៅ​សង្កាត Schaerbeek ជាយ​ទីក្រុង ប៊្រុចសែល និង​កាន់​លិខិត​ឆ្លង​ដែន ប៊ែលហ្សិក។ ជន​រូប​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​រៀន​ជំនាញ​វិស្វករ​ ផ្នែក​អេឡិចត្រូមេកានិក (Electomechanical Engineering) នៅ​សាលា Catholic ក្នុង​តំបន់​មាន​ឈ្មោះ​ថា Insitut de la Sainte-Famille d'Helmet។ ព្រះ​រាជអាជ្ញា​ប៊ែលហ្សិក​ថ្លែង​ថា Najim Laachraoui បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ស៊ីរី នៅ​ខែ កុម្ភៈ ឆ្នាំ ២០១៣ ដែល​ទី​នោះ​ហើយ​លោក​បាន​រៀន​ជំនាញ​សំខាន់ៗ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ឧបករណ៍​បំផ្ទុះ​គ្រាប់​បែក។

 

Najim Laachraoui ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ហុងគ្រី ឃាត់​ខ្លួន​ផង​ដែរ​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​ជន​សង្ស័យ ២ រូប​ទៀត​ដែល​ជា​ជន​គេ​សង្ស័យ​ថា​ជា​អ្នក​វាយប្រហារ​នៅ ប៉ារីស គឺ Salah Abdeslam កាល​ពី​ខែ​កញ្ញា ២០១៥ ពោល​គឺ​មួយ​សប្តាហ៍​មុន​ការ​វាយប្រហារ​នៅ ប៉ារីស ដែល​សម្លាប់​មនុស្ស​អស់ ១៣០ នាក់។ Najim Laachraoui ត្រូវ​គេ​ដឹង​ទៀត​ថា​បាន​ប្រើ​ឯកសារ​ក្លែងក្លាយ​ នៅ​ពេល​ឆ្លង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ រវាង​ហុងគ្រី និង អូទ្រីស ដោយ​លោក​ប្រើ​ឈ្មោះ​ថា Soufiane Kayal នេះ​បើ​តាម​ព្រះរាជអាជ្ញា​ប៊ែលហ្សិក។

 

បើ​យោង​តាម​សារព័ត៌មាន De Redactie បុរស​ដែល​ប្រើ​ឈ្មោះ Soufiane Kayal បាន​ជួល​ផ្ទះ​មួយ​នៅ​នៅ​ក្នុង​ទីក្រុង​តូចមួយ​របស់​ប៊ែលហ្សិក​មាន​ឈ្មោះ ថា Auvelais ដែល​ត្រូវ​ប៉ូលិស​ចុះ​វាយ​ឆ្មក់​បន្ទាប់​ពី​ភេរវកម្ម​នៅ​ប៉ារីស។ កាល​ពី​សប្តាហ៍​មុន​ប៉ូលិស ប៊ែលហ្សិក បាន​រក​ឃើញ DNA របស់​ជន Najim Laachraoui នៅ​ក្នុង​ទីក្រុង Auvelais និង​នៅ​ផ្ទះ​មួយ​ចំនួន​ទៀត​ក្នុង​សង្កាត់ Schaerbeek និង​បាន​រក​ឃើញ​ឧបករណ៍​សម្រាប់​បំផ្ទុះ​គ្រាប់​បែក TATP ទៀត​ផង។

 

ចំណែក​មន្ត្រី​បារាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Associated Press ថា​ DNA របស់ Najim Laachraoui ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​កន្លែង​ធ្វើ​អត្តឃាត​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស​។ អាជ្ញាធរ​ប៊ែលហ្សិក​ បាន​ បាន​បញ្ចេញ​ខ្សែ​វីដេអូ​បង្ហាញ​ពី​ បុរស ៣ នាក់​ដែល​មាន​រុញ​នូវ​កាបូប​ធំ​ចំនួន​ បី ដោយ​បុរស​ពី​នាក់​មាន​ឯកសណ្ឋាន​ខ្មៅ​ត្រូវ​គេ​ជឿ​ថា​ជា​បងប្អូន​នឹង​គ្នា ជា​អ្នក​នៅ​ពី ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ទាំង​ពីរ កន្លែង​គឺ​នៅ ប្រលានយន្តហោះ និង នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ចំណែក​បុរស​ពាក់​អាវ​ធំ​ពណ៌ស​ ត្រូវ​បាន​គេ​ជឿ​ថា​គឺ​ជា Najim Laachraoui។ 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com