បាយមាន់ឆាម្រះព្រៅ

បាយ​មាន់​ឆាម្រះ​ព្រៅ​នេះ​ជា​ម្ហូប​មួយ​មុខ​ដែល​សាមញ្ញបំផុត ហើយ​ងាយ​ស្រួល​ធ្វើចំនាយ​ពេល​តិច។ វា​មាន​លក្ខណៈ​នឹង​ឆាក្តៅ​ដែរ​តែ​ត្រង់​យើង​មិន​ប្រើ​ប្រាស់​គ្រឿង​បុក​ ឬ ស្លឹក​គ្រៃ​ឡើយ។ មាន់​ឆាម្រះ​ព្រៅ​នេះបើ​បាន​ញាំ​ក្តៅៗ​ជា​មួយ​បាយ​អង្ករផ្កាម្លិះពិត​ជា​មាន​ឳជារសឈ្ងុយឆ្ងាញ់។

គ្រឿង​ផ្សំ៖

– សាច់​មាន់ (សាច់ទ្រូង) ឬ​សាច់​កន្លែង​ផ្សេង​ទៀត​ដែល​ពន្លះ​ឆ្អឹង​ចេញ
– ពងទា
– ខ្ទឹម​ស​
-​ ម្ទេស
-​​​​ ទឹក​ប្រេងខ្យង ទឹក​ត្រី ទឹក​ស៊ីអ៊ីវខាប់
– ស្ករ ប៊ីចេង
– ស្លឹក​ម្រះព្រៅ
– អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​ប្រេង​ឆា

វិធីធ្វើ៖

១.​​ ចៀន​ពង​ទារួច​ទុក​មួយ​អន្លើរ
២. ហាន់​សាច់​មាន​ជា​ដុំតូចៗ
៣.​ ចិញ្រ្ចាំ​ខ្ទឹម​ស និង ម្ទេស អ្នក​អាច​យក​ ខ្ទឹម​ និងម្ទេស​បុក​បញ្ចូល​គ្នា​ក៏បាន
៤. បេះ​ និង​លាង​ជម្រះ​ស្លឹក​ម្រះ​ព្រៅ
៥. កម្តៅ​ខ្ទះ​ជា​មួយ​ប្រេង​ឆា នៅ​ពេល​ដែល​ខ្លាញ់​ក្តៅ​ហើយ​ដាក់​ខ្ទឹម​ស និង​ម្ទេស​ដែល​យើង​បាន​ចិញ្រ្ចាំ ឬ បុក​ចូល បំពង​អោយ​ឡើង​ឈ្ងុយ ទើប​ដាក់​សាច់​មាន​ចូល រួច​ឆា​អោយ​ឆ្អិន​សាច់ បើ​សិន​ជា​គោក​ពេក​អ្នក​ងាច​បន្ថែម​ទឹកសុទ្ធ​បន្តិច
៦. ដាក់​គ្រឿង​ផ្សំរបស់​យើង​ចូល​មាន​ដូច​ជា ទឹក​ត្រី ទឹក​ស៊ីអ៊ីវខាប់ ទឹក​ប្រេងខ្យង ស្ករ ប៊ីចេញ ឆាត្រឡប់​អោយ​ចូល​ជាតិ​ជា​មួយ​សាច់​មាន់
៧. ដាក់​ស្លឹក​ម្រះ​ព្រៅចូល​រួច​ត្រឡប់​ជា​មួយ​សាច់​ ២ ទៅ​ ៣​ ត្រឡប់​កុំ​អោយ​ស្លឹក​ម្រះព្រៅ​ឆ្អិន​ពេក

ដួស​បាយ​ក្តៅ​ៗ​ដាក់​ចាន​រួច​ដួស​ឆាសាច់​មាន់​ដាក់​មួយ​ចំហៀង និងដាក់​ពង​ទា​ចៀន​ពី​លើជា​ការ​ស្រេច ៕

ប្រភព៖ blackfacecook