ផាន់ គ្រាន់,ឡៅ ចិត្រា ប៉ះជើងខ្លំាងថៃ សង្វៀនSEATV នារសៀលថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ផាន់ គ្រាន់  ក្លិបគុជសាកីឡា ជម្រះបញ្ជីជាមួយអ្នក ប្រដាល់ថៃ Khoun Phen ក្នុងទម្ងន់៦៥គីឡូក្រាម ខណៈអ្នក ប្រដាល់វ័យក្មេង ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប៉ះអ្នកប្រដាល់ថៃ Moungkul Phach ប្រកួតក្នុងប្រភេទទម្ងន់៥៤គ.ក្រ ក្នុងកម្មវិធី ប្រដាល់ Cambodia Beer នារសៀលថ្ងៃអាទិត្យ ទី២៧ ខែមីនានេះ នៅលើសង្វៀនSEA-TV ។

លោកញាន សុធី អ្នកគ្រប់គ្រងសង្វៀន SEA-TVបាននិយាយថា Khoun Phen ជាអ្នកប្រដាល់មិន ធម្មតានោះឡើយ ដោយរូបគេមាន ប្រវត្តិប្រកួត ចំនួន៨៩លើក ក្នុងនោះឈ្នះ៦៨លើក ចាញ់១៨លើក និងស្មើ០៣លើក ចំពោះផាន់ គ្រាន់ ក៏ធ្លាប់ជួបប្រកួតជាមួយ ថៃញឹកញាប់ហើយ ។ ផាន់ គ្រាន់ មានប្រវត្តិ ប្រកួតចំនួន៧៧លើក ឈ្នះ៦៦លើក ចាញ់១០លើក និងស្មើ០១លើក ហើយធ្លាប់ផ្តួលគូប្រកួត ឲ្យសន្លប់លើរេញ ចំនួន២១លើក។

ចំណែកអ្នកប្រដាល់ ឡៅ ចិត្រា ប្រកួតជាមួយអ្នកប្រដាល់ថៃ Moungkul Phach ប្រកួតក្នុងប្រភេទ ទម្ងន់៥៤គ.ក្រ។ ឡៅ ចិត្រា ជាអ្នកប្រដាល់ ដែលមានអំណោយផលល្អ ខាងកាយសម្បទា រូបគេល្អទាំងកណ្តាប់ដៃ ជង្គង់ និងកែង។ ចិត្រា មានកំណត់ត្រាប្រកួត តែ១៦លើកប៉ុណ្ណោះ ក្នុងនោះឈ្នះ១១លើក ចាញ់០៣លើក និងស្មើ២លើក រីឯ Moungkul Phach មានប្រវត្តិប្រកួតចំនួន៥១លើក វាយឈ្នះ៤៧លើក ចាញ់០៤លើក និងមិនដែលស្មើ។

សម្រាប់អ្នកប្រដាល់ សៀវ ង៉ុយ សមាគមកីឡាក្រសួងការពារជាតិ សងសឹកជាមួយ អ្នកប្រដាល់ ហ៊ែល វ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿង កីឡា ខេត្តពោធិសាត់ និងអ្នកប្រដាល់ ស៊ូ ពី ក្លិបគុនខ្មែរអង្គរ ជួបអ្នកប្រដាល់ ប្រាក់ រស្មី ក្លិបតាឯកដំបងដែកមានរិទ្ធ ប្រកួតគ្នាក្នុង ទម្ងន់ ៦៣,៥០០គីឡូក្រាម៕

ផាន់ គ្រាន់,ឡៅ ចិត្រា ប៉ះជើងខ្លំាងថៃ សង្វៀនSEATV នារសៀលថ្ងៃអាទិត្យ