អ្នក​ជំនាញ​ថា​ ទាំង​ប្រុស​ និង​ស្រី​ត្រូវ​ចេះ​ធ្វើ​ម្ហូប

អ្នក​ជំនាញ​ថា​ ទាំង​ប្រុស​ និង​ស្រី​ត្រូវ​ចេះ​ធ្វើ​ម្ហូប

 

នៅ​ក្នុង​សង្គម​ខ្មែរ​ពីមុន គេ​តែង​ចាត់ទុកថា​ កិច្ចការ​ផ្ទះ ជាពិសេស​ការ​ធ្វើ​ម្ហូប ជា​កាតព្វកិច្ច​របស់​មនុស្ស​ស្រី ហេតុនេះ​ទើប​មាន​ទស្សនៈ​មួយ​លើកឡើង​ថា ស្រីៗ​ទាល់តែ​ចេះ​ធ្វើ​ម្ហូប​ទើប​គេ​ហៅថា​ប្រពន្ធ​ល្អ ។
 

ប៉ុន្តែ​ទស្សនៈ​បែបនេះ ​ត្រូវ​បាន​គេ​មើល​ឃើញថា​ មានការ​កែប្រែ​ហើយ​នា​ពេល​បច្ចុប្បន្ន នេះ ។ លោកស្រី ធីតា​ ឃឹះ ដែល​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ដើម្បី​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ មានប្រសាសន៍ថា ​ស្ត្រី​មិន​ចាំ​បាច់​ត្រូវតែ​ចេះ​ធ្វើ​ម្ហូប​ទើប​អាច​ក្លាយ​ជា​ភរិយា​ល្អ​មួយ​រូប ដែល​អាច​ផ្ដល់​សុភមង្គល​ដល់​ក្រុម​គ្រួសារ​នោះ​ឡើយ ព្រោះ​មាន​អ្នកខ្លះ​មិន​ចេះ​ធ្វើ​ម្ហូប​ដែរ តែ​អាច​ធ្វើជា​ភរិយា​ល្អ​បាន។ លោកស្រី​បន្តទៀត​ថា ការយល់​ចិត្ត​គ្នា ចេះ​ជួយ​គ្នា​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​ការ​ចេះ​ទុកដាក់​ជា​កត្តា​សំខាន់​ដែល​អាច​នាំមក​នូវ​សុភមង្គល​ក្នុង​គ្រួសារ ។
 

អ្នក​ជំនាញ​ថា​ ទាំង​ប្រុស​ និង​ស្រី​ត្រូវ​ចេះ​ធ្វើ​ម្ហូប

 

ស្រដៀង​គ្នា​នេះដែរ យុវជន នាង ស៊ា​ង​ហាក់ ជា​វិស្វករ​ដែល​កំពុង​បម្រើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បានឱ្យដឹងថា​សុភមង្គល​ក្នុង​គ្រួសារ​មួយ​មិន​អាស្រ័យ​លើ​ការ​ធ្វើ​ម្ហូប​នោះទេ វា​អាស្រ័យ​លើ​ការ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ហើយ​មិនមែន​ទាល់តែ​ស្ត្រី​ចេះ​ធ្វើ​ម្ហូប​ទើប​អាច​ក្លាយជា​ប្រព​ន្ឋ​ល្អ​បាន​នោះទេ ។
 
យុវជន  វ័យ ២៤ ឆ្នាំ​រូប​នេះ ​បាន​និយាយ​ថា ៖ «វា​មិន​សំខាន់​អា​រឿង​ចេះ​ធ្វើ​ម្ហូប មិន​ចេះ​ធ្វើ​ម្ហូប​នោះ​ទេ ។ សម័យ​នេះ​ហើយ មិន​ចាំបាច់​តែ​ចេះ​ធ្វើ​ម្ហូប​បាន​គេ​ហៅថា ​ស្រី​ណា? បញ្ហា​អត់​ចេះ​ធ្វើ​ម្ហូប​ហ្នឹង​វា​មិន​សំខាន់​ទេ។ មិន​គ្រាន់តែ​ចេះ​ធ្វើ​ម្ហូប​ហ្នឹង​ក្លាយជា​ប្រព​ន្ឋ​ល្អ​ទេ។ គ្រួសារ​មិនមែន​មាន​សុភមង្គល​ដោយសារតែ​ការចេះ​ធ្វើ​ម្ហូប​ហ្នឹង​ឡើយ ? ប្រពន្ធ​ល្អ វា​សំខាន់​គឺថា​មាន​អត្ត​ចរិត​ល្អ ចេះ​គោរព​គ្នា ផ្ដល់​កិត្តិយស​ឱ្យ​គ្នា។ វា​ល្អ​ពេក​ក្រៃ​ហើយ» ។
 
បើ​តាម​ការ​លើកឡើងរបស់ លោកស្រី​ ធីតា ​ឃឹះ​ ការធ្វើ​ម្ហូប និង​ ការងារ​ផ្ទះ​វា​ជា​បន្ទុក​របស់​មនុស្ស​គ្រប់រូប មិនមែន​តែ​ស្ត្រី​នោះទេ។ លោកស្រី​បន្តទៀត​ថា ៖ «មនុស្ស​ស្រី​ដែល​អត់​ចេះ​ធ្វើ​ម្ហូប មិន​ចេះ​រៀន​ទៅ​វា​ចេះ​ហើយ អត់​បញ្ហា​ទេ។ តែ​បញ្ហា​គ្រាន់តែ​ថា​អ្នកខ្លះ​គាត់​អត់​ចូលចិត្ត​ធ្វើ​តែម្តង។ ចឹង​ទៅ​រក​ប្តី​ដែល​អាច​ចេះ​ជួយ​ធ្វើ​ម្ហូប​បាន​ទៅ ប្រពន្ឋ​ធ្វើ​នេះ ប្ដី​ធ្វើ​នោះ​ទៅ អញ្ចឹង​ទៅ​អាច​បង្គ្រប់​គ្នា​បាន» ។
 
អ្នក​ជំនាញ​ថា​ ទាំង​ប្រុស​ និង​ស្រី​ត្រូវ​ចេះ​ធ្វើ​ម្ហូប
 
ក្នុង វ័យ២៣ ឆ្នាំ កញ្ញា អ៊ឹម រចនា យល់ថា​មតិ​ខាងលើ​មិន​សមស្រប​ទាំងស្រុង​នោះទេ ។ និពន្ធ​នាយករង​របស់​វិទ្យុ​បារាំង​អន្តរជាតិ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​មិន​យល់​ស្រម​ទាំងស្រុង​ទេ ។ ប៉ុន្តែ​ខ្ញុំ​គិតថា ទាំង​ស្រី ទាំង​ប្រុស បើ​ចេះ​ធ្វើ​ម្ហូប​ក៏​វា​ល្អ​ម៉្យាងដែរ។ វា​ជា​ទុន​ជីវិត។ តែ​ខ្ញុំ​មិន​គិត​ថា​ទាល់តែ​ចេះ​ធ្វើ​ម្ហូប បាន​នារី​ហ្នឹង​ក្លាយទៅជា​ប្រពន្ធ​ពេញ​លក្ខណៈ​សម្រាប់​បុរស​ឡើយ» ។
 
ទោះជា​យ៉ាង​នេះ​ក្តី ទស្សនៈ​មួយ​ចំនួន​យល់​ឃើញ​ថា ស្ត្រី​ត្រូវតែ​ចេះ​ធ្វើ​ម្ហូប ដើម្បី​ផ្ដល់​សុភមង្គល​ដល់​ក្រុម​គ្រួសារ និង​ចៀសវាង​ជម្លោះ​ផ្សេងៗនៅក្នុង​រង្វង់​គ្រួសារ ។
 
លោក សុខ សុ​ម៉េ​ត អាយុ ៣៣ ឆ្នាំ​ជឿជាក់ថា​ ការធ្វើ​ម្ហូប​វា​ជា​រឿង​សំខាន់។ ដូច្នេះ​ភរិយា​គ្រប់រូប​គប្បី​ចេះ​នូវ​ជំនាញ​នេះ។ បើ​មិន​ដូច្នេះ​ទេវា​អាច​កើតមាន​ជម្លោះ​ក្នុង​គ្រួសារ ។ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា ៖ «មនុស្ស​ស្រី​ត្រូវតែ​ចេះ​ធ្វើ​ម្ហូប។ ទោះបីជា​ជីវភាព​ស្តុកស្តម្ភ​យ៉ាងណាក៏ដោយ ក៏​ត្រូវ​តែ​ចេះ​ដែរ ស្វាមី​គាត់​ចង់​ហូបបាយ​ផ្ទះ ។ ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ យើង​មានកូន​មានអី ត្រូវធ្វើ​ម្ហូប​ឱ្យ​កូន​ហូបចុក ប្តី​ឃើញ​ប្រពន្ធ​ធ្វើ​ម្ហូប​សប្បាយចិត្ត ។ សុភមង្គល​គឺ ការ​ញុំា​បាយ​ជុំ​គ្នា មើល​មុខ​គ្នា​ទៅវិញទៅមក» ។
 

ក៏ប៉ុន្តែ បុគ្គលិក​អង្គការ ​PyD រូប​នេះ ​បាន​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ប្រុស​គ្រប់រូប​ចេះ​ជួយ​កិច្ចការ​ផ្ទះ​ដល់​ភរិយា ដើម្បីឲ្យ​គ្រួសារ​មួយ​មាន​សុភមង្គល ៕

 

អត្ថបទ៖ CCJ