កុមារ​កម្ពុជា​​ប្រមាណ​ជា ៣២% កំពុង​ប្រឈម​នឹង​បញ្ហា​ក្រិស​ក្រិន

កុមារ​កម្ពុជា​ប្រមាណ​ជា​ ៣២ % កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ក្រិស​ក្រិន​ ទោះ​បី​ជា​ប្រទេស​កម្ពុជា​ មាន​សក្ដានុពល​ផ្នែក​កសិកម្ម​ និង ស្បៀង​អាហារ​គ្រប់គ្រាន់ ដែល​ធានាថា ប្រជាជន​​មាន​មាន​របប​អាហារ​ប្រកប​ដោយ​ជីវជាតិ។ ស្ថានភាព​បញ្ហា​​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ប្រឈម​ខ្ពស់​ និង ចាំ​បាច់​ត្រូវ​ការ​ដំណោះស្រាយ​បន្ទាន់។ នេះ​បើ​ផ្អែក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ World Vision។

 

កុមារ​កម្ពុជា​​ប្រមាណ​ជា ៣២% កំពុង​ប្រឈម​នឹង​បញ្ហា​ក្រិស​ក្រិន

រូបតំណាង

 

លោក តែ ជីឡាយ មន្រ្តី​សុខភាព និង អាហារូបត្ថម្ភ​ទៅ​លើ​ការ​កសាង​គម្រោង ត្រួតពិនិត្យ​ និង វាយ​តម្លៃ​គម្រោង​នៃ​អង្គការ​ World Vision បាន​ប្រាប់ Sabay ថា កុមារ​ក្រោម​អាយុ​ ២ ឆ្នាំ ងាយ​ប្រឈម​នឹង​បញ្ហា​ក្រិសក្រិន ដែល​ជំងឺ​នេះ​ ភាគច្រើន​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ។

 

មនុស្ស​ភាគច្រើន​យល់​ថា បញ្ហា​ក្រិសក្រិន​ ដែល​ភាគច្រើន​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ គឺ​ច្រើន​កើត​ឡើង​តែ​នៅ​តាម​ទី​ជនបទ ប៉ុន្តែ តាម​ពិត​ជំងឺ​នេះ​ក៏​កើត​មាន​ឡើង​ផងដែរ​ នៅ​តាម​ទីប្រជុំជន​ ជាពិសេស​នៅ​ជាយៗ​ក្រុង​ជាដើម។ លោក តែ ជីឡាយ និយាយ។

 

លោក​ ជីឡាយ បាន​ពន្យល់​ថា ក្រិសក្រិន​ កើត​មាន​ឡើង​ពីរ​ប្រភេទ គឺ​ទី​ ១ អាច​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ និង ទី ២ អាច​បណ្ដាល​មក​ពី​ជំងឺ​ផ្សេង​ៗ។ ប្រសិន​បើ​កុមារ​កើត​ក្រិស​ក្រិន​ហើយ គឺ​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​ទៀត។

 

លោក​ បាន​លើក​ឡើង​ទៀត​ថា កុមារ​ក្រោម​អាយុ​ ២ ឆ្នាំ ដែល​ទទួល​អាហារូបត្ថម្ភ​ មិន​គ្រប់គ្រាន់​ងាយ​នឹង​កើត​ក្រិសក្រិន តែ​មិនមែន​មាន​ន័យ​ថា អាណា​ព្យាបាល​ពុំ​មាន​លុយ​គ្រប់គ្រាន់​ផ្ដល់​អាហារ​នោះ​ទេ អាច​បណ្ដាល​មក​ពី​ទម្លាប់​ពុំ​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ផ្ដល់​អាហារូបត្ថម្ភ។ អាហារូបត្ថម្ភ​ល្អ គឺ​មិនមែន​មាន ​ន័យ​ថា ជា​អាហារ​ថ្លៃ​ៗ​នោះ​ទេ គឺ​មាន​ត្រឹម​បន្លែ​បង្ការ នៅ​ជុំ​វិញ​ផ្ទះ សាច់​ និង ត្រី ជាដើម។

 

“មាន​ម្ដាយ​ខ្លះ​គាត់​តែង​ឲ្យ​លុយ​កូន​ទៅ​ទិញ​ចំណី​ពេល​ព្រឹក​ ហើយ​ក្មេង​ទិញ​តែ​នំ ធ្វើ​បែប​នេះ​គឺ​ក្មេង​អត់​ទទួល​បាន​អាហារូបត្ថម្ភ​ទេ ខ្ញុំ​ថា ម្ដាយ​គួរ​តែ​ទៅ​ទិញ​ជា​បបរ ឬ ផ្ដល់​អាហារ​ឲ្យ​ក្មេង​ល្អ​ជាង​ ឲ្យ​លុយ​គាត់”។ លោក តែ​ ជីឡាយ​ បន្ថែម។

 

លោក​ តែ ជីឡាយ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​នេះ ប្រទេស​កម្ពុជា​បាន​កាត់​បន្ថយ​ក្រិសក្រិន​ពី​ ៤០% មក​នៅ​ត្រឹម​ ៣២% នា​ពេល​បច្ចុប្បន្ន​នេះ។

 

ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​កើត​មាន​ឡើង​ បញ្ហា​ដែល​ធ្វើ​កុមារ​កម្ពុជា​កើត​ជំងឺ​ក្រិស​ក្រិន គឺ អង្គការ​​ទស្សនៈ​ពិភព​លោក​ World Vision និង អង្គការ​ហេឡែន ខេលល័រ ​អន្ដរជាតិ បាន​សហការ​ជាមួយ​នឹង​ សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប​ រៀប​ចំ​វេទិកា​យុវជន​និស្សិត​ ដើម្បី​ផ្ដល់​ជា​វេទិកា​ពិភាក្សា​អំពី​ការ​លើក​កម្ពស់​អាហារូបត្ថម្ភ​តាម​រយៈ​វិស័យ​កសិកម្ម។

 

កញ្ញា ភឹម កណ្ណិកា មន្រ្តី​សម្របសម្រួល​ផ្នែក​យុទ្ធនាការ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ បាន​ប្រាប់​ Sabay ដែរ​ថា ការ​កាត់​បន្ថយ​ក្រិស​ក្រិន​នៅ​កម្ពុជា គឺ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​ពហុវិស័យ ដូច្នេះ កិច្ចសហការ​ជាមួយ​និស្សិត​កសិកម្ម​ គឺជា​ផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ការ​អប់រំ បង្កើន​ការ​ដាំ​ដុះ ប្រកប​ដោយ​អនាម័យ​ ដែល​ដាំ​បន្លែ​ តាម​ស្ដង់ដា​ មិន​ប្រើប្រាស់​គីមី​ ហួស​កំណត់​ជាដើម។ ដូច្នេះ និស្សិត​ផ្នែក​កសិកម្ម​ដែល​ជា​អ្នក​ដឹកនាំ នា​ពេល​អនាគត​នៃ​វិស័យ​នេះ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ច​ពិភាក្សា​លើ​បញ្ហា​ប្រឈម​របស់​អាហារូបត្ថម្ភ ហើយ​ពួកគេ​ក៏​ជា​កម្លាំង​នៃ​ការ​ផ្លាស់ប្ដូរ មិន​ត្រឹមតែ​លើ​ការ​ជំរុញ​ការអភិវឌ្ឍន៍​ផ្នែក​កសិកម្ម​នោះទេ ប៉ុន្តែ បង្កើត​មាគ៌ា ជា​ជំនួយ​នៅ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ភាព​ប្រសើរ​នៃ​អាហារូបត្ថម្ភ នៅ​កម្ពុជា។

 

វេទិកា​ពិភាក្សា​យុវនិស្សិត “ការ​លើក​កម្ពស់​អាហារូបត្ថម្ភ​តាម​រយៈ​វិស័យ​កសិកម្ម” នឹង​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប​ នៅ ថ្ងៃ ទី ២៤ ខែ មីនា វេលាម៉ោង ១ រសៀល​ថ្ងៃ​នេះ៕

 

ព័ត៌មាន​បន្ថែម​អាច​ទាក់ទង៖

កញ្ញា ភឹម កណ្ណិកា មន្ត្រី​សម្របសម្រួល​ផ្នែក​យុទ្ធនាការ​អង្គការ​ទស្សនៈ​ពិភពលោក តាម​រយៈ​ទូរសព្ទ ០១២ ៨៦០ ៥៦១។