ទោះបី​ជួប​ព្យុះ​ភ្លៀង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​សមាជ​ថ្ងៃ​២៦មីនា

ទោះបី​ជួប​ព្យុះ​ភ្លៀង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​សមាជ​ថ្ងៃ​២៦មីនា



រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សមាជ​ដ៏​ធំ​មួយ ដែល​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​ជាង​១.៥០០​នាក់ ហើយ​នៅ​ក្នុង​សមាជ​នោះ​គណបក្ស​នេះ​នឹង​លើកយក​បញ្ហា​សំខាន់​ៗ
មួយ​ចំនួន​មក​ពិភាក្សា ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នកនាំពាក្យ ។ ការ​ធ្វើ​សមាជ​របស់​គណបក្ស​នេះ ក៏​ស្រប​ពេល​គ្នា​ដែល​លោក កឹ​ម សុខា ប្រធាន​បក្ស​ស្ដីទី កំពុង​ទទួល​រង​នូវ​ព្យុះ​បោកបក់​ពាក់​ព័ន្ធ​នឹង​ខ្សែអាត់​សំឡេង​ទាក់ទង​ស្រី​ញី ដែល​សង្ស័យ​ថា ជា​រូប​លោក ។ ទោះបីជា​ត្រូវ​ប្រកាន់   «​មិន​៣» ក៏​មិន​មាន​ន័យ​ថា ក្រោម​ទឹក​អត់​ត្រី​នោះ​ទេ ។

លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀបចំ​សមាជ​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៦  ហើយ​ប្រធានបទ​សំខាន់​ៗ​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​មាន​ដូច​ជា ស្ថានការណ៍​នយោបាយ របស់​គណបក្ស គោលនយោបាយ និង​ផែនការ ក៏​ដូច​ជា​សកម្មភាព​ដែល​គណបក្ស​នឹង​ធ្វើ​នា​ពេល​ខាង​មុខ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។ ពិសេស​របាយការណ៍​សកម្មភាព​ការងារ​ដែល​បាន​ធ្វើ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា «​បើ​គ្មាន​អ្វី​មក​រារាំង​ទេ​នោះ ការ​ធ្វើ​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​នៅ​ក្រោយ​ពី​ធ្វើ​សមាជ​នេះ​រួច តាម​ផែនការ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​ទៅ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​បង្កើន​សកម្មភាព​ជួប​ជាមួយ​ម្ចាស់​ឆ្នោត ដើម្បី​បញ្ជូន​សារ​នយោបាយ​របស់​គណបក្ស​ទៅ​កាន់​ម្ចាស់​ឆ្នោត ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨»​។

លោក យឹ​ម សុវណ្ណ សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ដែល​ទើប​បង្កើត​ថ្មី គឺ​បាន​បំពេញ​កិច្ច​ការងារ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ ហើយ​លោក​ជឿ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ បើសិនជា​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រោះ​ពេល​នេះ គេ​សង្កេត​ឃើញ​ថា គ​.​ជ​.​ប​. បាន​និង​កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​។ ប៉ុន្តែ​បើ​ទោះជា​បែប​នេះ​ក្តី ក៏​នៅ​មាន​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​តែ​ប្រើប្រាស់​បញ្ហា​ផ្សេង​ៗ ដើម្បី​ធ្វើទុក្ខបុកម្នេញ​រាល់​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​អយុត្តិធម៌​បំផុត ។

ការ​ធ្វើ​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​២៦ ខែមីនា នឹង​មានការ​ចូលរួម​ពី​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​វី​ដេ​អូ​ខន​ហ្វឺ​រ៉ិន ពី​ក្រៅប្រទេស ។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​សមាជ​របស់​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២២ ខែមីនា​កន្លង​មក នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ដឹកនាំ​អង្គប្រជុំ​ពិភាក្សា​និង​អនុម័ត​វិធាន​ផ្ទៃក្នុង​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្នុង​ឱកាស​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រ​ង្ស៊ី ជា​ប្រធាន និង​លោក​កឹ​ម សុខា ជា​អនុប្រធាន ហើយ​ពេល​អវត្តមាន​ប្រធាន លោក​កឹ​ម សុខា ជា​ប្រធាន​ស្ដីទី ។

ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បោះ​ឆ្នោត​ជ្រើសរើស​គណៈ​អភិបាល​នៃ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អភិបាល អភិបាលរង អគ្គលេខាធិការ អគ្គលេខាធិការ​រង និង​ហិ​រ​ញ្ញិ​ក ។ ការ​បោះ​ឆ្នោត​នេះ​បាន​ជ្រើសរើស ១-​លោក សុ​ន ឆ័​យ ជា​អភិបាល ២-​លោក អ៊ូ ច័ន្ទ​រ័​ត្ន ជា​អភិបាលរង ៣-​លោក គី វណ្ណ​ដា​រ៉ា អគ្គលេខាធិការ ៤ -​លោក កែវ ភី​រម្យ អគ្គលេខាធិការ​រង និង​៥-​លោក លឹ​ម ប៊ុ​ន​ស៊ី​ដា​រ៉េ​ត ជា​ហិ​រ​ញ្ញិ​ក ។

ការ​បង្កើត​ឱ្យ​មាន​វិធាន​ផ្ទៃក្នុង​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក្នុង​គោលបំណង​ពង្រឹង​សិទ្ធិ​អំណាច​របស់​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ និង​ពង្រឹង​នូវ​ការ​រួបរួម​ឯកភាព​អ្នក
តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ស្រប​តាម​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

សូម​បញ្ជាក់​ថា ការ​ធ្វើ​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ខណៈ​ពេល​សំណុំរឿង​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​កំពុង​ស្ថិត​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុម​និស្សិត ដែល​ចង់ឱ្យ​លោក កឹ​ម សុខា បំភ្លឺ​ទាក់ទង​នឹង​ការ​ផ្តល់​លុយ​ទិញ​ដី និង​ផ្ទះ ឱ្យ​ស្រី​ស្នេហ៍ ។ ជាង​នេះ​ទៀត រដ្ឋសភា​ក៏​ស្នើ​ឱ្យ​លោក កឹ​ម  សុខា ចូល​បំភ្លឺ​ក្នុង​ករណី​រឿង​នេះ​ដែរ ៕