ជុំវិញ​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​មិន​ទទួល​លុយ​ក្រដាស​២​ម៉ឺន​រហែក​បិទ​ស្កុ​ត

ជុំវិញ​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​មិន​ទទួល​លុយ​ក្រដាស​២​ម៉ឺន​រហែក​បិទ​ស្កុ​ត



ខេត្តកណ្ដាល ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​មាន​ប្រតិកម្ម​ចំពោះ​មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ល្បឿន​រថយន្ត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ដោយ​បាន​ផាកពិន័យ​គ្រាន់តែ​ក្រដាសប្រាក់​២​ម៉ឺន​រៀល​រហែក​បិទ​ស្កុ​ត​បន្តិច​សោះ​បែរជា​មិន​យក ហាក់ដូចជា​មិន​បាន​ឲ្យ​តម្លៃ​លើ​រូបិយប័ណ្ណ​របស់​ជាតិ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​តា​គុ​ជ ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង​។ បើ​តាម​ប័ណ្ណ​ផាកពិន័យ មន្ត្រី​នគរបាល​ដែល​សរសេរ​ប័ណ្ណ​ផាក​នោះ​ឈ្មោះ អ៊ឹម ច​ណ្ណា​រ៉ា ដែល​ជា​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ខេត្តកណ្តាល ។ ចំណែក​អ្នកបើកបរ​ឈ្មោះ ប៉េង ឃាង ជា​អ្នក​បើករថយន្ត​តូ​យ៉ូ​តា តា​កូ​ម៉ា​២​បាំង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P 3747 ។

តាម​លោក ប៉េង ឃាង ជា​ម្ចាស់​រថយន្ត​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ គោលបំណង​ចូល​មក​រាជធានី​ភ្នំពេញ ដោយ​បើកបរ​ក្នុង​ល្បឿន​៦៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកណ្តាល​បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​ល្បឿន​រថយន្ត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ បាន​ស្ទាក់​ផាកពិន័យ​ដោយ​ចោទ​ថា គាត់​បើកបរ​លើស​ល្បឿន​ដែល​ចំណុច​នោះ​កំណត់​អោយ​បើកបរ​តែ​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

ម្ចាស់​រថយន្ត​រូប​នេះ​រៀបរាប់​ទៀត​ថា គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ មិន​បានដឹង​ថា​ត្រង់នោះ​កំណត់​ឲ្យ​បើកបរ​ត្រឹមតែ​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​ផាកពិន័យ គាត់​មិន​បាន​ជំទាស់​នោះ​ទេ និង​បាន​ឲ្យ​ប្រាក់​៤​ម៉ឺន​រៀល​ក្នុង​នោះ​មាន​ក្រដាស​២​ម៉ឺន​រៀល​២​សន្លឹក​ទៅ​មន្ត្រី​នគរបាល​ដែល​សរសេរ​ប័ណ្ណ ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល ស្រាប់តែ​មន្ត្រី​រូប​នោះ​ឲ្យ​ក្រដាសប្រាក់​១​សន្លឹក​មក​វិញ​ដោយ​ប្រាប់​ថា រហែក​មិន​យក​ទេ ព្រោះ​យក​ទៅ​ខាង​រតនាគារ​ក៏​មិន​យក​ដែរ ។

តាម​ម្ចាស់​រថយន្ត​រៀបរាប់​ទៀត​ថា លុយ​ខ្មែរ​សោះ​គ្រាន់តែ​រហែក​បិទ​ស្កុ​ត​បន្តិច​ហេតុ​អី​មិន​យក ។ នៅ​ព្រឹក​នោះ​ក៏​មានការ​ជជែក​គ្នា និង​រុញ​ប្រាក់​ឲ្យ​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សាយ​ព័ត៌មាន​ដំបូង​តាម​គេហទំព័រ​កោះសន្តិភាព លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត ក៏​មាន​ប្រតិកម្ម​ថា អរគុណ​ចំពោះ​បងប្អូន​អ្នក​សារព័ត៌មាន​តែ​កូនចៅ​លោក​២.៥០០​នាក់ លោក​មិន​អាច​មើល​អស់នោះ​ទេ តែ​សុំ​ឲ្យ​មានការ​យោគយល់ មានអី​ត្រូវ​សួរ​លោក​សិន​មិន​ត្រូវ​ប្រ​កូក​ប្រកាស​ផ្សាយ​បែប​នេះ​ទេ ៕