បង្ក្រាប​ទំនិញ​ក្លែងក្លាយ​នាំ​ពី​ស្រុក​យួន​ច្រើន​មុខ

បង្ក្រាប​ទំនិញ​ក្លែងក្លាយ​នាំ​ពី​ស្រុក​យួន​ច្រើន​មុខ



រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ចុះ​ចាប់​ទំនិញ​ក្លែង​ក្លាយជា​ច្រើន​ប្រភេទ​ដូច​ជា កាហ្វេ តែ ទឹកត្រី ស្រា និង​ផលិតផល​ផ្សេង​ៗ​ទៀត​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ទាំង​ទំនិញ​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​រាប់រយ​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​មិត្តភក្ដិ​ម្ចាស់​ទីតាំង​ម្នាក់​ជា​ជនជាតិ​វៀតណាម នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​សាកសួរ​ផង​ដែរ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា នៅផ្ទះ​លេខ​១៩-២០ ស្ថិត​ក្នុង​បុរី​ចំការ​ដូង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ មន្ត្រី​នគរបាល​ខាងលើ​បានឱ្យ​ដឹង​ថា ទំនិញ​ដែល​ត្រូវ​បាន​ចុះ​បង្ក្រាប​នា​ពេល​នោះ មាន​ជា​ច្រើន​ប្រភេទ ដែល​មាន​ទម្ងន់​រាប់រយ​គីឡូក្រាម និង​បាន​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​មិន​មានការ​បំបាត់​ទេ​នោះ ។

ទំនិញ​ទាំងនោះ ត្រូវ​បាន​គេ​ស្តុក​ទុក​សម្រាប់​ចែកចាយ​ទៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​មាន​ទាំង​ទំនិញ​ក្លែងក្លាយ និង​ផុត​កាលបរិច្ឆេទ​កំណត់​ក្នុង​ការ​ប្រើប្រាស់ ។ ចំពោះ​ទំនិញ​ដែល​បាន​ដកហូត​មាន កាហ្វេ​ម៉ាក Vina Cafe ចំនួន​៣៨៨ កេស ស្មើនឹង​៤.១៥១​គីឡូក្រាម​ហួស​រយៈពេល​ប្រើប្រាស់ ។  តែ ម៉ាក​Coolea ចំនួន​៧០​កេស ស្មើនឹង​៥៦០​គីឡូក្រាម​។ មេស្រា​ចំនួន​៤០​ដប ម៉ាស៊ីន​វេច​ខ្ចប់​ចំនួន​២​គ្រឿង និង​ម៉ាស៊ីន​ចំហុយ​ស្រា​១​គ្រឿង ហើយ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។

ដោយឡែក វត្ថុ​តាង​ក្រៅពី​នេះ​សម្រេច​ចាក់សោ​ប្លុ​ម​បេ​ទុក​នៅ​ក្នុង​ទីតាំង​ខាងលើ ព្រមទាំង​ឃាត់ខ្លួន​មិត្តភក្ដិ​ម្ចាស់​ទីតាំង​ជា​ជនជាតិ​វៀតណាម​ម្នាក់ យក​ទៅ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕