ជនសង្ស័យ២នាក់ ជិះម៉ូតូដេញ​កាប់ និងបាញ់ទៅលើ ជនរងគ្រោះ ២នាក់ទៀត បណ្តាលឲ្យរង របួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូដេញកាប់ និងបាញ់មួយគ្រាប់ ទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យត្រូវចំ ស្មា​ជនរងគ្រោះម្នាក់ រងរបួសធ្ងន់ ​ដែលកំពុងជិះម៉ូតូឌុបគ្នាទៅហូបបង្អែម ខណៈនោះកម្លាំងសមត្ថកិច្ច បានដេញតាមពីក្រោយ ហើយជនសង្ស័យទាំងពីរនាក់ ក៏បានបាញ់មួយគ្រាប់ ដើម្បីរំដោះខ្លួន​ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ កំពុងជិះម៉ូតូទៅហូបបង្អែម ស្រាប់តែលេខមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ មកកាប់ត្រូវជនរងគ្រោះម្នាក់ចំស្មា បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះ កម្លាំងប្រជាការពារ បានទាក់ទងទៅសមត្ថកិច្ច រួចហើយកម្លាំងសមត្ថកិច្ច​ បានដេញតាមពីក្រោយ ជនសង្ស័យទាំង២នាក់ ក៏បាញ់មួយគ្រាប់ ដើម្បីគំរាមទៅដល់ សមត្ថកិច្ច ធ្វើឲ្យកម្លាំងសមត្ថកិច្ច ដកថយទៅវិញ ពីព្រោះខ្លាចចំគ្រាប់កាំភ្លើង ហើយសមត្ថកិច្ច​ ក៏បានហៅកម្លាំងបន្ថែម ដើម្បីដេញតាមបង្ក្រាប រហូតរកឃើញម៉ូតូមួយគ្រឿង ដែលជនសង្ស័យទាំងពីរនាក់ ទុកចោល។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចបានសួរនាំជនរងគ្រោះ ដើម្បីរកមូលហេតុពិត ហើយពួកគេបានឆ្លើយថា មិនដែលស្គាល់ ជនសង្ស័យនោះទេ ដូច្នេះមិនដឹងពីមូលហេតុ ដែលនាំឲ្យជនសង្ស័យទាំងពីរនាក់នេះ កាប់ប្រហារមកលើរូបខ្លួន ដោយសាររឿងអ្វីដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត